Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វី​ង បរិច្ចាក​ប្រាក់ ៣៥០០០ ដុល្លារ​អាមេរិក សម្រាប់​លើកកម្ពស់​ប្រព័ន្ធ​អប់រំ និង​សេវា​ថែទាំ​សុខភាព របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC)

spot_img

​ភ្នំពេញ ​៖ ជា​ផ្នែក​មួយ​នៃ​ការយកចិត្តទុកដាក់​ខ្ពស់​របស់ខ្លួន​ចំពោះ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​ចល័ត​នាំមុខគេ​នៅ​ប្រទេស​កម្ពុជា បាន​សហការ​ជាមួយ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដើម្បី​ធ្វើ​ការបរិច្ចាក​ទឹកប្រាក់​ចំនួន ៣៥០០០ ដុល្លារ​អាមេរិក ដើម្បី​ចូលរួមចំណែក​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អប់រំ​ការបណ្តុះបណ្តាល និង​ការថែទាំ​សុខភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ ថ្ងៃទី​២៨ ខែមករា ឆ្នាំ ២០១៩​។​

​កាលពី​ឆ្នាំ ២០១៨ ធនាគារ​ឯកទេស វី​ង និង GMAC បានរួម​សហការ និង​ប្តេជ្ញាចិត្ត​រួមគ្នា ផ្តួចផ្តើម​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម (CSR) ក្នុងការ​បង្កើត​មូលនិធិ ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មករ​រោងចក្រ​កាត់ដេរ​របស់ GMAC​។ ជាពិសេស​ជាងនេះទៅទៀត មូលនិធិ​នេះ​ត្រូវបាន​បម្រុង​ទុក សម្រាប់​ការទិញ​សៀវភៅ​, ការសាងសង់​បណ្ណាល័យ និង​គាំទ្រ​ដល់​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ទៀត​។ ធនាគារ​ឯកទេស វី​ង និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ ជាមួយ​សហគមន៍​ដែល​ពួកគេ​បានផ្ដល់​សេវា​ជូន និង​យល់ច្បាស់​អំពី​ការនាំមក​នូវ​ផលប្រយោជន៍​ចំពោះ​សហគមន៍ តាមរយៈ​ការ​ពាំនាំ​ធនធាន​របស់​ពួកគេ សម្រាប់​មូលហេតុ​សក្ដិសម មានដូចជា​ការអប់រំ និង​ការថែទាំ​សុខភាព​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម​ធនាគារ​ឯក​ទេស​វី​ង បាន​ប្រសាសន៍ថា វី​ង មាន​ក្តីរំភើប​ខ្លាំងណាស់ ដែល​បានធ្វើការ​ជាមួយ GMAC ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដែល​ធ្វើការ​ដើម្បី​ប្រជាជន​កម្ពុជា ក្នុងការ​រួមចំណែក​ក្នុងសង្គម សម្រាប់​ផលប្រយោជន៍​របស់​សមា​ជិ​ក GMAC ទាំងអស់ ហើយ​សំខាន់បំផុត​នោះ គឺ​កម្មករ​រោងចក្រ​រាប់ពាន់នាក់​។​

​លោក រ៉ា​ចាន់​មានប្រសាសន៍​បន្តថា​៖ «​យើង​សង្ឃឹមថា ការរួមវិភាគទាន​នេះ នឹង​ជួយ​កែលម្អ​និង​ធ្វើ​ឲ្យ​ប្រសើរឡើង ចំពោះ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត​មក​ក្នុងប្រទេស ហើយ​ជា​លទ្ធផល ផ្តល់​ការងារ​ថ្មីៗ​បន្ថែមទៀត ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​»

​លោក​ឧកញ៉ា​វ៉ាន់​ស៊ូ​អៀង​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា មូលនិធិ​ដែល​បាន​ចូលរួម​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​និង​តម្លាភាព​បំផុត ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​វាយនភ័ណ្ឌ (CGTI) ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ធនធានមនុស្ស​របស់ខ្លួន​ដើម្បី​គាំទ្រ​ដល់​ការរីកចម្រើន​និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​កាត់ដេរ​ក៏ដូចជា​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​។​

