Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម​ពីរ​ថ្ងៃ អគ្គនាយកដ្ឋាន​កាំកុងត្រូល រកឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​លួច​បន្លំ​បរិមាណ ៤​ទីតាំង រួម​ជាមួយ​ទំនិញ​ផ្ទុក​សារធាតុ​គីមី និង​ហួស​កាល​ប្រើប្រាស់​មួយចំនួនធំ​

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃ​ទី​២៤​ខែ​មករា​ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​ឃ្លាំ​ពិនិត្យ​ទីផ្សារ និង​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ទូទាំង​ប្រទេស ចាប់​ថ្ងៃទី​២២ ដល់ ២៣ ខែ​មករា ឆ្នាំ​២០១៩ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​រកឃើញ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ ៤​ទីតាំង នៅ​ខណ្ឌ​ខណ្ឌ​ឫស្សីកែវ មាន​ការលួចបន្លំ​បរិមាណ និង​គុណភាព ដូចជា​៖ ដេប៉ូ TELA ឈុន ស៊ុនហ៊ួរ​, ដេប៉ូ TELA ប៊ុត ពុទ្ធា​, ដេប៉ូ TELA ទួល​សង្កែ និង​ដេប៉ូ TELA ស្ថិតនៅ​ផ្លូវ​លេខ​៩៩ សង្កាត់​ទួល​សង្កែ​។​

​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ឱ្យ​ម្ចាស់​ដេប៉ូ​ប្រេង​ខាងលើ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាពមិន​អនុលោម​ទាំងឡាយ ហើយ​បញ្ឈប់​សកម្មភាព នូវ​ការ​ក្លែងបន្លំ​នេះ​តទៅទៀត​។ ក្នុង​ករណី​មិន​រាងចាល មន្ត្រី​ជំនាញ​នឹង​ស្នើ​ក្រសួង​ពាណិជ្ជកម្ម ដកហូត​អាជ្ញា​បណ្ណ​អាជីវកម្ម និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​នៅ​ក្នុង​ប្រតិបត្តិការ​នេះដែរ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​, ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ បាន​ចុះ​ទៅ​កាន់​ផ្សារ​គោលដៅ ក្នុង​ខេត្ត​របស់​ខ្លួន ហើយ​បាន​រកឃើញ​ងៀត​បបែល មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ាក់ (Borax) ២​គីឡូ​ក្រោម រួម​ជាមួយ​ទំនិញ​ហួស​កាល​ប្រើប្រាស់ មានដូចជា ប័រ​កំប៉ុង ៨០​ក្រាម​, ត្រីខ ១៧០​ក្រាម​, ទឹកដោះគោឆៅ ៧៤០​ក្រាម​, ទឹក​ផ្លែឈើ ០,៤​លីត្រ​, ខ្ទិះដូង​កំប៉ុង ១៦៥​មី​លី​លីត្រ​, ទឹកឃ្មុំ​ដប ៨,១​លីត្រ​, ទឹកក្រូច ៥​លីត្រ​។ មន្ត្រី​ជំនាញ បាន​ធ្វើ​ការដកហូត និង​កំទេច​ចោល​ភ្លាមៗ​ផងដែរ​។​

​ទន្ទឹមគ្នានេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​រកឃើញ​សិប្បកម្ម​ផលិត​ស្ករត្នោត​ក្លែងក្លាយ ១​កន្លែង ស្ថិតនៅ​ភូមិ​ចាន់​គិរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​កែច្នៃ​ចេញពី​ស្ករស ជាមួយ​សារធាតុ​ផ្សេងៗ​។ មន្ត្រី​ជំនាញ បានស្នើ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ធ្វើការ​ផ្អាក​សិប្បកម្ម​នោះ បណ្តោះអាសន្ន រួច​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ម្ចាស់​សិប្បកម្ម​ទៅ​តុលាការ​៕ ដោយ ​៖ ​រចនា​

 

spot_img
×