Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​ការពារ​សកម្មភាព​ដុត និង​ប្រើ​គ្រឿងចក្រ​ឈូស​ផ្ទះ​ឬ​ខ្ទម​តូចៗ របស់​ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​រងគ្រោះ​លើ​វិវាទ​ដីធ្លី ដែល​កើត​មាននៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ បាន​អះអាងថា ជម្លោះ​នេះ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ ដោយមាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា ដើម្បី​ទាមទារ​សិទ្ធិ​រស់នៅ​កាប់​រាន​ព្រៃ និង​ធ្លាប់​សង់ផ្ទះ​រស់នៅ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

​ផ្តើម​ពី​បញ្ហា​នេះ ទាំង​ក្រុម​អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​មួយចំនួន ដែល​ផ្ទះសម្បែង និង​ខ្ទម​តូចៗ របស់​ពួកគាត់​ត្រូវ​កម្លាំងចម្រុះ ចុះ​អនុវត្ត​សាលក្រម​តុលាការ​កំពូល ជូន​ភាគី​ម្ចាស់​ទៀត ដោយបាន​ប្រើ​គ្រៀង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​ពួកគាត់​ចោល​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០១៩ នៅ​បន្ត​ស្វែងរក​យុ​ត្តិ​ធ៌​ម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ជួយ​អន្តរាគមន៍​រក​យុ​ត្តិ​ធ៌​ម​ជូន​ពួកគាត់ ឲ្យ​មាន​ដី​សង់​លំនៅឋាន​ឡើងវិញ​។​

​យ៉ាងនេះ​ក្តី កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែមករា លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់សិប​នាក់ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ចុះទៅ​កាន់​តំបន់​មាន​ជម្លោះដីធ្លី កាលពី​ថ្ងៃទី​២៤ ខែមករា នៅ​ចំណុច​ក្បែរ​វត្ត​អូរត្រេះ មាន​ទីតាំងនៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​ប្រជា​ពល​ដ្ឋ និង​បង្ហាញផ្លូវ​ដល់​ពួកគាត់ ឲ្យ​បន្ត​ស្វែងរក​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​ខាងលើនេះ តាម​ប្រព័ន្ធតុលាការ​ដោយ​សន្តិវិធី​។

​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​បាន​ឲ្យ​ដឹងថា ពួកគាត់​មួយចំនួន​បន្ទាប់ពី​កម្លាំងចម្រុះ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ចុះបង្ក្រាប់​ដោយ​ហឹ​ង្សា និង​ប្រើ​អាវុធ​វែង​ខ្លី​បាញ់រះ​បណ្តាល​ឲ្យ​បួស​ធ្ងន់​ពលរដ្ឋ​ម្នាក់ កាលពី​ថ្ងៃទី​២៤ ខែមករា​រួចមក​។ ប៉ុន្តែ​ពេលនេះ ប្រជាពលរដ្ឋ​ពួកគាត់​មួយចំនួន បាននាំគ្នា​ទៅ​បោះតង់​ស្នាក់នៅ​លើដី​ជិត​កន្លែងកើតហេតុ ដោយ​ពួកគាត់​មិន​ព្រម​ចាក​ចេញពី​ទីតាំង ដែល​ពលរដ្ឋ​ខ្លះ​អះអាងថា ជា​ដី​ដែល​ពួកគាត់​បាន​ចូលមក​រស់នៅ និង​កាប់​រាន​ព្រៃ​ជា​យូរ​មកហើយ​នោះ​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ក៏មាន​ប្រជាពលរដ្ឋ មក​ប្រមូល​ផ្តុំគ្នា និង​ផ្ទុះ​ការតវ៉ា​មួយ​ប្រាវ​ទៀត បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ចុះទៅ​កាន់​ទីតាំង​នោះ​ជាថ្មីទៀត កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប៉ុន្តែ​មិនកើត​មាន​អំពើហិង្សា​អ្វី​កើតឡើង​ទៀត​ទេ​។​