​លោក​ឧកញ៉ា​វ៉ាន់​ស៊ូ​អៀង មានប្រសាសន៍​បន្តថា “CGTI មាន​បេសកកម្ម​ដើម្បី​អភិវឌ្ឍ​សិស្ស​ម្នាក់ៗ​អំពី​អាកប្បកិរិយា ជំនាញ និង​ចំណេះដឹង​សម្រាប់​ឧស្សាហកម្ម​វាយនភ័ណ្ឌ​និង​សំលៀកបំពាក់​នៅ​កម្ពុជា​។ ជាមួយគ្នានេះ យើង​សូម​ថ្លែងអំណរគុណ​ដល់​ធនាគា​រ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​ជាថ្មី​ម្តងទៀត​ដែល​បាន​ដើរតួនាទី​ជា​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​តាមរយៈ​ការផ្តល់​វិភាគទាន​យ៉ាង​សប្បុរស​ដល់​វិទ្យាស្ថាន​បណ្តុះបណ្តាល​របស់​យើង​»​។​

​បន្ថែម​ពីលើ​ការបរិច្ចាក​ប្រាក់ឧបត្ថម្ភ របស់​ធនាគារ​ឯកទេស វី​ង នៅថ្ងៃនេះ ក៏មាន​ពិធី​ចុះហត្ថលេខា ក្នុងការ​ពង្រីក​នូវ​ភាពជា​ដៃគូ​យូរអង្វែង​រវាង វី​ង និង GMAC រហូតដល់​ឆ្នាំ ២០១៩ ដែល​ភាពជា​ដៃគូ​នេះ បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០១៦ ក្នុង​ផ្តល់នូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ក្នុងតម្លៃ​សមរម្យ សម្រាប់​កម្មករ​រោងចក្រ GMAC ជាពិសេស​សេវា​បើកប្រាក់​បៀវត្ស តាមរយៈ​គណនី​វី​ង របស់​ពួកគេ​។ ការបរិច្ចាក​ប្រាក់ 35.000 ដុល្លារ​អាមេរិក រួមជាមួយ​សកម្មភាព ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) ផ្សេងទៀត គឺជា​ការឆ្លុះបញ្ចាំង​ពី​តម្លៃ និង​ការប្តេជ្ញាចិត្ត​របស់ វី​ង ដើម្បី​បម្រើ​សហគមន៍​របស់ខ្លួន​។​

​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិ​ញ្ញ​វត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិនមាន​គណនី​ធនាគារ​និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​ដូចជា ការផ្ទេរ​ប្រាក់​ក្នុងស្រុក​, ទូទាត់​វិក័យប័ត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ ក៏ដូចជា​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​ភ្លាមៗ​ពី​ជាង ២០០​ប្រទេស​។​

ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​សេវា​គ្របដណ្តប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំងប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ៣០០០០ កន្លែង រួមទាំង​ក្រុមហ៊ុន​ធំ​ដូចជា Mastercard និង WorldRemit ។ លើសពីនេះ​ទៀត​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ទូទាត់ របស់ខ្លួន។​

​អំពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​

​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) គឺជា​អ្នក​តំណាងឱ្យ​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​ស្បែកជើង​នៅ​ប្រទេស​កម្ពុជា​។ GMAC ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៦ ដោយសារតែ​តម្រូវការ​កើនឡើង សម្រាប់​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង ដើម្បី​រួមគ្នា​ជាមួយ​សម្លេង​បង្រួបបង្រួម​មួយ​។ GMAC បាន​ក្លាយជា​សមាគម ដែល​ត្រូវបាន​ទទួលស្គាល់​នៅក្នុង​ប្រទេស ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ឧស្សាហកម្ម​កាត់ដេរ ដែល​បានផ្តល់​ការងារ​ចំនួន​កន្លះ​លាន ដោយផ្ទាល់ និង​ការងារ​ចំនួន​ពីរលាន ដោយ​ប្រយោល​ដល់​ប្រជាជន​កម្ពុជា​។​

GMAC ផ្តល់​វេទិកា​មួយ​សម្រាប់​ការពិគ្រោះ​យោបល់ និង​ពិភាក្សាគ្នា​ក្នុងចំណោម​សមាជិក ដែលមាន​ផលប្រយោជន៍​រួម និង​ស្វែងរក​ការអនុម័ត​នូវ​គោលការណ៍ និង​ការអនុវត្ត​គោលនយោបាយ និង​បរិយាកាស​ផ្នែក​ច្បាប់​។ តួនាទី​ដ៏​សំខាន់បំផុត​របស់ GMAC គឺ​ដើម្បី​ទទួលបាន​ឥទ្ធិពល​លើ​គោលនយោបាយ និង​បរិយាកាស​ច្បាប់ ដោយ​ធានាថា វា​អំណោយផល​ដល់​កំណើន និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ លើសពីនេះ​ទៀត GMAC ក៏​ផ្តល់នូវ​សេវាកម្ម​បន្ថែម​តម្លៃ​ផ្សេងៗ​ទៀត ដល់​សមាជិក​ផងដែរ​៕​ ដោយ ​៖​ កូ​ឡាប​

 

spot_img
×