Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១២​ខែ​ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូល​ពន្ធ​បាន​ជាង ២.០០០​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ៖ ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) បាន​ចំនួន ៨.៧៩១,៤០ ប៊ី​លាន​រៀល (​ប្រមាណ ២.១៩៧,៨៥ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១១៤,២៧​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៧ កើន​១៣,៣៧​ភាគរយ​។ ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ណែនាំ​ដល់​មន្ត្រី​ពន្ធដារ ត្រូវ​ប្រមូល​ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផែនការ​កំណត់ និង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ស្នើ​ភាព​។

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្ដីពី​កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែធ្នូ ប្រចាំឆ្នាំ​២០១៨ និង​សមិទ្ធផល​៥​ឆ្នាំ ព្រមទាំង​ទិសដៅ សម្រាប់​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បង្ហាញថា ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ ចំណូល​អន​ឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ៥៧០,០៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ១៤២,៥២ លាន​ដុល្លារ អាមេរិក​) ស្មើនឹង ៧,៤១​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ប្រសិនបើ​ប្រៀបធៀប នឹង​ចំណូល​ពន្ធ​-​អាករ ប្រចាំ​ខែធ្នូ ឆ្នាំ​២០១៧ ឃើញថា កើនឡើង​ចំនួន ១២៥,៧៧ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៣១,៤៤ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ២៨,៣១​ភាគរយ​។​

​លោក​អគ្គនាយក បាន​បញ្ជាក់ថា សរុប​រយៈពេល​១២​ខែ ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) មាន​ចំនួន ៨.៧៩១,៤០ ប៊ី​លាន​រៀល (​ប្រមាណ ២.១៩៧,៨៥ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១១៤,២៧​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ ដែល​ក្នុងនោះ ទំហំ​ចំណូល​លើស​ផែនការ មាន​ចំនួន ១.០៩៧,៩០ ប៊ី​លាន​រៀល (​ប្រមាណ ២៧៤,៤៧ លាន​ដុល្លារ​អាមេរិក​)​។

ប្រសិនបើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៧ ឃើញថា​ចំណូល​ពន្ធ​-​អាករ សម្រាប់​រយៈពេល​១២​ខែ ឆ្នាំ​២០១៨ កើនឡើង​ចំនួន ១.០៣៦,៥៩ ប៊ី​លាន​រៀល (​ប្រមាណ​ជា​២៥៩,១៥ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ១៣,៣៧​ភាគរយ​។​

​លោក​គង់ វិបុល បាន​បន្ថែមថា ជារួម​សរុប​ក្នុង​រយៈពេល​៥​ចុងក្រោយ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សម្រេចបាន​នូវ​កំណើន​ចំណូល​ពន្ធ ក្នុង​រង្វង់​ប្រមាណ ២០​ភាគរយ ក្នុង​មួយឆ្នាំ ក្នុងនោះ​ឆ្នាំ​២០១៤ បាន​ចំនួន​៤.២៦៧ ប៊ី​លាន​រៀល (១.០៦៧​លាន​ដុល្លារ​), ឆ្នាំ​២០១៥ បាន​៥.២១០ ប៊ី​លាន​រៀល (១.៣០២​លាន​ដុល្លារ​), ឆ្នាំ​២០១៦ បាន​៦.០១០,៤៨​ប៊ី​លាន​រៀល (១.៥០២,៦២​លាន​ដុល្លារ​), ឆ្នាំ​២០១៧ បាន​៧.៩០៦,៥២​ប៊ី​លាន​រៀល (១.៩៧៦,៦៤​លាន​ដុល្លារ​) និង​ឆ្នាំ​២០១៨ បាន​៨.៧៩១,៤០​ប៊ី​លាន​រៀល (២.១៩៧,៨៥​លាន​ដុល្លារ​)​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​គាំទ្រ​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ត​បេសកកម្ម​របស់ខ្លួន ។ សម្រាប់​ឆ្នាំ​២០១៩​នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ការប្រមូល​ចំណូល​ពន្ធ និង​ឈានទៅ​សម្រេច ឲ្យ​បាន​ពន្ធ​លើ​ការប្រមូល​ពន្ធ លោក​រដ្ឋមន្ត្រី បាន​ណែនាំ លើ​វិធានការ និង​ទិសដៅ ត្រូវអនុវត្ត​បន្ត រួមមាន ​៖

​បន្តធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ ដោយ​សិក្សា​រៀបចំ ផែនការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​រួម (Big Data) របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។ រៀបចំ​ធ្វើ​បច្ចុប្បន្នភាព និង​សិក្សា​រៀបចំ​បន្ថែម​នូវ​បទ​ប្បញ្ញត្តិ​ស្ដី​ពន្ធដារ សម្រាប់​គាំទ្រ​ដល់​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​។ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បន្ត​រៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ឆ្នាំ​២០១៩-២០២៣​។ ពង្រឹង​ការអនុវត្ត​យន្តការ​នៃ​ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​គ្រប់គ្រង​អាករ លើ​តម្លៃបន្ថែម​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។ បន្ត​ខិតខំ​កែលម្អ​ការគ្រប់គ្រង​ប្រមូល​បំណុល​ពន្ធ​។ ពង្រឹង​ការយកចិត្តទុកដាក់​រៀ​ប​ចំ​នីតិវិធី​ក្នុងការ​ធ្វើ​សវនកម្ម​។ បន្ត​កែទម្រង់​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​វាយតម្លៃ ក្នុង​ប្រព័ន្ធគ្រប់គ្រង​ធនធានមនុស្ស​។ បន្តធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​តំបន់​ដែលជា​កម្មវត្ថុ​នៃ​ពន្ធ​លើ​អចលនទ្រព្យ​។ បន្ត​លើកកម្ពស់​និង​បញ្ជ្រាប​វប្បធម៌​ពន្ធដារ និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សារពើពន្ធ​។​

​គួរបញ្ជាក់​ផងដែរ​ថា បន្ត​ពី​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៤-២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាននិងកំពុង​រៀបចំ​នូវ​យុទ្ធសាស្ត្រ​គៀរគរ​ចំណូល ឆ្នាំ​២០១៩-២០២៣ ដែលមាន​គោលបំណង​ជា​យុទ្ធសាស្ត្រ ៣ រួមមាន គោលបំណង​ទី​១ បង្កើន​អនុលោមភាព​តាមច្បាប់​ដោយ​ស្ម័គ្រចិត្ត និង​កាត់បន្ថយ​ជា​អតិបរមា​នូវ​បន្ទុក​អ្នក​ជាប់ពន្ធ ដោយ​ផ្តល់​សេវា ប្រកបដោយ​គុណភាព គោលបំណង​ទី​២ ធានាថា​អ្នក​ជាប់ពន្ធ បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ត្រឹមត្រូវ តាមរយៈ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ស្នើ​ភាព និង​គោលបំណង​​ទី​៣ អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយ​ពង្រឹង​ស្ថាប័ន​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×