Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រូបសំណាក ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ប្រាជ្ញឈួន កាត់​ខ្សែបូ​សម្ពោធ​នៅ​វត្ត​ស​ម៉

spot_img

​តាកែវ ​៖ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី​អញ្ជើញ​ជា​អធិបតី និង​កាត់​ខ្សែបូ​សម្ពោធ​រូបសំណាក លោកតា​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ប្រាជ្ញឈួន នៅ​វត្ត​ស​ម៉ ភូមិ​សម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ នា​ព្រឹក ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩ ។​

​ការសាងសង់​រូបសំណាក​របស់​លោកតា​ប្រាជ្ញ ឈួន​ធ្វើឡើង​តាម​សំណូមពរ​របស់​លោក តា​កាល​នៅ​មាន​ជន្មាយុ ដោយសារ​លោក​តា​ចង់បា​ន​រូបសំណាក​មួយ​ទុក​ឱ្យ​គ្រាន់​កូនចៅ​ជំនាន់ ក្រោយ​ស្គាល់ និង​គោរព​បូជា​ទុក​ជា​អ្នកប្រាជ្ញ​មួយរូប​ផ្នែក​វោហារ​ស័ព្ទ​ចម្រៀង​ចាប៉ីដងវែង របស់​ខ្មែរ​យើង​។ ដោយ​យោង​ទៅតាម​សំណូមពរ​របស់​លោកតា​ចំពោះ​លោក ខៀវ កាញារីទ្ធ ហើយ​លោក​រដ្ឋមន្ដ្រី​ក៏​បាន​យល់ព្រម​សាងសង់​រូប​សំណាក​មួយ ដើម្បី​ដាក់​តាំង​តម្កល់​នៅ​ក្នុង ទី​អារាម​វត្ត​សម៉ ហើយ​រូបសំណាក​នេះ គឺ​ឆ្លាក់​ធ្វើ​អំពី​ថ្ម​ភក់ ទំហំ​ទទឹង​០,៨​ម៉ែត្រ និង​កម្ពស់​១,២០ ម៉ែត្រ អង្គុយ​កាន់​ចាប៉ីដងវែង ជា​សកម្មភាព​កំពុង​តែ​សម្តែង​ចម្រៀង​ចា​ប៉ី ជូន​មហាជន​ស្តាប់​កម្សាន្ត​។​

​រូបសំណាក​នេះ​ត្រូវបាន​ចាប់ផ្តើម​កសាង​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៨ ទើប​រួចរាល់​ជា​ស្ថាពរ ដែល​មាន​រយៈពេល​ជាង​៣​ខែ ដោយ​ចំណាយ​ថវិកា​ផ្ទាល់​របស់​លោក​រដ្ឋមន្ត្រី និង​លោកស្រី សរុប​ទាំង​ឈ្នួល​ជាង​ថ្លៃ​ដឹក​មក​ដល់​ទី​នេះ​អស់​ចំនួន​២.២៥០​ដុល្លារ​។ សូម​រម្លឹកថា កាល​ពី​លោក​ព្រឹទ្ធាចារ្យ​នៅមាន​ជន្មាយុ ត្រូវបាន​លោក​រដ្ឋមន្ត្រី និង​លោកស្រី​បាន​ឧបត្ថម្ភ​ផ្ទះ​មួយ​ខ្នង និង​ផ្តល់​ថវិកា​ក្នុង​មួយ​ខែ​១០០​ដុល្លារ​ជូន​លោកតា​ប្រាជ្ញ ឈួន ជា​បន្តបន្ទាប់​។ លោក​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន បាន​ទទួល​មរណ ភាព កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ ៨២​ឆ្នាំ ដោយ​ជរាពាធ​។​

​លោក​ព្រឹទ្ធាចារ្យ​ត្រូវបាន​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​នៃ ព្រះ រាជាណាចក្រ​កម្ពុជា​ផ្តល់​គោ​រម្យ​ងារ​ថា លោក​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ ប្រាជ្ញ ឈួន និង​ទទួលបាន​គ្រឿង​ឥស្សរិយយស​ជា​បន្តបន្ទាប់​។​

​លោក ប្រាជ្ញ ឆាត កូនប្រុស​របស់​លោកតា ប្រាជ្ញ ឈួន បាន​ប្រាប់ឲ្យដឹង​ថា រូបសំណាក​របស់​ឪពុក​របស់​លោក ត្រូវបាន​ធ្វើ​អំពី​ថ្ម​ដែល​យក​ពី​ប្រសាទ​ព្រះវិហារ ហើយ​ចំពោះ​ថវិកា​កសាង​វិញ គឺជា​ការឧបត្ថម្ភ​ទាំងស្រុង របស់លោក ខៀវ កញ្ញា​រី​ទ្ធ​។ កូនប្រុស​លោកតា ប្រាជ្ញ ឈួន ក៏​បាន​សម្តែង​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ដែល​ឃើញ​រូបសំណាក របស់​ឪពុក ត្រូវបាន​សម្ពោធ​ដាក់​ជា​តំណាង ឲ្យ​អ្នកប្រាជ្ញ​ខាង​ចាប៉ី​នៅ​ស្រុក​ខ្មែរ​។ លោក​ក៏​មិន​បាន​ភ្លេច​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​ជូន​ចំពោះ​លោក ខៀវ កញ្ញា​រី​ទ្ធ ដែល​បាន​រ៉ាប់រង​ឧបត្ថម្ភ​យ៉ាង​ពេញទំហឹង ចំពោះ​ការកសាង​រូបសំណាក របស់​លោកតា ប្រាជ្ញ ឈួន ផងដែរ​។​

