Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ​នៃ​កម្ពុជា​ ៖​ កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​កើន​ឡើងដល់ ៧,៣​ភាគរយ គួបផ្សំ​នឹង​បរិយាកាស អំណោយផល នៃ​សេដ្ឋកិច្ចពិភពលោក និង​តំបន់​

spot_img

​ភ្នំពេញ ​៖ ​លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាស​ឲ្យ​ដឹង​ពី កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​កើន​ឡើងដល់ ៧,៣​ភាគរយ ដែលជា​កម្រិត​ខ្ពស់ ធៀប​នឹង​រយៈពេល ៤​ឆ្នាំ​កន្លងទៅ និង​កម្រិត​មធ្យម នៃ​កំណើនសេដ្ឋកិច្ច កំពុង​ងើបឡើង និង​កំពុងអភិវឌ្ឍន៍ ដោយសារ​ការអនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​កំណើន​ដ៏​ត្រឹមត្រូវ គួបផ្សំ​នឹង​បរិយាកាស អំណោយផល នៃ​សេដ្ឋកិច្ចពិភពលោក​និង​តំបន់​។​

​នៅ​ថ្ងៃ​សុក្រ ទី​២៥ និង​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ធនាគារជាតិ​នៃ​កម្ពុជា បានរៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ចតុមុខ​។ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា សន្និបាត​នេះ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​អបអរសាទរ និង​ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ អំពី​លទ្ធផល​ការងារ ដែល​ធនាគារជាតិ​នៃ​កម្ពុជា សម្រេចបាន​ក្នុង​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ចម្បងៗ សម្រាប់​ឆ្នាំ​២០១៩ សំដៅ​ឈានទៅ​បន្ត សម្រេច​ឱ្យបាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត សម្រាប់​ប្រព័ន្ធ​ធនាគារ ក៏ដូចជា សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​។ ទន្ទឹមនេះ សន្និបាត​នេះ ក៏ត្រូវ​បានរៀបចំ​ឡើង ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ប្រតិបត្តិការ​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ផងដែរ​។​

​លោក​ទេសាភិបាល បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​រក្សាបាន​ស្ថិរភាព អត្រា​ប្តូរប្រាក់​ល្អប្រសើរ ធៀប​នឹង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដែល​បាន​ប្រឈម​នឹង​ការធ្លាក់ ថ្លៃធៀប​នឹង​ដុល្លារ​អាមេរិក​។ ស្ថិរភាព​អត្រា​ប្តូរប្រាក់​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ ទទួលស្គាល់ថា ជា​កត្តា​ចម្បង​មួយ ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​លើ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ​។​

​ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ត​អនុវត្ត​វិធានការ​លើកកម្ពស់ ការប្រើប្រាស់​ប្រាក់រៀល ផ្អែកលើ​យន្តការ​ទីផ្សារ និង​ស្ថានភាព​ជាក់ស្តែង ដូចជា ការលើកកម្ពស់​ការយ​ល់​ដឹង ពី​សារសំខាន់​ប្រាក់រៀល​, ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស FAST ដែលមាន​ភាព​អំណោយផល​ដល់​ការទូទាត់​ជា​ប្រាក់រៀល​, ការផ្តល់​សន្ទនីយ​ភាពជា​ប្រាក់រៀល​តាម​ប្រតិ​ប​តិ្ត​ការ LPCO ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ការ​តម្រូវឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​មាន​សមាមាត្រ​ឥណទាន​ជា​ប្រាក់រៀល យ៉ាងហោចណាស់ ១០​ភាគរយ នៅត្រឹម​ឆ្នាំ​២០១៩ ជាដើម​។​

​លោក​បាន​បន្ថែមថា ក្នុង​រយៈពេល ២០ ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​វិស័យ​ធនាគារ បានធ្វើ​កំណែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ធនាគារ ក៏ត្រូវ​បានធ្វើ​ទំនើបកម្ម​ជា​លំដាប់​ផងដែរ​។ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ចូល ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ជំនឿ​ទុកចិត្ត​លើ​សេវា​ហិរញ្ញវត្ថុ​។​

