Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​ប្រតិភូ​ធុរជន​អាមេរិក វិនិយោគ​លើ​ការកែច្នៃ​កសិផល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​

spot_img

​ភ្នំពេញ ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​សក្តានុពល​វិនិយោគ​កម្ពុជា និង​ជំរុញ​ប្រតិភូ​ធុរជន មកពី​តំបន់​កំពង់ផែ​ឡូ​ស​អែន​ជឺ​លេស សហរដ្ឋអាមេរិក ធ្វើការ​វិនិយោគ​កែច្នៃ និង​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​កសិផល​ខ្មែរ ទៅជា​ផលិតផល​ម្ហូបអាហារ និង​ទំនិញប្រើប្រាស់​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​ធុរជន​អាមេរិក ដឹកនាំ​ដោយ លោក ណ័​រ​មេន អា​រី​កា​វ៉ា (Norman Arikawa) ជំនួយការ​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​កំពង់ផែ​ឡូ​ស​អែន​ជឺ​លេស ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែមករា ឆ្នាំ​២០១៩​នេះ លោក ប៉ាន សូរ​ស័ក្តិ បាន​ពន្យល់​ពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម និង​កម្មន្តសាល ដែល​វិនិយោគិន​បរទេស អាច​ទាញយក​ប្រាក់ចំណេញ​ខ្ពស់ ពី​ការកែច្នៃ​វត្ថុធាតុដើម ទៅជា​ទំនិញប្រើប្រាស់ និង​នាំចេញ​ទៅកាន់​ប្រទេស​ទី​បី​។​

“​កម្ពុជា សម្បូរ​ទៅដោយ​ភោគផល​ជាច្រើន​ដូចជា ស្រូវ និង​ដំឡូង​មី ប៉ុន្តែ​យើង​ត្រូវការ​វិនិយោគិន ជួយ​កែច្នៃ​កសិផល​ទាំងនេះ ទៅជា​ទំនិញប្រើប្រាស់ និង​ផលិតផល​សម្រេច ហើយ​លោកអ្នក​ក៏​អាច​ដាក់ទុន​ផលិត​សម្លៀកបំពាក់ និង​កាបូប​ដាក់​សម្ភារៈ​ធ្វើដំណើរ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​សហ​រដ្ឋ​អាមេរិក​ផងដែរ​” លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​។​

​នៅក្នុង​ឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ទាក់ទាញ​វិនិយោគិន តាមរយៈ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​, ការដាក់ចេញ​នូវ​គោលនយោបាយ​វិនិយោគ និង​បើកចំហរ​ល្អ​ជាងគេ​នៅក្នុង​តំបន់ រួមជាមួយ​ការបន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជា​ព្រលាន​យន្តហោះ កំពង់ផែ​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ដើម្បី​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​លើកកម្ពស់​វិស័យ​ទេសចរណ៍ ជាដើម​ ។​

​ជាការ​ឆ្លើយតប លោក ណ័​រ​មេន អា​រី​កា​វ៉ា បាន​សម្តែង​ក្តីរំភើប​ចំពោះ​វឌ្ឍនភាព និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា និង​បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ដែល​បាន​ពន្យល់​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល និង​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗ ទាក់ទិន​នឹង​ឱកាស​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ប្រធាន​ប្រតិភូ​រូបនេះ ក៏បាន​សន្យា​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា ទៅកាន់​តំបន់​កំពង់ផែ​ឡូ​ស​អែន​ជឺ​លេស ដើម្បី​កៀងគរ​ធុរជន​អាមេរិក ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕ ​ដោយ ​៖ ​រចនា​

spot_img
×