Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍ កម្ពុជា​-​ចិន នឹង​ធ្វើឱ្យ​ទំនាក់ទំនង កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់ថា ឆ្នាំ​វប្បធម៌​-​ទេសចរណ៍ កម្ពុជា​-​ចិន នា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន កាន់តែ​រីក​ចម្រើន និង​ស៊ីជម្រៅ ថែមទៀត​នាពេល​អនាគត ចាប់ពីពេលនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រលប់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា កម្ពុជា​-​ចិន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ឆ្នាំ​វប្បធម៌​-​ទេសចរណ៍ កម្ពុជា​-​ចិន នា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ ថែមទៀត​នាពេល​អនាគត ចាប់ពីពេលនេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​បន្ថែមទៀតថា នៅ​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​និង​ចិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៦០​នៃ​ការ បង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​សកម្ម​ភាពវ​ប្ប​ធម៌ និង​សកម្មភាព​ផ្សេងៗ​ទៀត​ជាច្រើន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នេះ​។ នៅក្នុង​រយៈពេល​៦០​ឆ្នាំនេះ ប្រទេស​យើង​ទាំងពីរ បាន​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​គ្រប់​រូបភាព ដើម្បី​រក្សា​សន្តិភាព ការអភិវឌ្ឍ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែលមាន​ផលប្រយោជន៍ ដ៏​ធំធេង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា​ការរួមចំណែក​កសាង​សន្តិភាព និង​វឌ្ឍនភាព​ក្នុង​តំបន់​។ កន្លងមក កម្ពុជា​និង​ចិន​បានធ្វើការ​ផ្លាស់ប្តូរ គណៈប្រតិភូ​ថ្នាក់ដឹកនាំ​កំពូល និង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ជាច្រើន ដើម្បី​ពង្រីកពង្រឹង​មិត្តភាព​ដ៏​យូរលង់​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ ដែលមាន​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន និង​ប្រទេស​យើង​ទាំងពីរ​។​

​ជាក់ស្តែង ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ប្រទេស​ចិន បានទទួល​លទ្ធផល​ដ៏​ធំធេង ក្នុងការ​ពង្រីក ពង្រឹង​មិត្តភាព​យ៉ាង​កក់ក្ដៅ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ និង​មាន​ផ្លែផ្កា រវាង​ប្រទេស​យើង​ទាំងពីរ ហើយ ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន​ឆ្នាំ​២០១៩​នេះ ក៏​ជា​លទ្ធផល​នៃ​ការឯកភាព​រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​។ ដោយនៅ​ក្នុងឱកាស​ទស្ស​ន​កិច្ច​នេះដែរ​លោក Xi Jinping ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​បានប្រកាស​ផ្ដល់ជំនួយ​ដល់​កម្ពុជា ចំនួន​៤.០០០​លាន​យ័ន និង​ទិញ​អង្ករ​ពី​កម្ពុជា ចំនួន​៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​នេះ រួមទាំង​ការប្ដេជ្ញា​ការពារ​មិន​ឲ្យ​មានប​ដិ​វត្ដ​ន៍​ពណ៌ និង​ការការពារ​សុខសន្ដិភាព​នៅក្នុង​តំបន់​។​

​ទន្ទឹមនឹង​នេះដែរ វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​សក្ដានុពល​ធំធេង​ណាស់ ដែលមាន​ប្រាសាទ​ជាង​១០០០​សម​នឹង​កិត្តិនាម​ជា ព្រះរាជាណាចក្រ​អច្ឆរិយៈ រួមទាំង​សម្បត្តិ​វប្បធម៌​អរូបី​យ និង​តំបន់​អេកូ​-​ទេសចរណ៍​សម្បូរបែប​។ រដ្ឋាភិបាល​ចិន​ក៏បាន​រួមចំណែក​យ៉ាង​ធំធេង ជួយ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ជាអាទិ៍ ជួសជុល​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ និង​បន្ដ​ជួយ​ជួសជុល​ប្រាសាទបុរាណ​ផ្សេងៗ ទៀត ជាពិសេស​ប្រាសាទព្រះវិហារ​។ សម្បត្តិ​វប្បធម៌​ទាំងអស់នេះ​របស់​កម្ពុជា​ជា​ប្រភព​កាត់​មិន​ដាច់​ពី​ការ រីកចម្រើន​អត់​ឈប់ឈរ​នៃ​ទេសចរណ៍​កម្ពុជា​។​

​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៨​កន្លងមក យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៦,២​លាន​នាក់ ដែល​ក្នុងនោះ​ទេសចរ​ចិន​ប្រមាណ​១,៩​លាន​នាក់ ស្ថិតក្នុង​លំដាប់​លេខ​១ ទាំង​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ​៣​លាន​នាក់ នៅ​ឆ្នាំ​២០២០ ហើយនឹង​កើន ដល់​៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ​៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។ ការកើនឡើង​នៃ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ក៏ដោយ​សារ​មានការ​ហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ដោយ​ក្រុមហ៊ុន​អាកាសចរ​ចិន​ចំនួន​១២ ដែល​ក្នុង​មួយអាទិត្យ​មានការ​ហោះហើរ​មក​កម្ពុ​ជា​ចំនួន​២០៧​ជើង សរុប​ក្នុង​មួយឆ្នាំ​មាន​១៥០៤​ជើង ព្រមទាំង​ថ្មីៗ​នេះ​មានការ​ហោះហើរ​ត្រង់​ពី​ប៉េកាំង​មក​ភ្នំពេញ​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×