Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​បរិស្ថាន ស្នើឱ្យ​អភិបាលក្រុង​ឡុង​ប៊ិច ពិចារណារ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​ទាន នៃ​ការរៀបចំ​ក្រុង​ឈានមុខ ឬ ទីក្រុង​ស្អាត និង​ទីក្រុង​ដែល​ប្រជាជន​ចង់​រស់នៅ​

spot_img

​ភ្នំពេញ ​៖ លោក​រដ្ឋមន្ត្រី​បរិស្ថាន បានស្នើ​ឱ្យ​លោក​អភិបាលក្រុង​ឡុង​ប៊ិច ពិចារណារ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​ទាន នៃ​ការរៀបចំ​ក្រុង​ឈានមុខ ឬ ទីក្រុង​ស្អាត និង​ទីក្រុង​ដែល​ប្រជាជន​ចង់​រស់នៅ តាមរយៈ​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​នានា ដើម្បី​អនុវត្ត​ក្នុងការ​គ្រប់គ្រង​កាកសំណល់​រឹង សំណល់​រាវ ការបំពុល​ទឹក សំឡេង ខ្យល់ ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ការរៀបចំ​ត​ភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លាត​វៃ និង​ការប្រើប្រាស់​មធ្យោបាយ ដែល​សន្សំសំចៃ​ថាមពល​ខ្ពស់ ដោយ​យក​បច្ចេកវិទ្យា​ជា​ស្នូល​។​

​ថ្ងៃ​ចន្ទ ទី​២៨ ខែមករា ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​ប្រតិភូ​ទីក្រុង​ឡុង​ប៊ិច ដឹកនាំ​ដោយ​លោក Robert Garcia ជា​អភិបាលក្រុង បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងជំនួប​នេះ លោក​អភិបាលក្រុង​បាន​គោរព​ជម្រាបជូន លោក​រដ្ឋមន្ត្រី ថា នេះ​ជា​លើក​ទី​១ ដែល​លោក​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ពិត​ជាមាន​ក្តីរំភើប​រីករាយ ដោយបាន​មើលឃើញ​ពី​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាព​ស៊ីវីល័យ និង​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន ព្រមទាំង​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ភាពស្រស់ស្អាត និង​ភាព​ទាក់ទាញ​របស់​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​។ ទន្ទឹមនឹងនេះ លោក​ក៏បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី បន្ថែមទៀតថា ទីក្រុង​ឡុង​ប៊ិច ជាទី​ក្រុង​មួយ ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន (Cambodia Town) ហើយ​នៅក្នុង​ការរៀបចំ​ក្រុង គឺមាន​ការគិតគូ​យ៉ាងខ្លាំង លើ​គុណភាព និង​និរន្តរភាព​បរិស្ថាន តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ អនុវត្ត​ក្នុងការ​គ្រប់គ្រង​កាកសំណល់​រឹង សំណល់​រាវ ការបំពុល​ទឹក សំឡេង ខ្យល់ ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ការរៀបចំ​ត​ភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឆ្លាត​វៃ និង​ការប្រើប្រាស់​មធ្យោបាយ ដែល​សន្សំសំចៃ​ថាមពល​ខ្ពស់ ដោយ​យក​បច្ចេកវិទ្យា​ជា​ស្នូល​។ ហើយ​លោក ក៏បាន​ស្នើឱ្យ​មានការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ ដើម្បី​អាច​សិក្សា​រៀនសូត្រ និង​ដក​ពិសោធន៍​ពីគ្នា​ទៅវិញទៅមក​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​បានបញ្ជាក់​ទៅ​លោក​អភិបាលក្រុង​ឡុង​ប៊ិច យ៉ាង​ដូច្នេះ​ថា កម្ពុជា​បាននិងកំពុង​បោះជំហាន​ទៅមុខ ស្ថិតក្នុង​ដំណើរ​នៃ​ការធ្វើ​ទំនើបភាវូបនីយកម្ម និង​បន្ត​ខិតខំ​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព និង​ស្ថេរភាព​របស់​ប្រទេស ដើម្បី​ធានា​ឱ្យបាន​នូវ​ការលើកកម្ពស់​ជីវភាព រក្សា​ឱ្យបាន​នូវ​កំណើនសេដ្ឋកិច្ច និង​សុ​ខុ​នីយកម្ម​របស់​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស​។ ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​កំណើនប្រជាជន នៅ​ទីក្រុង​បានធ្វើឱ្យ​រាជធានី​ភ្នំពេញ ត្រូវ​បន្ត​គិតគូ និង​យកចិត្តទុកដាក់​បន្ថែម​ទៀត ពាក់ព័ន្ធ​ការគ្រប់គ្រង​សំណល់ ការរៀបចំ​ក្រុង ការរៀបចំ​ចំណត ការរៀបចំ​ចរាចរណ៍ ការរៀបចំ​ចិញ្ចើមផ្លូវ ការបំពុល​ទឹក ការបំពុល​ខ្យល់ ការ​សន្សំសំចៃ​ថាមពល ដោយ​ផ្អែកលើ​មូលដ្ឋាន នៃ​ការអភិវឌ្ឍ​ក្រុង ឈានមុខ​ដែល​ស្អាត បៃតង និង​ធានាបាន​នៅ​ការរស់នៅ​ដោយ​ចីរភាព​។ ដើម្បី​ជំរុញ​ឱ្យ​កិច្ចការ​នេះ ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន ក្រសួងបរិស្ថាន បានធ្វើ​ប្រតិភូកម្ម​មុខងារ តួនាទី​ភារកិច្ច និង​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ឱ្យបំពេញ​ការងារ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ មិនតែប៉ុណ្ណោះ ក្រសួង​ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ច្បាប់ និង​ការផាកពិន័យ ដល់​ប្រជាពលរដ្ឋ​ដែល​ល្មើសច្បាប់ ព្រមទាំង​បាន​យកចិត្តទុកដាក់​ក្នុងការ​អប់រំ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ អំពី​អនាម័យ​បរិស្ថាន​ដល់​កុមារ និង​យុវជន​ឱ្យមាន​ទម្លាប់​ល្អ ក្នុងការ​រស់នៅ​ស្អាត ក៏ដូចជា​កៀរគរ​ប្រភព​ថវិកា​ផ្សេងៗ ដើម្បី​គាំទ្រ​នូវ​រាល់​បណ្តា​សកម្មភាព​ទាំងឡាយ ដែល​ធ្វើឱ្យ​ទីក្រុង​កាន់តែ​ស្អាត និង​បៃតង ដែល​ធានា បាន​នូវ​ការរស់នៅ​ដោយ​ចីរភាព​របស់​ប្រជាជន​។​

​ពាក់ព័ន្ធ​នឹង​ការ​រឹតចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​លោក​អភិបាលក្រុង ពិចារណារ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្ស​ន​ទាន នៃ​ការរៀបចំ​ក្រុង​ឈានមុខ ឬ ទីក្រុង​ស្អាត និង​ទីក្រុង​ដែល​ប្រជាជន​ចង់​រស់នៅ តាមរយៈ​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​នានា ព្រមទាំង​ការឈាន ទៅដល់​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×