ភ្នំពេញ ៖ *ការជ្រើសរើសបេក្ខភាពឈរឈ្មោះ ពីសាធារណជន នឹងបន្តការទទួលពាក្យ រហូតដល់ថ្ងៃទី១ ខែមីនា
*មានផ្នែកពានរង្វាន់ថ្មី សម្រាប់ការអភិវឌ្ឈន៍ផ្នែកកម្សាន្តល្អបំផុត, សម្រាប់ការអភិវឌ្ឍវិស័យអប់រំល្អបំផុត, សម្រាប់ការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រល្អបំផុត និងសម្រាប់ទីកន្លែងលេងល្បែងល្អបំផុត
*អាហារពេលល្ងាច រៀបចំយ៉ាងពិសេសធ្វើឡើងនៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩
បើតាមសេចក្តីប្រកាសព័ត៌មាន PropertyGuru នៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា អ្នកទិញអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា កំពុងត្រូវបានលើកទឹកចិត្តឲ្យដាក់ ឈ្មោះក្រុមហ៊ុនអចលនទ្រព្យថ្មី ដែលពួកគេពេញចិត្ត សម្រាប់ចូលរួម ជាបេក្ខភាពក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ប្រចាំឆ្នាំលើកទី៤ ដែលនឹងត្រូវប្រកាសនៅក្នុងកម្មវិធី ពិសាអាហារពេលល្ងាច ដែលនឹងត្រូវរៀបចំឡើងយ៉ាងពិសេស នៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំនៃសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។
កម្មវិធីនេះនាំមកជូនដោយ ក្រុមហ៊ុន Kohler សម្រាប់ការប្រកួតប្រជែងដ៏មានកិត្យានុភាព ដែលមានគោលបំណងអបអរសាទរ ការអភិវឌ្ឍអចលនទ្រព្យ, ការរចនា និងការច្នៃប្រឌិត នៅក្នុងវិស័យអចលនទ្រព្យ ដែលបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេល៤ ឆ្នាំចុងក្រោយនេះ ជាមួយនឹងការចាប់អារម្មណ៍ ពីអ្នកវិនិយោគក្នុងស្រុកនិងក្រៅប្រទេស ដោយសារតែស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិប្រសើរឡើងនៅប្រទេសកម្ពុជា។
ការប្រកួតប្រជែងនៅក្នុងពានរង្វាន់ជាច្រើនផ្នែក បានបើកទទួលស្វាគមន៍សម្រាប់គម្រោងលំនៅដ្ឋាន នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប និងទីក្រុងព្រះសីហនុ ខណៈដែលពានរង្វាន់ផ្នែកពាណិជ្ជកម្ម ត្រូវបានបើកសម្រាប់ផ្នែកការិយាល័យ, អាជីវកម្មលក់រាយ, សណ្ឋាគារ, ការប្រើលាយចម្រុះ, សេវាផ្ទះជួល និងផ្នែកអភិវឌ្ឍន៍ឧស្សាហកម្ម។
លើសពីនេះទៀត គណៈកម្មការវិនិច្ឆ័យឯករាជ្យ ក៏កំពុងស្វែងរកបេក្ខភាពឈរឈ្មោះ សម្រាប់ពានរង្វាន់ ការអភិវឌ្ឈន៍ផ្នែកកម្សាន្តល្អបំផុត, ការអភិវឌ្ឍវិស័យអប់រំល្អបំផុត, ការអភិវឌ្ឍន៍ផ្នែកវេជ្ជសាស្ត្រល្អបំផុត និងពានរង្វាន់ការអភិវឌ្ឍន៍កន្លែងលេងល្បែងល្អបំផុត។ ពានរង្វាន់ប្រភេទថ្មី ត្រូវបានបន្ថែមចូល ដើម្បីឆ្លុះបញ្ចាំងពីការរីកលូតលាស់ នៅក្នុងផ្នែកពិសេសនៃវិស័យអចលនទ្រព្យ ។
