Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ប្តេជ្ញា​កាត់ផ្តាច់​ប្រភព​ចំណូល​របស់វេ​ណេ​ហ្ស៊ុយ​អេ​ឡា ក្រោយ​មេដឹកនាំ​ប្រទេស​នេះ បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​អា​មេ​រិច​

spot_img

​រដ្ឋបាល​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កំពុង​ព្យាយាម​កាត់ផ្តាច់​ប្រភព​ចំណូល របស់​មេដឹកនាំ​ប្រទេស​វេ​ណេ​ហ្ស៊ុយ​អេ​ឡា លោក Nicolás Maduro​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អា​មេ​រិច John Bolton​។​

​ការប្រកាស​ពី​ការប្តេជ្ញាចិត្ត​របស់​អា​មេ​រិច​នេះ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី Nicolás Maduro បាន​ប្រកាស​ពី​ការ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​អា​មេ​រិច និង​ទុក​រយៈពេល​ចំនួន ៧២​ម៉ោង ដល់​បុគ្គលិក​ទូត​អា​មេ​រិច ដើម្បី​ចាកចេញ​ពី​ប្រទេស​។​

​លោក Nicolás Maduro សម្តែង​ការ​ខឹងសម្បារ​រហូត​ដល់​ថ្នាក់​ប្រកាស់​ផ្តាច់ទំនាក់ទំនង​ការទូត​​ជាមួយ​អា​មេ​រិច​តែម្តង ក្រោយពេល ប្រធានាធិបតី​អា​មេ​រិច បាន​ប្រកាស​ទទួលស្គាល់ មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ុយ​អេ​ឡា Juan Guaidó ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​មន្ត្រី​ជាច្រើន​មក​ពី​រដ្ឋបាល​របស់​លោក ត្រាំ បាន​បន្ត​ព្យាយាម​ដាក់​សម្ពាធ​លើ លោក Nicolás Maduro ខណៈ​សហគមន៍​អន្តរជាតិ​នៅ​តែ​មាន​មតិ​ខ្វែងគ្នា​ជុំវិញ​ការគាំទ្រ​លើ​រូបលោក​។​

​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិច មានដូចជា ប្រេ​ស៊ីល កូឡុំប៊ី និង​ប៉េ​រូ​ជាដើម ក៏​បាន​ប្រកាស​គាំទ្រ លោក Juan Guaidó ជា​ប្រធានាធិបតី​ស្របច្បាប់​របស់​ប្រទេស​វេនេ​ហ្ស៊ុយអេ​ឡា ផងដែរ​។​

​ប្រទេស​រុស្សី បាន​ថ្កោលទោស​ចំពោះ​ប្រទេស​មហាអំណាច​ដែល​បាន​គាំទ្រ​លោក Juan Guaidó ដោយ​រុស្សី​បញ្ជាក់ថា វា​គឺជា​ការ​ល្មើស​ទៅ​នឹង​ច្បាប់​អន្តរជាតិ និង​ជា​ផ្លូវ​ទៅ​កាន់ការ​បង្ហូរឈាម​។​

​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo ឥឡូវនេះ​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​​សហប្រជាជាតិ​ឲ្យ​កោះ​ប្រជុំ​នៅ​ថ្ងៃ​សៅរ៍​ជុំវិញ​បញ្ហា​នោះ​។​

​សូមបញ្ជាក់​ថា វេ​ណេ​ហ្ស៊ុយ​អេ​ឡា​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Nocolas Maduro បណ្តាល​ប្រទេស​មាន​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ​​យ៉ាងខ្លាំង​។ បញ្ហា​អតិផរណា ការខ្វះ​អគ្គិសនី​ប្រើប្រាស់ និង​កង្វះ​គ្រឿង​មូលដ្ឋាន​នៅក្នុង​ប្រទេស បាន​ធ្វើឲ្យ​ប្រជាជន​វេនេ​ហ្ស៊ុយ​អេឡា​រាប់លាននាក់ បាន​រត់​ចោល​ប្រទេស​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×