​តាម​ការសង្កេត កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះទៅ​កាន់​ទីតាំង​ដី​ទំនាស់ និង​មានការ​ផ្ទុះអាវុធ​បាញ់រះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់ បាន​មួយសន្ទុះ​រួចមក គឺ​ក្រោយពេល​សមត្ថកិច្ច ស្រាប់តែ​ឃើញ​កម្លាំងចម្រុះ​ទាំងនោះ បានក​ដ​ម្លាំ​ង​វិលត្រឡប់​ទៅក្រោយ​វិញ បន្ទាប់មក​ឃើញ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ព្យាយាម​សម្របសម្រួល ពន្យល់ និង​បង្ហាញផ្លូវ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ឱ្យ​រក​ច្រក​តវ៉ា​តាមផ្លូវ​ច្បាប់​ដោយ​សន្តិវិធី​។

​នាឱកាស​នោះ លោក ផៃ ប៊ុន​វណ្ណៈ ក៏បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ប្រមូល​ឯកសារ​ពាកព័ន្ធ​ដាក់ពាក្យ​ប្ដឹងទៅ​កាន់​តុលាការ ដើម្បី​ស្នើសុំ​ជួយ​រក​យុត្តិធម៌​ជូន​វិញ​។ លោក​បន្តថា រដ្ឋបាលខេត្ត គឺ​ពុំ​អាចជួយ​អ្វី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានទេ ព្រោះ​វា​ជា​អំណាច របស់​តុលាការ​សាលា​កំពូល ដែល​បានចេញ​សាលក្រម​ហើយ ពុំមាន​នរណា​ហ៊ាន​ជំទាស់​ឡើយ​នោះទេ​។ លោក ផៃ ប៊ុន​វណ្ណៈ បាន​ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា បើ​បងប្អូន​ប្រជាពលរដ្ឋ នៅតែ​ព្យាយាម​ចូលទៅ​រស់នៅ​លើដី ដែល​គេ​មាន​សាលក្រម​ស្ថាពរ ពី​សាលា​កំពូល​រួចហើយនោះ គឺ​បងប្អូន​អាច​នឹងមាន​បញ្ហា​មិនចេះចប់​ទេ​។​

អភិបាលរង​ខេត្ត​រូបនេះ​បន្តថា បើ​ទោះ​បងប្អូន​ប្រជាពលរដ្ឋ បាន​សំណូមពរ​សុំ​ចូលទៅ​រស់នៅ​លើដី​ទំនាស់​ជា​បណ្តោះអាសន្ន​សិន ខណៈ​ភាគី​ម្ខាង​ទៀត​មាន​សាលក្រម​ឈ្នះក្ដី​នៅ​សាលា​កំពូល​រួចទៅហើយ នោះ គឺ​រដ្ឋបាលខេត្ត​ព្រះសីហនុ មិនមាន​សិទ្ធិ អាចជួយ​អ្វី​ដល់​បងប្អូន​បានដែរ​។​

​តាម​លោក ផៃ ប៊ុន​វណ្ណៈ ជម្រើស របស់​ប្រជាពលរដ្ឋ​នៅពេលនេះ គឺ​មានតែ​នាំគ្នា​រុះរើ​ផ្ទះ ឬ​រោង​តូចៗ របស់ខ្លួន​ចេញពី​បរិវេណ​ដី ដែល​សាលក្រម​តុលាការ​កំ​ពូ​ង បានសម្រេច​តែប៉ុណ្ណោះ ហើយ​ងាក​មក​នាំគ្នា​តវ៉ា​តាមផ្លូវ​ច្បាប់​ជំនួស​វិញ ទើប​ជាការ​ល្អ​សម្រាប់​បងប្អូន​។​ប៉ុន្តែ​ត្រូវ​ប្រជាពលរដ្ឋ​ប្រតិកម្ម​ត​ចំអក​ត​វិញ​ថា ការរក​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់​ជា​រឿង​អត់​ប្រយោជន៍ គឺ​ប្រជាពលរដ្ឋ​ក្រីក្រ​ដូច​ពួកគាត់​មិនដែល​ឈ្នះក្តី នៅ​ប្រព័ន្ធតុលាការ​នោះទេ​។​