​បច្ចុប្បន្ន ប្រតិបត្តិការ​ក្នុង​វិស័យ​ធនាគារ​ត្រូវបាន​ធ្វើឡើង​ស្រប​នឹង​បច្ចេកវិទ្យា​ទំនើប​និង​មាន​សមាហរណកម្ម​ទៅក្នុង​តំបន់ ដូចជា កំណើន​យ៉ាង​ឆាប់រហ័ស នៃ​ការប្រើប្រាស់​ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ ការទូទាត់​ដោយ​ផ្អែកលើ​ទូរស័ព្ទដៃ ជាដើម​។ ទោះយ៉ាងណា ធនាគារជាតិ​នៃ​កម្ពុជា ក៏​ថ្លឹងថ្លែង​ពី​សក្តានុពល និង​ការបង្ការ​ហានិភ័យ ដែល​អាច​កើតចេញពី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ ដូចជា​ចរាចរណ៍ និង​ការដោះដូរ Crypto currency ជាដើម ដែល​អាចមាន​ផលប៉ះពាល់ ដល់​វិស័យ​ធនាគារ និង​សេដ្ឋកិច្ច​។​

​ជាមួយនឹង​ការសម្រេច បានការ​រក្សា​ស្ថិរភាព​ថ្លៃ ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​បង្ក​បរិយាកាស ឱ្យ​វិស័យ​ធនាគារ មានការ​រីកចម្រើន ដោយ​ថ្លឹងថ្លែង ពី​ការពង្រីក​សេវា​ហិរញ្ញវត្ថុ (financial expansion) ការលើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ (financial inclusion) និង​ហានិភ័យ ចំពោះ​វិស័យ​ធនាគារ ដើម្បី​បន្ត​គាំទ្រ​ដល់​កំណើន ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន និង​ការកាត់បន្ថយ ភាពក្រីក្រ​នៅ​កម្ពុជា​។​

​ស្រប​នឹង​ការរីកចម្រើន​នៃ វិស័យ​ធនាគារ និង​ភាព​ប្រទាក់ក្រឡា ជាមួយនឹង​សេដ្ឋកិច្ចពិភពលោក និង​តំបន់ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា (​ស​.​ហ​.​ក​) បាន​បង្កើន​ប្រសិទ្ធភាព លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។​

​លោក អ៊ូ ចាន់​តារា​៖ ដើម្បី​ពង្រឹង​ប្រតិបត្តិការ​នៅតាម​បណ្ដា សាខា​ធនាគារជាតិ​នៃ​កម្ពុជា រាជធានី​-​ខេត្ត ឱ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ធនាគារជាតិ​នៃ​កម្ពុជា បានធ្វើ​បច្ចុប្បន្ន​កម្ម​និង​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សៀវភៅ​ក្រហម​ថ្មី ដើម្បីឱ្យ​ស្របទៅតាម​ប្រភេទ និង​ទំហំ​ប្រតិបត្តិការ​របស់​ធនាគា​រ​កណ្ដាល ព្រមទាំង​បានធ្វើការ​បណ្ដុះបណ្ដាល​លើ​សៀវភៅ​ក្រហម​ថ្មី និង​បាន​ចុះ​តាម​បណ្ដា​សាខា​ធនាគារជាតិ​នៃ​កម្ពុជា រាជធានី​-​ខេត្ត​។​

