Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឃុំខ្លួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​សិទ្ធិ​ការងារ​នៃ​សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ ដាក់ពន្ធនាគារ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា មន្ត្រី​សិទ្ធិ​ការងារ នៃ​សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ (C.CAWDU) ត្រូវបាន​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ចេញ​ដីកា​ឃុំខ្លួន ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃ​ពុធ ទី ២៣ ខែ​មករា​ម្សិលមិញ​នេះ ដោយ​ចោទ​ពីបទ​រារាំង​សកម្មភាព​ការងារ របស់​អាជ្ញាធរ និង​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ហាមឃាត់ សម្រាប់​ប្រភព​ទឹកស្អាត​ក្បាល​ឆាយ​។​

ការឃុំខ្លួន​នេះ ក្រុម​អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម ចាត់ទុកថា​ជា​រឿង​អ​យុត្តិធ៌ម និង​គួរ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាជាង​យក​ប្រព័ន្ធតុលាការ ដើម្បី​គំរាមកំហែង​ពលរដ្ឋ មិន​ឲ្យ​តវ៉ា​លើ​វិវាទ​ដីធ្លី ដែល​បាន​កំរើក​ជា ថ្មី​ទៀត​ខេត្ត​ព្រះសីហនុ ស្រប​ពេល​តម្លៃ​ដី​កើន​ខ្ពស់​។

អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធា​រី មានប្រសាសន៍ថា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ គឺ​លោក ហួត វិចិត្រ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា មន្ត្រី​សិទ្ធិ​ការងារ នៃ​សម្ព័ន្ធ​សហជីព ស៊ី​ខៅ​ឌូ (C.CAWDU) ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន តាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ មាត្រា ៦០ និង​មាត្រា ៦១​។

អ្នកស្រី សុធា​រី ដែល​តាម​ឃ្លាំមើល​សវនាកា​រ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​ពុធ ទី​២៣ ខែ​មករា​ម្សិលមិញ​នេះ ថ្លែង​ចាត់ទុក ការសម្រេច​ឃុំខ្លួន​លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា ក្នុង​សំណុំរឿង​ព្រហ​ទណ្ឌ​លេខ​៩៦ ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ ដែល​មាន​លោក​ជា​ព្រះរាជអាជ្ញា ហ៊ួត វិចិត្រ ជា​អ្នក​កាន់​សំណុំរឿង​នេះ និង​លោក ឃួន ចន្ថា ជា​ចៅក្រម​ស៊ើបសួរ ថា​មិនគួរ​ឈាន​ដល់​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​នោះ​ទេ​។

អ្នកស្រី ជាប សុធា​រី ៖« ឥឡូវនេះ លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​វេលា​ម៉ោង​ប្រមាណ ៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា​នេះ ។ ព្រះរាជអាជ្ញា​ធរ​បាន​ចោទប្រកាន់​លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា ទៅតាម​ច្បាប់​ស្តីពី​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មាត្រា ៦០ ចំណុច ទី​៩ និង​មាត្រា ៦១ ចំណុច​ទី​៧ ហើយ​កំរិត​នៃ​ការផ្តន្ទាទោស​គឺ​កំរិត​ថ្នាក់​ទី​៣ » ។

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៩ នៅ​ចំណុច​តំបន់​ក្បាលឆាយ ដែល​អាជ្ញាធរ អះអាងថា ជា​បរិវេណ​ដី​សម្រាប់​អភិរក្ស​ការពារ​ទុក​ជា​ប្រភព​ទឹកស្អាត ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​នៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

ក្រោយ​ចាប់ខ្លួន​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​កសាង​សំណុំរឿង បញ្ជូន​អ្នក​ទាំង​ពីរ​នាក់ ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ ខែ​មករា ហើយ​ត្រូវបាន​ព្រះរាជអាជ្ញា​សម្រេច​ចេញ​ដីកា​ឃុំខ្លួន ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។

មុន​ពេល​បញ្ជូន​ទៅកាន់​ពន្ធនាគារ លោក ឆាយ រ័ត្ន ថ្លែង​ចាត់ទុក​សមត្ថកិច្ច ចាប់ខ្លួន​លោក ដោយ​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ ថា​ជា​រឿង​អយុត្តិធម៌​បំផុត ដោយ​លោក​អះអាងថា មិន​បាន​ជាប់​ពាក់ព័ន្ធ​ការតវ៉ា របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្បាលឆាយ​នោះទេ​។​