​សូម​ជំរាប​ថា ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ដ៏​ល្បាញ​ល្បី​របស់​កម្ពុជា លោកតា ប្រាជ្ញ ឈួន បាន​ទទួល​មរណភាព​នៅ​ម៉ោង​ប្រមាណ ១៖៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយ​ជរាពាធ​។​

​លោកតា​កើត​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​១៩៤៣ នៅ​ភូមិ​ស​ម៉ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ដោយ​ចាប់​ងងឹតភ្នែក​តាំងពី​អាយុ​៩​ឆ្នាំ ដោយសារ​ជំងឺ​កញ្ជ្រិល ហើយ​លោកតា​បាន​ហាត់រៀន​ច្រៀង​ចាប៉ី​តាំងពី​នៅ​កុមារភាព​ជា​មួយ​លោក តា​ឌុ​ក (​ហៅ​ចង្កូម​៨) ដែល​ត្រូវជា​ពូ​របស់​លោកតា​។ ការ​ហាត់រៀន​នេះ កុមារា​ប្រាជ្ញឈួន មាន​ប្រាជ្ញា​វាងវៃ​ណាស់​ដោយ​អាច​ច្រៀង​ចោទ​ឆ្លើយបាន​យ៉ាង​ស្ទាត់ជំនាញ​ជាមួយ​តា​ចង្កូម​៨​។​

​ដោយ​ភាព​ប៉ិនប្រសប់​របស់​លោកតា លោកតា​មាន​ភាពល្បីល្បាញ​រហូត​ប្រឡង​ជាប់​ជា​បន្តបន្ទាប់ ហើយក៏​បាន​ចូល​ច្រៀង​នៅ​វិទ្យុជាតិ​ក្នុងអំឡុង​ឆ្នាំ​១៩៦០​រហូតមក​។ បន្ទាប់​ពី​កម្ពុជា​បាន​ធ្លាក់​ក្នុង​របប​ប៉ុលពត គេ​ឱ្យ​គាត់​ដេរ​ស្លឹកត្នោត​នៅ​ស្រុកកំណើត​របស់​គាត់​។ ក្រោយ​ពី​ប្រទេស​រំដោះ​ពី​ពួក​ខ្មែរក្រហម លោកតា ប្រាជ្ញ ឈួន ក៏បាន​ចូល​បម្រើ​ការងារ​នៅ​វិទ្យុជាតិ​ជា​រហូត​ដល់​ថ្ងៃ​ចូល​និវត្តន៍​។​

​ជាមួយគ្នានេះដែរ ដោយសារ​ចម្រៀង​ចាប៉ីដងវែង​មាន​ភាព​វ័យ​ចំណាស់​ជាងគេ និង​ជា ចម្រៀង​ឯក​របស់​ប្រទេស​កម្ពុជា បាន​ល្បីល្បាញ​លើ​ពិភពលោក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ស្នើ​ទៅ​អង្គការ​យូណេស្កូ ដើម្បី​បញ្ចូល​សិល្បៈ​ចាប៉ីដងវែង​នេះ ជា​សម្បត្តិ​បេតិកភណ្ឌ ពិភពលោក ហើយ​អង្គការ​យូ​នី​ស្កូក៏​ទទួលស្គាល់ និង​បញ្ចូល​សិល្បៈ​ចាប៉ីដងវែង​នេះ​ចូល​ក្នុង បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​

​ព្រឹទ្ធាចារ្យ​ភិរម្យ​វោហារ​ប្រាជ្ញឈួន មានកូន​ចំនួន​៥​នាក់ ក្នុងនោះ​មាន​៣​នាក់ ដែល​រស់នៅ​ជាមួយ​គាត់​។ មួយ​ជីវិត​របស់​លោក​កាន់​ដង​ចាប៉ី​ជាប្រចាំ​។ ដោយសារ​ភាពល្បីល្បាញរ​បស់​គាត់ លោកតា​ត្រូវបាន​គេ​អញ្ជើញ​ទៅ​ច្រៀង​នៅតាម​ខេត្ត និង​រាជធានី​មួយ​ចំនួន​។​
លោកតា​ក៏​ធ្លាប់​ទៅ​បញ្ចេញ​សំនៀង នៅ​ឯ​បរទេស​ផងដែរ ដូចជា​នៅ​សហរដ្ឋអាមេរិក​២​ដង ប្រទេស​បារាំង​បាន​៣​ដង និង​ទៅ​ប្រទេស​សឹង្ហ​បុរី​បាន​ម្តង​។ ចម្រៀង​របស់​លោកតា មាន​ជា​កំប្លែង​ខ្លះ ហើយ​ភាគច្រើន​គឺ​ផ្តល់​ជា​ការអប់រំ​។ លោកតា​ចូលចិត្ត​ច្រៀង​រៀបរាប់​ច្បាប់​ស្រី ហើយ​លោកតា​ចេះ​ច្រៀង​ច្បាប់ក្រម​ង៉ុយ​ដល់​ទៅ​៤​ច្បាប់​។ មិនតែប៉ុណ្ណោះ លោកតា​នៅ​ចេះ​តែង​បទ​ចម្រៀង​ភ្លាមៗ ស្របពេល​នឹង​កំពុង​ច្រៀង​ទៀតផង ហើយ​ឃ្លាឃ្លោង​ក៏​ជួន​គ្នា​បាន​ល្អ​ទៀត​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

     

spot_img
×