Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន​ប្រគល់​ប្រាក់​រង្វាន់​ដល់​កីឡាករ​ជ័យលាភី ២១១ នាក់ ពី​ការប្រកួត​កីឡា SEA Games

spot_img

​ភ្នំពេញ​ ៖​ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពិតជា​មាន​មោទនភាព និង​កោតសរសើរ​ដោយស្មោះ ចំពោះ​កីឡាករ​កីឡាការិនី ដែល​ប្រកួត​ឈ្នះ នៅក្នុង​ការប្រកួត​កីឡា SEA Games កាលពី​ពេល​ថ្មីៗ​នេះ ដែល​ទទួលបាន​មេដាយមាស សម្រាប់​ប្រទេសជាតិ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ផ្តល់​កិត្តិយស​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល ជូន​កីឡាករ កីឡា​ការិនី ដែល​បាន​ឈ្នះ​មេដាយមាស​ក្នុង​ការប្រកួត SEA Games លើក​ទី​២៩ និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​អន្តរជាតិ​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សប្បាយរីករាយ និង​អបអរសាទរ​ចំពោះ​ជ័យលាភី​កីឡាករ​កីឡា​ការី​នី​ចំនួន ២១១ នាក់​ដែល​ទទួលបាន​មេដាយមាស មេដាយប្រាក់ និង​មេដៃ​សំរឹទ្ធិ​។ សម្តេច​តេជោ បាន​កោតសរសើរ និង​អគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ម្នាក់ៗ និង​ការខិតខំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សហព័ន្ធ​កីឡា គ្រូបង្វឹក​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​វិស័យ​កីឡា​ជាតិ​អោយ​កាន់តែ​រីកចម្រើន​។​

​នៅ​ក្នុង​ថ្ងៃនេះ គឺ​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្តល់​ថវិកា​ផ្ទាល់ខ្លួន ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី ជ័យលាភី និង​គ្រូបង្វឹក​ចំនួន ១០៩.០០០​ដុល្លារ​បន្ថែម ទៅលើ​ថវិកា​រាជរដ្ឋាភិបាល​ដែល​បាន​ចំណាយ​ប្រមាណ ១២​ពាន់​៥០០​លាន​រៀល​។ នេះ​គឺជា​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ដល់​កីឡាករ​កីឡាការិនី​អោយ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ឡើង​ថែម​ទៀត​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ បាន​ណែនាំ និង​លើកទឹកចិត្ត​ក្មួយៗ​កីឡាករ​អោយ​មាន​ភាពថ្លៃថ្នូរ​ស្អាតស្អំ កុំ​ធ្វើ​ដើម្បី​តែ​ប្រាក់​មួយ​មុខ​។ ព្រោះនេះ​ជា​កិត្តិយស​របស់​កីឡាករ​ផ្ទាល់ខ្លួន​ផង និង​ជា​កិត្តិយស​របស់​ជាតិ​ផង​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បំពាក់​គ្រឿង​ឥស្សរិយយស ដល់​កីឡាករ​កីឡា​ការី​នី ដែល​ទទួលបាន​មេដាយ​ខាងលើ និង​បាន​ជូនពរ​កូនក្មួយៗ​កីឡាករ​កីឡាការិនី​ទាំងអស់​ទទួលបាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ជាពិសេស​នៅក្នុង​ការប្រកួត​កីឡា SEA Games នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ខាងមុខ​។ ពិធី​នេះ​បានបញ្ចប់​ប្រកបដោយ​បរិយាកាស​ស្និទ្ឋស្នាល និង​រីករាយ​ក្រៃលែង​។​

​ទន្ទឹមនឹងនេះ​ដែរ​សម្តេច​តេជោ បាន​ស្នើ​សូម​ក្មួយៗ​កីឡាករ​កីឡាការិនី​ទាំងអស់​យោគយល់ និង​អធ្យាស្រ័យ ប្រសិនបើ​មាន​ការយឺតយ៉ាវ​ក្នុង​ការទទួល​ប្រាក់​ឧបត្ថម្ភ​។ សូម​ក្មួយៗ​តាំងចិត្ត​ជា​អ្នក​កីឡាករ​ស្អាតស្អំ ដោយ​មិន​គិត ឬ​ប្តូរ​យកតែ​ប្រាក់​មួយ​មុខ​សុខចិត្ត​ទម្លាក់​កិត្តិយស​ខ្លួន និង​ទម្លាក់​ការគាំទ្រ​ពី​មជ្ឈដ្ឋាន​សាធារណៈ​។​

​តម្លៃ និង​កិត្តិយស​របស់​ក្មួយៗ​គឺជា​មោទនៈភាព​ជាតិ ជាពិសេស​នៅពេល​ដែល​គេ​ប្រគល់​ពាន​មេដាយ ហើយ​ទង់ជាតិ​របស់​ប្រទេស​យើង ត្រូវ​បាន​បង្ហោះ​ឡើង​អម​ដោយ​ភ្លេងជាតិ​។ នេះ​ហើយ​គឺជា​តម្លៃ​សំខាន់បំផុត​ដែល​បង្ហាញ​ពី​ការ​ស្មើភាព និង​ស្មើ​សិទ្ធិ​នៅ​លើក​ឆាក​អន្តរជាតិ​ដោយ​មិន​គិតថា​ជា​ប្រទេស​ធំ ឬ តូច ប្រទេស​អ្នកមាន ឬ​ប្រទេស​អ្នកក្រ​ឡើយ​។​

​យើង​នឹង​បន្ត​នាំ​យក​មេដាយមាស​ជាច្រើន​ថែមទៀត​ជូន​ប្រទេស​ជាតិ​យើង ជាពិសេស​នៅក្នុង​ការប្រកួត​កីឡា SEA Games នៅ​ឆ្នាំ ២០២៣ ខាងមុខ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា “​ដោយសារ​មាន​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ជា​ដដែលៗ ខ្ញុំ​សូម​បញ្ជាក់​សារ​ជា​ថ្មី​អោយ​បងប្អូន​ជនរួមជាតិ​បាន​ជ្រាប​ថា ខ្ញុំ​គ្មាន​ប្រាក់​លាក់ទុក​នៅ​បរទេស​ដូច​ការ​បំប៉ោង​ដ៏​អាក្រក់​បំផុត​របស់​ជន​ខិលខូច​មួយចំនួន​ទេ​។ បើ​បរទេស​ណា​ចង់​បង្កក​ប្រាក់​មេដឹកនាំ​គណបក្ស​ប្រជាជន ឬ​មន្ត្រី​រាជរដ្ឋាភិបាល គឺ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​បន្ថែម​អោយ​ធ្វើ​ចុះ​។​
​ទ្រព្យសម្បត្តិ​ខ្ញុំ គឺ​អាច​មើលឃើញ​នៅ​តាម​វត្ត​អារាម សាលារៀន មជ្ឈមណ្ឌល​កុមារកំព្រា បណ្ណាល័យ ស្រះ​ទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយ​ចៅៗ​សិស្សានុសិស្ស និង​កូនក្មួយ​កីឡាករ​កីឡាការិនី និង​សម្រាប់​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​”៕ ដោយ​៖​កូឡាប​

spot_img
×