​លោកស្រី ស្រី ស៊ី​យុ​ត​៖ ការអនុវត្ត​ការងារ​សវនកម្ម និង​អធិការកិច្ច របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅពេល​បច្ចុប្បន្ននេះ ផ្តោត​ខ្លាំង​លើ​ការប្រតិបត្តិ​តាម និង​ការត្រួតពិនិត្យ​ផ្ទៃក្នុង ដែលជា​ស្នូល នៃ​ការគ្រប់គ្រង​ដ៏​រឹងមាំ នៅក្នុង​ការអនុវត្ត​ប្រតិបត្តិ​ការ​ធនាគារកណ្តាល​។ ការប្រតិបត្តិ​តាម គឺជា​មុខងារ​មួយ​ដ៏​សំខាន់ នៅក្នុង​ស្ថាប័ន ដើម្បី​ធានា​ទាំង​ពេលបច្ចុប្បន្ន​និង​ទៅ​អនាគត សកម្មភាព​នានា​របស់​អង្គភាព​ពាក់ព័ន្ធ ត្រូវបាន​អនុវត្ត​ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ គោលនយោបាយ និង​សេចក្តីណែនាំ​ជា​ធរមាន​។ មុខងារ​សវនកម្ម​ផ្ទៃក្នុង​ពាក់ព័ន្ធ​នឹង​ការប្រតិបត្តិ​តាម គឺ i/-​ដើ​ម្បី​ធានាថា សកម្មភាព​ការងារ​ទាំងអស់​ត្រូវបាន​អនុវត្តតាម​គោលការណ៍ និង​នីតិវិធី​ដែលមាន​ជា​ធរមាន និង ii/-​ដើម្បី​ពិនិត្យ​មើលថា​តើ​គោលការណ៍ និង​នីតិវិធី​ដែលមាន​ជា​ធរមាន មាន​លក្ខណ​:​សមស្រប និង​អាច​ការពារ​ហានិភ័យ​បាន​គ្រប់គ្រាន់​ឬទេ​។ ក្នុងករណី​ពិនិត្យ​ទៅ​ឃើញថា មិន​សមស្រប ឬ​មិន​គ្រប់គ្រាន់ សវនកម្ម​ផ្ទៃក្នុង​មាន​តួនាទី ផ្តល់​ជា​អនុសាសន៍ ដើម្បីឱ្យ​អង្គភាព​ពាក់ព័ន្ធ​ឬ​សវនដ្ឋាន ពិនិត្យ​ឬ​ធ្វើ​បច្ចុប្បន្ន​កម្ម​គោលការណ៍ និង​នីតិវិធី​ទាំងនោះ​ឡើងវិញ​។​

​លោក រ័ត្ន សុវណ្ណ​នរៈ ៖ ក្នុងនាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ចេញ​ផែនការ​សំខាន់ៗ​ចំនួន​៨​គឺ ១/- ការរៀបចំ​និង​ចេញផ្សាយ​ប្រកាស និង​បទ​ប្បញ្ញត្តិ​ថ្មីៗ ២/- វឌ្ឍនភាព នៃ​ការរៀបចំ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ នៅ​កម្ពុជា ៣/- ការត្រៀម​អនុវត្តន៍ តាម​ស្តង់ដារ​របាយការណ៍ ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ (CIFRS) របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ៤/-​វឌ្ឍនភាព​នៃ​គម្រោង អនុវត្ត​ការត្រួតពិនិត្យ​ផ្អែកលើ​ហានិភ័យ ៥/- ការអនុវត្ត​ប្រកាស​ស្តីពី​ឥណទាន​ជា​រូបិយវត្ថុ​ជាតិ ៦/- គម្រោង​ការបង្កើត​ប្រព័ន្ធ​ការពារ​ប្រាក់​បញ្ញើ​នៅ​កម្ពុជា ៧/- ការងារ​ជំរុញ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង ៨/- ការងារ​ដោះស្រាយ​បណ្តឹង​របស់​អតិថិជន​តាម Hotline​។​

​លោក មុំ ដា​រ៉េត​៖ ការផ្គត់ផ្គង់​ប្រាក់រៀល ទៅឱ្យ​សាខា​ធនាគារជាតិ នៃ​កម្ពុជា​រាជធានី​-​ខេត្ត បាន​កើនឡើង ២៩,៣​ភាគរយ រីឯ​ការដឹកជញ្ជូន​ប្រាក់រៀល ត្រឡប់មកវិញ ក៏បាន​កើនឡើង ២០,២​ភាគរយ ផងដែរ​។ អគ្គ​បេឡា បាន​ដកហូត​ក្រដាស​ប្រាក់រៀល ក្លែងក្លាយ​ចំនួន ៤.៧៥១​សន្លឹក ហើយ​ក្រដាសប្រាក់​ក្លែងក្លាយ ភាគច្រើន គឺ​ប្រភេទ​ក្រដាស ១០.០០០ រៀល​។​

