Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រំលឹក​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ អនុវត្ត​សកម្មភាព​របស់​ខ្លួនឲ្យស្រប​តាម​ក្របខ័ណ្ឌច្បាប់

spot_img

​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩​នេះ ជួប​ពិគ្រោះ​យោបល់ ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនទាន​ដោយ​ស្មោះត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​រាជរដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងថា អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ក្នុងស្រុក ត្រូវ​រួមចំណែក នៅ​ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ​និង​កាតព្វកិច្ចក្រោម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ក្រើនរំលឹក​ដល់​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ អនុវត្ត​សកម្មភាព​របស់​ខ្លួន​ឲ្យស្រប​តាម​ក្របខ័ណ្ឌ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​របស់​កម្ពុជា​ដែល​មាន​ជា​ធរមាន​។ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន អាច​នឹង​មាន​ក្តីកង្វល់ ពាក់ព័ន្ធ​សិទ្ធិសេរីភាព ក្នុង​ការបំពេញ​ការងា​រ​របស់ខ្លួន នៅ​មូលដ្ឋានក្រោម​ច្បាប់ ស្តីពី​អង្គការ​សង្គម​ស៊ីវិល​ថ្មី ត្រូវបាន​ដាក់ឲ្យអនុវត្តន៍ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។​

​លោក​រដ្ឋមន្ត្រី បាន​ពន្យល់ថា ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង​ការពារ​សិទ្ធិ​សេរីភាព ក្នុង​ការបង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ និង​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ ដើម្បី​អភិវឌ្ឍ​សង្គម​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដូច​មាន​ចែង ក្នុង​មាត្រា ១ និង មាត្រា ២ នៃ​ច្បាប់​នេះ​។ ច្បាប់​នេះ​ជា​ការបើក​ទំព័រ​សករាជ​ថ្មី នៃ​ភាព​ជា​ដៃគូ​ដែល​ឈរ​លើ​មូលដ្ឋាន និង​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក ការគោរព​នូវ​ភាព​ជា​ម្ចាស់​នៃ​ជោគវាសនា ប្រទេស​ខ្លួន និង​អធិបតេយ្យភាព​ជាតិ នៅក្នុង​បរិការណ៍​នៃ​ប្រទេស​ជាតិ​មួយ ដែល​បាននិងកំពុង​ខិតខំ កសាង​និង​ពង្រឹង​នីតិរដ្ឋ ឧត្តមភាព​ជាតិ និង​វិបុលភាព​របស់​ប្រជាជន​ខ្លួន​។ ច្បាប់​នេះ​ក៏​បាន​បង្កើត​នូវ​ក្របខ័ណ្ឌ និង​មូលដ្ឋានគ្រឹះ​គតិយុត្តិ​មួយ​ជាក់លាក់ ច្បាស់លាស់​សម្រាប់​តួអង្គ​ពាក់ព័ន្ធ ងាយស្រួល​ក្នុង​កិច្ចប្រតិបត្តិការ​របស់​ខ្លួន និង​ធានា​អនុលោមភាព​។ ការគោរព​បាន​ទាំងស្រុង​នូវ​ច្បាប់​នេះ នឹង​ធានាបាន​នូវ​ប្រសិទ្ធិភាព ស័ក្តិ​ភាព ភាពជឿជាក់ និង​និរន្តរភាព​យូរអង្វែង​នៃ​ភាព​ជា​ដៃគូ​ក្នុង ការរួមចំណែក​កសាង​និង​អភិវឌ្ឍន៍​កម្ពុជា ឲ្យសម្រេចបាន​នូវ​គោលដៅ​របស់​ខ្លួន​ជា​ប្រទេស​មាន​ចំណូល ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​

លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់​ថា ខ្ញុំ​យល់​ថា មានតែ​មូលដ្ឋាន​ច្បាប់​និង​គតិយុត្តិ​ច្បាស់លាស់​ប៉ុណ្ណោះ ដែល​ជា​សសរស្តម្ភ រឹងមាំ​ទ្រទ្រង់​ឲ្យ​កិច្ចសហប្រតិបត្តិការ របស់​យើងអាច​មាន​អាយុកាល​យូរអង្វែង ប្រកប​ដោយ​ភាព​សុខ​ដុម និង​ជោគជ័យ​។ ច្បាប់​នេះ មិន​ត្រូវបាន​ធ្វើឡើង ដើម្បី​រឹតត្បិត​អង្គការ​ណាមួយ​ទេ ប៉ុន្តែ​ច្បាប់​នេះ នឹង​តម្រូវ​ឲ្យ​អង្គការ​ទាំង​អស់ប្រតិបត្តិការ​ប្រកបដោយ​តម្លាភាព គណនេយ្យភាព សុចរិត​ភាព និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ អង្គការ​មិនមែន​រដ្ឋាភិបាល កំពុង​បំពេញ​បេសកកម្ម នៅ​កម្ពុជា​ទាំងអស់ត្រូវតែ​អនុវត្តន៍​ឲ្យបាន​ត្រឹមត្រូវ ទៅ​ច្បាប់​របស់​កម្ពុជា ព្រមទាំង​ចៀសវាង​ការប្រព្រឹត្ត​ទង្វើ​ខុសច្បាប់​មួយ​ចំនួន​ផងដែរ​។ សូម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងអស់ អនុវត្ត​សកម្មភាព​របស់​ខ្លួន​ឲ្យស្រប​តាម​ក្របខ័ណ្ឌ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។ លើសពីនេះ​ទៀត សូម​ជៀសវាង​ជា​ដាច់ខាត​នូវ សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​ជាប់​ពាក់ព័ន្ធ ឬ​គាំទ្រ​ដល់​ការលាង​សម្អាត​ប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និង​ហិរញ្ញប្បទាន​អាវុធ​មហា​ប្រល័យ ដែល​បាន​កំណត់ឡើង​ដោយ​ក្រុម​ប្រទេស​អាស៊ី ប៉ាស៊ីហ្វិក ស្តី​ពី​ការសម្អាត​ប្រាក់ ដើម្បី​ជៀសផុត​ពី​ការធ្លាក់​ចូលទៅក្នុង​បញ្ជី​ប្រផេះ​របស់​ស្ថាប័ន​នេះ និង​កុំឲ្យ​មាន​ជា​បច្ច័យ​អវិជ្ជមាន ដល់​កម្ពុជា យើង​លើ​ផ្នែក​ប្រព័ន្ធ​ហិរញ្ញវត្ថុ លំហូរ​វិនិយោគ និងនយោបាយ ជាដើម​។ ទន្ទឹមនឹងនេះ សូម​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំង​អស់ ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​តាម​ប្រព័ន្ធ​ធនាគារ​ដែល​ស្រប​ច្បាប់ និង​មាន​អាជ្ញាប័ណ្ណ​ផ្លូវ​ការចេញ​ដោយ​ធនាគារជាតិ នៃ​កម្ពុជា​។

​សូមបញ្ជាក់​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន ៣៨៦ នៅ​មាន​សុពលភាព ហើយ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​ទាំងនោះ មកពី​ប្រទេស​ផ្សេងៗ​នៃ​ទ្វីប​អាស៊ី អាមេរិក អឺរ៉ុប និង​អូស្ត្រាលី ដែល​ធ្វើ​ការងា​រលើ​វិស័យៈ អប់រំ សុខាភិបាល សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និងបោសសម្អាត​មីន​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×