ពានរង្វាន់ពិសេសប្រចាំឆ្នាំនេះ រួមមានពាន់រង្វាន់កិត្តិយស នៃទំនួលខុសត្រូវចំពោះសង្គមរបស់ក្រុមហ៊ុន (CSR), ការអភិវឌ្ឍប្រកបដោយចីរភាព, រចនានិងសំណង់, ការសាងសង់សហគមន៍, ការថែទាំចំពោះអតិថិជន និងការអនុវត្តសំណង់ជាវិជ្ជមាន។ ពានរង្វាន់ពិសេស នៃការផ្ដល់ជូនកន្លែងប្រើប្រាស់នៅទីធ្លាសាធារណៈ គឺបើកទូលាយដល់កន្លែង ឬគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយវិស័យសាធារណៈ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់ឆ្នាំ ២០១៩ មានដូចខាងក្រោមនេះ ៖
*ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ ២០១៨ – ការជ្រើសរើសឲ្យឈរឈ្មោះ និងការចុះឈ្មោះ ចាប់ផ្ដើម
*ថ្ងៃទី១ ខែមីនាឆ្នាំ ២០១៩ – ការជ្រើសរើសឲ្យឈរឈ្មោះ បិទបញ្ចប់
*ថៃ្ងទី៨ ខែមីនា ២០១៩ – ការចុះឈ្មោះ បិទបញ្ចប់
*ចាប់ពីថ្ងៃទី ២៥ ខែមីនា ដល់ថ្ងៃទី៥ ខែមេសាឆ្នាំ ២០១៩ – ការចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់
*ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ – ការវិនិច្ឆ័យចុងក្រោយ
*ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ – ពិធីជប់លៀងអាហារពេលល្ងាច និងការផ្ដល់ពានរង្វាន់
មានភ្ញៀវកិត្តិយសចូលរួមប្រមាណ ៤០០ នាក់ ចូលទស្សនាដោយផ្ទាល់ នៅក្នុងរាត្រីនៃពិធីទទួលពានរង្វាន់អចលនទ្រព្យ កាលពីឆ្នាំ ២០១៨ ដែលក្នុងនោះ រួមមានគណៈប្រតិភូដែលដឹកនាំដោយ លោកបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបានគាំទ្រដល់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូង នៅកម្ពុជាកាលពីឆ្នាំ ២០១៦។
សម្រាប់ឆ្នាំនេះ គណៈកម្មការវិនិច្ឆ័យឯករាជ្យ ត្រូវបានដឹកនាំដោយលោក ស៊ន សៀប ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate។ ដំណើរការត្រួតពិនិត្យនៃការផ្តល់ពានរង្វាន់ និងដំណើរការវិនិច្ឆ័យ ត្រូវបានត្រួតពិនិត្យដោយក្រុមហ៊ុន BDO កម្ពុជា ដែលជាផ្នែកមួយនៃបណ្តាញសវនកម្ម និងគណនេយ្យធំបំផុតលើពិភពលោក។
កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru ឆ្នាំ២០១៩ ត្រូវបានទទួលការគាំទ្រដោយក្រុមហ៊ុន Kohler អ្នកឧបត្ថម្ភប្រភេទផ្លាទីន, ក្រុមហ៊ុនជណ្តើរយន្ត Hitachi អ្នកឧបត្ថម្ភប្រភេទមាស, ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាដៃគូអាកាសចរណ៍ផ្លូវការ, PropertyGuru Property Report ជាទស្សនាវដ្តីផ្លូវការ, ដៃគូប្រព័ន្ធផ្សព្វផ្សាយ រួមមាន BizKhmer, ទស្សនាវដ្តីសំណង់ & អចលនទ្រព្យ, ម៉ាស្ទ័រមេឌា, Southeast Asia GLOBE និងក្រុមហ៊ុន BDO អ្នកគ្រប់គ្រងផ្លូវការ។
សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ awards@propertyguru.com ឬតាមរយៈគេហទំព័រផ្លូវការ : AsiaPropertyAwards.com៕ ដោយ ៖ កូឡាប