Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណាត់​ផ្លូវជាតិ​លេខ ៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង​) ជាង​១១០​គីឡូម៉ែត្រ ត្រូវបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សាងសង់​

spot_img

​ភ្នំពេញ ​៖ ថ្ងៃ​ចន្ទ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង​) ដោយមាន​ការចូលរួម​ថ្នាក់ដឹកនាំ​ក្រសួង តំណាង​មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ក្រុមហ៊ុន​ILSUNG-CIENCOI, ក្រុមហ៊ុន​OBAYASHI Corporation និង តំណាង ក្រុមហ៊ុន​TEKKEN-IKEE Joint Venture​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ គឺជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ផ្តើម​សាងសង់​ចេញពី​ព្រែក​ក្តាម រហូតដល់​ក្រុង​ប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ មាន​ប្រវែង​សរុប​៣៦៦ គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥០០ លាន​ដុល្លារ​អាមេរិក ហើយ​ការស្ថាបនា​ត្រូវបាន បែងចែក​ជា​បី​ផ្នែក​ធំៗ​គឺ​៖ ភាគ​ខាងជើង ភាគខាងត្បូង និង​ភាគ​កណ្តាល​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ​៥​ភាគ​កណ្តាល​នេះ មាន​ប្រវែង​សរុប ១១០,៩០​គីឡូម៉ែត្រ ដោយ​ចាប់ពី​ធ្លា​ម្អម ដល់ បាត់ដំបង ទទឹង​ប្រវែង​២៣​ម៉ែត្រ ពី​២​គន្លង​ទៅ​៤​គន្លង ក្រាល​កៅស៊ូ​AC កម្រាស​១៥​សង់ទីម៉ែត្រ ខណ្ឌ​ដោយ​សួនច្បារ​នៅ​ចំ​កណ្តាល គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​២៤៣,៧៤​លាន​ដុល្លារ​អាមេរិក ហើយ​ការស្ថាបនា​មាន​រយៈពេល ប្រមាណ​៤២​ខែ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ កំណាត់​ផ្លូវជាតិ​នេះ​ជា​ផ្លូវ​អាស៊ាន​ហាយ​វេ​លេខ​១ អាច បង្កើន​ការនាំចេញ​-​នាំចូល និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យសេដ្ឋកិច្ច​កម្ពុជា ពិសេស​អាច​កាត់បន្ថយ​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាចរណ៍​បាន​យ៉ាងច្រើន​។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ​នឹងមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍​។​

​ជាមួយគ្នានេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដាក់​ផ្លាកសញ្ញា​សុវត្ថិ ភាព​ឱ្យបាន​ត្រឹមត្រូវ​នៅតាម​ការដ្ឋាន​សាងសង់​ផ្លូវ ដែល​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់ ចំពោះ​អ្នកធ្វើដំណើរ និង​បាន​សំណូម​ឱ្យ​ក្រុមហ៊ុន​ទាំងបី ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន ប្រឹក្សា​យោបល់ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព និង​គុណភាព និង​សុវត្ថិភាព​នៃ​ការសាងសង់​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​ផ្តល់​កម្ចី​ឥណទាន​សម្បទាន និង​ជំនួយ​បច្ចេកទេស តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​ដ៏​សំខាន់​នេះ សំដៅ​រួមចំណែក​ជំរុញ​កំណើន សេដ្ឋកិច្ចជាតិ អភិវឌ្ឍ​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×