Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនុំ​នឹង​គ្នា ជនដៃដល់យក​កាំ​ផ្គាក់ស្ទាក់​កាប់​គូទំនាស់ ប៊ិះ​ស្លាប់​

spot_img

កណ្តាល​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល បានឲ្យដឹងថា ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស រវាង​ជនរងគ្រោះ និង​ជនសង្ស័យ ធ្លាប់​មាន​ទំនាស់​ពាក្យសម្ដី​គ្នា ពេល​ផឹកស៊ី ហើយក​កើត​ជា​គំនុំ​នឹង​គ្នា ជនដៃដល់ បាន​ស្ទាក់​កាប់​ជនរងគ្រោះ បណ្តាលឲ្យ​រងរបួស​ធ្ងន់ ដែល​ករណី​នេះ កើតហេតុ ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៨​និង​៣០​នាទី​ចំណុច ដីចម្ការ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្តាល ។​

​ជនរងគ្រោះ ១ នាក់ ឈ្មោះ អ៊ រ៉េត ភេទ ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅៗ ភូមិ​ព្រែក​ប៉ុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្តាល ។ ជនសង្ស័យ​១​នាក់ ឈ្មោះ លិន សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់យក កាំបិតផ្គាក់​ចំនួន ១ ផ្លែ​ដែក ដង​ធ្វើ​ពី​ឫស្សី​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ និង​ជនសង្ស័យ ធ្លាប់​មាន​ទំនាស់​ពាក្យសម្ដី​គ្នា ពេល​ផឹកស៊ី ១​លើក​មក​ហើយ​។ លុះ​នៅ​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩ ពេល​ល្ងាច ជនសង្ស័យ ក៏​បាន​កាប់​បំផ្លាញ​ដំណាំ​របស់​ជនរងគ្រោះ ដូចជា ស្វាយ ល្ហុង អស់​ជាច្រើន​ដើម ។

រហូតមកដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨​និង​៣០​នាទី ពេលនោះ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង ទៅ​ដាក់​ចំណី​ត្រី​ក្នុង​ស្រះ ឯ​ដី​ចម្ការ​ខ្លួន នៅពេល​នោះ​ក៏​បាន​ជួប​នឹង​ជនសង្ស័យ លិន សុភ័ក្ត្រ រួច​ជនរងគ្រោះ​បាន​សួរ​ទៅ លិន សូ​ភ័ក្ត្រ ថា បាន​កាប់​ដំណាំ​របស់ខ្លួន​អស់​ប៉ុន្មាន រួច​ជនរងគ្រោះ បាន​ទាក់​ពាក្យ​សម្ដី​គ្នា ជាមួយ​ជនសង្ស័យ ។ ភ្លាម​នោះ​ជនសង្ស័យ បាន​យក​កាំបិតផ្គាក់ ដែល​នៅ​ជាប់​ខ្លួន កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ អ៊ រ៉ែ​ត ជាច្រើន​កាំបិត បណ្ដាលឲ្យ​រងរបួស​ជា​ទម្ងន់ រួច​ជនរងគ្រោះ បាន​ព្យាយាម​រត់គេចខ្លួន ឲ្យគេ​ជួយ ។ ក្រោយ​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែក​ស្ដី បានទទួល​ព័ត៌មាន​នេះ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ រួច​បាន​តាម​ស្វែងរក​ជនសង្ស័យ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។​

​បច្ចុប្បន្ន ជនសង្ស័យ លិន សុភ័ក្ត្រ និង​វត្ថុតាង ដូច​បាន​ចាប់យក​ខាងលើ ត្រូវ​បាន​ឃាត់​នៅ​អធិការដ្ឋាន ដើម្បី​បន្ត ចាត់ការ​តាម​នីតិវិធី៕ ដោយ ​៖ ​កូឡាប​

 

spot_img
×