លោក ឆាយ រ័ត្ន ជា​អតីត​ចៅសង្កាត់រង​ទី​២ មកពី​គណបក្ស​ប្រឆាំង កាលពី​អំឡុង​ឆ្នាំ​២០១២ ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ម្ដង​រួចមកហើយ ដោយ​កាលណោះ​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចោទប្រកាន់ថា​បាន​ទន្ទ្រាន​កាន់កាប់​ដី​អនុក្រឹត្យ​រដ្ឋ​ហាមឃាត់​នៅ​តំបន់​ក្បាលឆាយ​នេះដែរ​។​

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​ការសោកស្តាយ ដែល​ព្រះរាជអាជ្ញា​ធរ​សាលាដំបូង ខេត្ត​ព្រះសីហនុ សម្រេច​ឃុំខ្លួន លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា ដាក់​ពន្ធនាគារ​នៅ​លើ​សំណុំរឿង​នេះ​ទេ​។ អ្នកស្រី​យល់ថា អ្នក​ទាំង​ពីរ មិន​មាន​ជាប់ ពាក់ព័ន្ធ ការចូល​ទៅ​កាន់​ទន្ទ្រាន​ដីព្រៃ ឬ​ដី​បម្រុង​ទុក​សម្រាប់​ប្រភព​ទឹកស្អាត នៅ​តំបន់​ក្បាលឆាយ​នោះទេ​។​

​អ្នកស្រី ជាប សុធា​រី​៖ «​ពាក់ព័ន្ធ​ករណី​នេះ យើង​ឃើញថា វា​ហាក់ដូចជា​អ​យុត្តិធ៌ម​សម្រាប់​ពួកគាត់​ដែរ ព្រោះ​បើ​និយាយ​ពី​ការចោទប្រកាន់​តាម​មាត្រា ៦១ ចំណុច​ទី​៧ ស្តី​ពី​ការរារាំង​ក្នុង​ការអនុវត្ត​ការងារ របស់​សមត្ថកិច្ច​នោះ គឺ​តាម​ការសាកសួរ ហើយ​និង​ការឆ្លើយបំភ្លឺ របស់​សាក្សី នៅ​ជុំវិញ​ទី​កន្លែង​កើតហេតុ​ហ្នឹង គឺ​មនុស្ស​ទាំង​ពីរ​នាក់​ហ្នឹង​មិនបាន​ធ្វើ​ការរារាំង ដល់​ការអនុវត្ត​តួនាទី និង​សមត្ថកិច្ច របស់​មន្ត្រី​ជំនាញ​ទាំងអស់​ហ្នឹង​ទេ​។ ពួកគាត់​គ្រាន់តែ​ចូល​ទៅ​តំបន់​នោះ ក្នុង​គោលបំណង​ហៅ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង ឲ្យ​ចាកចេញ​ពី​ទី​កន្លែង​មាន​បញ្ហា​នោះ​តែប៉ុណ្ណោះ​។ ហើយ​ចំពោះ​លោក​ឆាយ រ័ត្ន វិញ ក៏​មិន​មាន​គោលបំណង​អ្វី​ទៅ​រារាំង កម្លាំង​សមត្ថកិច្ច​អ្វី​ដែរ ដោយ​គាត់​គ្រាន់​តែ​ពេល​ឃើញ អាជ្ញាធរ​ឃាត់ខ្លួន លោក ទេព សុ​ផា ហ្នឹង គឺ​ទៅ​ក្នុង​គោលបំណង​ទៅ​សាកសួរ ប៉ុន្តែ​នៅពេល លោក ទៅដល់ ក៏​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួ​ន​គាត់​ដែរ »​។

មន្ត្រី​ឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម​បានឲ្យដឹងថា ទីតាំង​ដី​មានទំនាស់​ឈានដល់​អាជ្ញាធរ​ចាប់ខ្លួន​លោក ឆាយ រ័ត្ន និង​លោក ទេព សុ​ផា​ខាងលើនេះ ឃើញ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ បាន​ចូល​ទៅ​តាំង​ទីលំនៅ​ក្នុង​តំបន់​នោះ​ជា​ច្រើន​ឆ្នាំ​មកហើយ គឺ​មិនមែន​ទើប​មក​កាប់​រាន​ថ្មីៗ​នេះ​ទេ​។

យ៉ាងនេះក្តី ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា​តំបន់​ដែល​មាន​ការចាប់ខ្លួន​មនុស្ស​ទាំង​២​នាក់​នេះ គឺជា​តំបន់​ដី​អនុក្រឹត្យ ដែល​រដ្ឋ​បាន​ហាមឃាត់ និង​អភិរក្ស ទុក​សម្រាប់​ប្រភព​ទឹកស្អាត​មាន​ទំហំ​ជាង ៩​ហិកតា ស្ថិតនៅ​ក្រុម​ទី​១៨ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​ត្រូវ​ការការពារ​ឲ្យបាន​គង់វង្ស​៕ ដោយ​៖ ដែន សីមា​

 

spot_img
×