Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ប្រាប់​ក្រុមហ៊ុន កូកា​-​កូ​ឡា រង់ចាំ​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល ដើម្បី​ទប់ស្កាត់​ផលិតផល​ខុសច្បាប់​នៅលើ​ទីផ្សារ​

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កែទម្រង់​យ៉ាងសំខាន់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ សំដៅ​ការពារ​អត្ថប្រយោជន៍ ជូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ដូច្នេះ​សូម​រង់ចាំ​សហការ​ជាមួយ​គ្នា លើ​កិច្ចការ​បង្ក្រាប​ផលិតផល​ខុសច្បាប់ នៅ​តាម​ហាង​លក់ទំនិញ និង​ទីផ្សារ នេះ​បើ​តាម​ការបញ្ជាក់​របស់ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ថ្លែង​ទៅ​កាន់​លោក David Wigglesworth នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូកា​-​កូ​ឡា​) លី​មី​ធី​ត​។​

​នៅក្នុង​ជំនួប​ដែល​រៀបចំឡើង នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប លោក David Wigglesworth អំពី​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ដើម្បី​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន និង​ទាក់ទាញ​វិនិយោគិន សំដៅ​ពង្រឹង​ឯករាជ្យភាព និង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុងការ​ចងក្រង​លិខិត​បទដ្ឋាន​គតិយុត្ត​សំខាន់ៗ​ដូចជា ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តីពី​ការប្រកួតប្រជែង ដែល​នៅ​ពេល​អនុម័ត នឹង​ជួយ​ពង្រឹង​តួនាទី និង​ដែន​សមត្ថកិច្ច របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុង​ការទប់ស្កាត់​ទំនិញ​ខូច​គុណភាព និង​ខុសច្បាប់ ព្រមទាំង​សកម្មភាព​ធុរកិច្ច​មិន​ស្មោះត្រង់ នៅក្នុង​ប្រទេស​កម្ពុជា​។​

​លើសពីនោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏​បាន​សម្តែង​ការគាំទ្រ ចំពោះ​គម្រោង​របស់​ក្រុមហ៊ុន ក្នុង​ការផលិត​ភេសជ្ជៈ​កូកា​-​កូ​ឡា សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍ នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​កាស៊ីណូ ព្រមទាំង​ការចូលរួម​ទប់ស្កាត់ សកម្មភាព​ឃោសនា​ពាណិជ្ជកម្ម ដែល​មាន​លក្ខណៈ​បោក​បញ្ឆោត អ្នកប្រើប្រាស់ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្មវិធី​បណ្តាញ​សង្គម​នានា​។​

​ជា​ការឆ្លើយតប លោក David Wigglesworth បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ អំពី​វឌ្ឍនភាព​ធុរកិច្ច របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូកា​-​កូ​ឡា​) លី​មី​ធី​ត ដែល​កាលពី​ឆ្នាំ​២០១៨ ប្រាក់​ចំណេញ​ពី​ការលក់​សរុប របស់​ក្រុមហ៊ុន បាន​កើនឡើង ១២​ភាគរយ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី ដែល​កន្លងមក តែងតែ​គាំទ្រ​ផលិតផល​កូកា​-​កូ​ឡា និង​ប្រតិបត្តិការ​ធុរកិច្ច របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា លី​មី​ធី​ត​។​

​លោក David Wigglesworth ក៏​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី អំពី​កម្មវិធី​សង្គហ​ធម៌ (​ការជួយ​សង្គម​) របស់​ក្រុមហ៊ុន និង​បាន​សន្យា​ផ្តល់​នូវ​ប៉ម​ទឹកស្អាត​មួយ ដែល​មាន​សមត្ថភាព​ចម្រោះ​ទឹកស្អាត​ចំនួន ១.០០០​លីត្រ ក្នុង​មួយ​ថ្ងៃ អាច​ជួយ​បង្ការ​ជំងឺ​របស់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍ ជូន​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ប្រើប្រាស់​ទៅតាម​តម្រូវការ​ចាំបាច់​៕ ​ដោយ ​៖ ​រចនា​

 

spot_img
×