​លោក ង៉ែត សុវណ្ណារិទ្ធ​៖ កាលពី​ថ្មីៗ​នេះ ដើម្បី​ជំរុញ​ប្រសិទ្ធភាព នៃ​ការងារ​ប្រឆាំង ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម (​ស​.​ប​.​ហ​.​ភ​) ឱ្យ​កាន់តែ​ប្រសើរឡើង អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា (​ស​.​ហ​.​ក​) បាន​ដើរតួនាទី​បន្ថែម​ពីលើ តួនាទី​ស្នូល​របស់ខ្លួន ដោយ​ធ្វើជា​អ្នក​ផ្តួចផ្តើម សម្របសម្រួល​ក្រុមការងារ​អន្តរក្រសួង សម្រេចបាន​សមិទ្ធផល​ធំៗ​ចំនួន​២​គឺ​៖ ១/- វាយតម្លៃ​ហានិភ័យ ថ្នាក់ជាតិ ស្តីពី​ការប្រឆាំង ស​.​ប​.​ហ​.​ភ លើក​ទី​១ និង​ដាក់ជូន​គណៈកម្មាធិការ​ស៊ើបការណ៍​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) អនុម័ត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ និង ២/- រៀបចំ​ឯកសារ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការប្រឆាំង ស​.​ប​.​ហ​.​ភ ឆ្នាំ​២០១៩-២០២៣ លើក​ទី​២ និង​បាន​ដាក់ជូន គ​.​ស​.​ហ អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨​។​

​លោក គីម​ទី កោ​ម​លី​៖ ការគ្រប់គ្រង​ទុនបម្រុង​វិនិយោគ គឺជា​ការងារ​ស្នូល​មួយ របស់​ធនាគារកណ្តាល​។ គោលនយោបាយ​វិនិយោគ និង​សេចក្តីណែនាំ​ការវិនិយោគ ត្រូវបាន​រៀបចំឡើង ដើម្បី​កំណត់​ជាគោលការណ៍ និង​ជា​មូលដ្ឋាន ក្នុងការ​គ្រប់គ្រង​ទុនបម្រុង​វិនិយោគ ដោយ​ត្រូវ​យកចិត្ត​ដាក់ និង​ចាត់ចែង​ការវិនិយោគ ទៅតាម​លំដាប់​អាទិភាព i/-​រក្សា​ដើមទុន ii/-​សន្ទនីយ​ភាព និង iii/- ចំណូល​។ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៨ ទុនបម្រុង​វិនិយោគ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​គ្រប់គ្រង បាន​កើនឡើង ១៤​ភាគរយ ធៀប​នឹង​ខែ​ដូចគ្នា​នៃ​ឆ្នាំ​២០១៧​។​

​លោក លី ប៊ុន​សោម​៖ នៅក្នុង​ឆ្នាំ​២០១៩​នេះ នាយកដ្ឋាន​គណនេយ្យ​ផ្ដោត ជាសំខាន់ លើ​ការងារ​អាទិភាព ដែល​ត្រូវ​អនុវត្តន៍​ចំពោះមុខ ដូចខាងក្រោម​៖ i/-​ការងារ​សវនកម្ម​ឯករាជ្យ ii/-​ការងារ​ធ្វើ​បច្ចុប្បន្ន​កម្ម លើ​សៀវភៅ​កម្រង​ឯកសារ​ណែនាំ ស្ដីពី​ប្រតិបត្តិការ​របស់​សាខា​ធនាគារជាតិ នៃ​កម្ពុជា រាជធានី​-​ខេត្ត ហៅ​កាត់​ថា សៀវភៅ​ក្រហម និង iii/-​ការងារ​ពិនិត្យ​កិច្ច​បញ្ជិកា​គណនេយ្យ នៅតាម​បណ្ដា​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​។​

