Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាញ់ប្រហារ​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី បណ្ដាល​ឱ្យ​បុរស​ម្នាក់ រងរបួស​យ៉ាងធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញ ៖ អង្គការ LICADHO / លីកាដូ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ ពាក់ព័ន្ធ​នឹង​ការបាញ់ប្រហា​រ​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី ជាមួយ​អ្នកមាន​លុយ​មហាសាល មានអំណាច នៅ​ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ដោយ​គ្រាប់​កាំភ្លើង និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​។ អង្គការ LICADHO បាន​លើកឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ បាញ់​បណ្ដាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​មាន​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ​និង​យោធា ប្រមាណ​ជាង​១០០​នាក់ បាន​បើក​ការបាញ់ប្រហារ នៅ​ភូមិ​គគីរ ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ផ្តល់​ដី​ទំនាស់​នេះ ទៅឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៩​គ្រួសារ​។​

​អង្គការ​ដដែល បាន​បន្តថា នៅពេល​ដែល​កងកម្លាំង​ប្រដាប់អាវុធ ព្យាយាម​ចូល​ទៅ​កាន់​ដី​ទំនាស់ ក្នុង​ឃុំ​បិត​ត្រាំ​ង អ្នក​តវ៉ា​ដែល​មួយចំនួន​កាន់ដំបង បាន​ដុត​កង់ឡាន និង​គប់​ដុំ​ថ្ម ដើម្បី​រារាំង​កងកម្លាំង​ទាំងនោះ​។ កងកម្លាំង ដែល​រួម​ទាំង​ទាហាន​មក​ពី​ភូមិភាគ​ខេត្ត​ព្រះសីហនុ បាន​ដកថយ ហើយ​ប្រមូលផ្ដុំ​គ្នា​ម្តងទៀត រួច​ចូល​ទៅ​កាន់​ដី​ទំនាស់​ម្តងទៀត​។ លើក​នេះ កងកម្លាំង​ទាំង​នោះ បាន​បាញ់កាំភ្លើង​គ្រាប់​ពិត​ឡើង​លើ​មេឃ និង​ទៅ​កាន់​ក្រុមអ្នកតវ៉ា ដែល​បង្ហាញ​ពី​ការប្រើប្រាស់​កងកម្លាំង​ច្រើន​លើសលុប​។​

​យ៉ាងតិចណាស់ មាន​មនុស្ស​ម្នាក់ អាយុ ២៨ ឆ្នាំ ឈ្មោះ​លោក ពៅ សា​រ័ត្ន បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​។ គ្រាប់កាំភ្លើង បាន​បាញ់​ចូលទៅ​ក្នុង​ស្មា ពី​ផ្នែក​ខាងក្រោយ​ជាប់​នឹង​ឆ្អឹងខ្នង​។ សា​រ័ត្ន​ដែល​ជា​កម្មករសំណង់ ត្រូវបាន​ទុកចោល​មួយ​រយៈពេល​ទាំង​នៅ​ហូរ​ឈាម មុន​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ ភាព​ធ្ងន់ធ្ងរ​នៅ​មុខរបួស ធ្វើឲ្យ​គ្រូពេទ្យ​សម្រេចចិត្ត​បញ្ជូនលោក​ទៅកាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ជា​កន្លែង​ដែល​លោក​ត្រូវបាន​ដាក់​នៅក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ដើម្បី​រង់ចាំ​ការវះកាត់​។ យ៉ាង​តិចណាស់ មាន​ប្រជាពលរដ្ឋ​ចំនួន​៤​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក​ដោះលែង​វិញ​។

​ការតវ៉ា​កើតមានឡើង​ដោយសារ​សាលដីកា របស់​តុលាការ​កំពូល​ចុះ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​បាន​សម្រេច​ផ្តល់​ដី​ទំនាស់​ចំនួន ៧១ ហិកតា​ទៅ​ប្រជាពលរដ្ឋ​ចំនួន ៩ គ្រួសារ ដែល​តំណាង​ដោយ​ដើមបណ្តឹង​ឈ្មោះ ឆាយ ណារិន និង គង់ វណ្ណា​។​

​តំបន់​នៅ​ជុំវិញ​នោះ គឺជា​កម្ម​សិទ្ធ​របស់​ឧកញ៉ា ដែល​មាន​ឥទ្ធិពល​ខាង​នយោបាយ ដែល​ធ្វើឲ្យ​មាន​ភាពមិនច្បាស់លាស់ ថា​តើ​គ្រួសារ​ទាំងនោះ ជា​អ្នក​ទទួល​យក​ដី​នោះ​ពិតប្រាកដ​ឬ​យ៉ាងណា​។​

​តំបន់​នៅ​ក្នុងស្រុក​ព្រៃនប់ ក៏​ធ្លាប់​មាន​ប្រវត្តិ​ជម្លោះ​ហិង្សា ដែល​កើតឡើង​ដោយ​ការរំលោភ​យក​ដីធ្លី​ផងដែរ​។ នៅ​ឆ្នាំ ២០០៧ កងកម្លាំង​ចម្រុះ បាន​ដុត​ផ្ទះសំបែង និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ដោយ​បង្ខំ ចំនួន ១០៥ គ្រួសារ ពី​សហគមន៍​ស្ពាន​ឆេះ ។ នៅ​ឆ្នាំ​២០១៧​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ចំនួន ២៦​គ្រួសារ បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ ប្រមាណ ៥០០ ម៉ែត្រ ពី​ទីតាំង​ជម្លោះ​នា​ម្សិលមិញ​នេះ​។

​លោក​ឧកញ៉ា ស៊ីវ គង់​ទ្រី​វ ដែល​មាន​អំណាច និង​មាន​ទំនាក់ទំនង​ផលប្រយោជន៍ អាជីវកម្ម​ជា​ច្រើន​នៅ​កម្ពុជា និង​ភរិយា​របស់​លោក​ឈ្មោះ ហុង សួន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដីធ្លី​ទាំងពីរ​នេះ​។

​កាលពី​ខែ​មីនា​ឆ្នាំ​មុន ទាហាន​ជាច្រើន កី​បាន​បាញ់កាំភ្លើង​ទៅលើ​ក្រុមអ្នកតវ៉ា នៅក្នុង​ចំការកៅស៊ូ​ខេត្តក្រចេះ​ផងដែរ ដែល​ជា​ការ​ប្រើ​ប្រាស់​​ហិង្សា​ច្រើន​លើសលុប​របស់​កងកម្លាំង​កម្ពុជា​៕ ​ដោយ​ ៖ ​រចនា​

 

spot_img
×