​ក្រៅពី​សំណូមពរ​រស់នៅ​លើដី​មានទំនាស់​បណ្ដោះអាសន្ន​ជា​បន្តទៀត តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ក៏បាន​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បានជា​នៅក្នុង​អំឡុង​ដែល​ពួកគាត់ បាន​ចូលមក​តាំងទី​លំនៅ រស់នៅ​លើដី​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​ថ្មីៗ ហេតុម្ដេច​មិនមាន​នរណា​មក​ដេញ​ឬ​ហាមឃាត់​? ជាងនេះទៀត ពួកគាត់​ក័​បាននាំគ្នា​ធ្វើ​ផ្លូវ​ត​ចរន្តអគ្គិសនី ដោយ​ខ្លួនឯង ដើម្បី​បម្រើ​ដល់​ការរស់នៅ ដោយមាន​សុខ​សុវត្ថិភាព​នាពេល​កន្លងមក​។ ម្យ៉ាងទៀត មុនពេល​អនុវត្ត​សាលដីកា ហេតុដូចម្ដេច​បានជា​អាជ្ញាធរ មិន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​បាន​ត្រៀម លក្ខណៈ​ជាមុន​។ ជាងនេះទៀត តើ​មូល​ហេតុអ្វី​បានជា​អាជ្ញាធរ​ដាក់​កម្លាំងចម្រុះ​ប្រដាប់​​ដោយ​អាវុធ​យ៉ាង​ដូច្នេះ ធ្វើឱ្យ​ពួកគាត់​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​?

​ព្រម​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ក៏បាន​លើកដៃ​សំពះ​ស្នើសុំ​ដល់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​កម្ពុជា ឲ្យ​ជួយ​អន្តរាគមន៍ និង​ផ្តល់​យុ​ត្តិ​ធ៌​លើ​ករណី​វិវាទ​ដីធ្លី​ជូន​ពួកគាត់​ដោយ​អនុគ្រោះ​ផង​ចុះ ត្បិត​អី​ដីធ្លី និង​ផ្ទះសម្បែង​ដែល​ពួកគាត់​កំពុង​រស់នៅ​រាល់ថ្ងៃ និង​មាន​សេចក្តីសុខ​សុវត្ថិភាព​សុខៗ បែរជា​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដឹកនាំ​គ្រឿងចក្រ​មក​ឈូស និង​ដុតបំផ្លាញ​ចោល​អស់​គ្នា​សល់​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​។​

ទាក់ទិន​បញ្ហា​ខាងលើនេះ លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​កើតមាន​ការផ្ទុះអាវុធ​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ អាជ្ញាធរ​មូលដ្ឋាន ក៏បាន​បន្ត​ដឹក​កម្លាំង​ចុះ​រុះរើ និង​ឈួ​ស​ឆាយ​ផ្ទះសម្បែង របស់​ប្រជា​ពល​ជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃទី​២៤ បន្ត​មកដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​នោះបាន​ឈួ​ស​ឆាយ​បាន​ផ្ទៃដី​ទំហំ ៤៧​ហិច​តា រុះរើ​ផ្ទះថ្ម​១​ខ្នង ផ្ទះ​ឈើ​២​ខ្នង និង​ខ្ទម​តូច ឬ​រោង​តូច​ចំនួន​២២​ខ្នង​។ ចំណែក​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ ភាគី​ទំនាស់​ម្ចាស់​ដី ដែល​អះអាងថា មាន​ប្លង់​កម្មសិទ្ធិ បាន​បន្ត​ប្រើ​គ្រឿងចក្រ និង​កម្មករ ធ្វើការ​ឈួ​ស​ឆាយដី​បាន​ជិត ១៥​ហិច​តា​ទៀត និង​រុះរើ​ខ្ទម​ចំនួន​៦២​ខ្នង​៕ ដោយ ​៖ ដែន សីមា​

spot_img
×