​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨ អត្រា​នៃ​អ្នក​ដាក់​ប្រាក់​បញ្ញើ នៅតាម​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​ជាង​៦​លាន​នាក់​កើនឡើង​ចំនួន​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ ដោយឡែក​សម្រាប់​អ្នក​ខ្ចីប្រាក់ មានការ​កើនឡើង​ត្រឹមតែ​២,៨៥​លាន​នាក់ មាន​កំណើន​៣​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ជាមួយនឹង​ការកើនឡើង ឥតឈប់ឈរ​នេះ វិស័យ​ធនាគារ​ក៏បាន​ពង្រីក​សាខា និង​បណ្ដាញ​ប្រតិបត្តិការ ជា​បន្ដបន្ទាប់​ដោយ​ក្នុងនោះ​មាន​ចំនួន​២.១៦៤​កន្លែង​។ ចំណែកឯ​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​កើន​រហូតដល់​១.៨០៤​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា​ឲ្យ​ដឹងថា ធនាគារជាតិ​បាន​ប្រឹងប្រែង ធ្វើ​ឲ្យ​វិស័យ​ធនាគារ​មានការ​រីកចម្រើន ដោយ​ធនាគារជាតិ​បាន​លើ​កម្ពស់​បរិ​យា​ប័ន​ហិរញ្ញវត្ថុ និង​បង្ការ​ហា​នី​ភ័យ​លើ​វិស័យ​ធនាគារ ដើម្បី​បន្ដ​គាំទ្រ​កំណើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន ព្រមទាំង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ថែមទៀត​ផង​។​

​លោក​បន្ដថា លទ្ធផល​ទាំងនេះ​បាន​ស្ដែង​ពិសេស តាមរយៈ​កំណើន​នៃ​ប្រាក់​បញ្ញើ​ឥណទាន និង​ការទូទាត់​ក្នុង​ប្រព័ន្ធ​ធនាគារ​។ ទន្ទឹមនឹងនេះ​ធនាគារជាតិ​នៃ​កម្ពុជា បាន​បន្ដ​តម្លាភាព ការប្រកួតប្រជែង​ស្មើភាព ការការពារ​អតិថិជន ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​សេចក្ដីព្រាង​យុទ្ធសាស្ដ្រ​ជាតិ ស្ដីពី​បរិ​យា​ប័ន​ហិរញ្ញវត្ថុ​កម្ពុជា ដែល​សំដៅ​រួមចំណែក​ធានា​និរន្ដ​ភាព នៃ​កា​វិ​វត្ត​វិស័យ​ធនាគារ​។​

​លោក​បញ្ជាក់ថា គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ ត្រូវបាន​អនុញ្ញាត​ឲ្យ ប​ញ្ជូ​ល​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក្នុង​ប្រតិបត្តិការ​របស់ខ្លួន ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព និង​ជំនឿ​ទុកចិត្ត​លើ​សេវា​ហិរញ្ញវត្ថុ​។​

​អគ្គទេសាភិបាល​ឲ្យ​ដឹងថា ជាមួយគ្នានេះ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុជា មាន​លំ​នឹ​
​ង​ល្អប្រសើរ ដោយ​អត្រា​អតិផរណា​មាន​កម្រិត​ទាប អត្រា​ប្ដូរប្រាក់​មាន​ស្ថិរភាព​តាម​ការគ្រោងទុក ហើយ​ទុនបម្រុង​អន្ដរជាតិ​ក៏បាន​កើត​ឡើងជា​លំដាប់ និង​ស្ថិតក្នុង​កម្រិត​ខ្ពស់​ស្មើនឹង​៥​ខែ នៃ​ការ​នាំចូល​ទំនិញ និង​សេវា​នៅ​ឆ្នាំ​បន្ទាប់​។​

​លោក​បន្ដថា កំណើនសេដ្ឋកិច្ច​នេះ គាំទ្រ​ដោយ​ការបន្ត​ហូរ​ចូល នៃ​វិនិយោគ​ផ្ទាល់​បរទេស កំណើន​ខ្ពស់​នៃ​ការនាំចេញ និង​ភាពរឹងមាំ​នៃ​តម្រូវការ ក្នុងស្រុក​គួបផ្សំ​នឹង​ការអនុវត្ត គោលនយោបាយ​សមស្រប​របស់​រាជរដ្ឋាភិបាល ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជំរុញ​កំណើន​ព្រមទាំង​ភាពអំណោយ​ផល​នៃ បរិយាកាស​សេដ្ឋកិច្ចពិភពលោក និង​តំបន់​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×