Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អញ្ជើញ​ដុត​កំទេច​ខ្ទឹម​ស្រស់​ផ្ទុក​សារធាតុ​គីមី ២៥​តោន ដែល​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ចាប់បាន​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បានឱ្យដឹង​ថា​មន្ត្រី ទំនិញ​ខ្ទឹមស​នាំចូល​ពី​ប្រទេស​ចិន ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ប្រភេទ​ថ្នាំពុល​កសិកម្ម Disulfoton សម្រាប់​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ និង​គ្រាប់​ធញ្ញជាតិ​ទម្ងន់​ជាង ២៥​តោន ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ធ្វើការ​ដុត​កំទេច​ចោល កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ប្រយោជន៍ ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ពិធី​ដុត​កំទេច​ទំនិញ បាន​ធ្វើឡើង​នៅ​ទីលាន​ចាក់សំរាម ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ភូមិ​អូរ​កំបុត ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ក្រោម​អធិបតីភាព លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល អាជ្ញាធរ​ដែនដី ព្រមទាំង​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​

​នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​បាន​ដកហូត​ខ្ទឹមស​ដ៏​មាន​គ្រោះថ្នាក់​ទាំងអស់ មក​កំទេច​ចោល​ទាន់ពេលវេលា ព្រោះ​ទំនិញ​នេះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដូចជា​ធ្វើឱ្យ​អ្នក​បរិភោគ​ក្អួត រាគ ញ័រ ប្រកាច់ ប្រស្រី​ភ្នែក​រួម​តូច និង​ពិបាក​ដកដង្ហើម ហើយ​អាច​បណ្តាលឱ្យ​ស្លាប់​បាន ក្នុង​ករណី​ធ្ងន់ធ្ងរ​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា បាន​បន្ថែមទៀតថា សកម្មភាព​ដុត​កំទេច​ទំនិញ​ថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កង្វល់ របស់​ប្រជាពលរដ្ឋ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គូសបញ្ជាក់ថា «​បញ្ហា​សុវត្ថិភាព ចំណីអាហារ នៅក្នុង​ប្រទេស​កម្ពុជា គឺជា​អតុល្យភាព​ទី​១ ក្នុង​ចំណោម​ចំណុច​អវិជ្ជមាន ឬ​អតុល្យភាព​ទាំង​១២ ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​»​។​

​ព្រម​ជាមួយគ្នានេះ លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​សំណូមពរ​ដល់​មន្ត្រី​សាខា​កាំកុងត្រូល​ទាំងអស់ ឲ្យ​បន្ត​ប្រឹងប្រែង​ត្រួតពិនិត្យ​ទំនិញ​នៅលើ​ទីផ្សារ និង​នៅ​តាម​ហាង​លក់ទំនិញ​នានា​ឲ្យបាន​ច្រើន​ថែមទៀត ប្រយោជន៍​ដើម្បី​ចូលរួម​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ជូន​អ្នក​ប្រើប្រាស់ នៅក្នុង​ប្រទេស​កម្ពុជា ដោយ​អនុលោម​តាម​កម្មវិធី​អភិក្រម ស្តីពី «​ការគ្រប់គ្រង​ហានិភ័យ​» ផ្អែកលើ​មូលដ្ឋាន​បច្ចេក​ទេស និង​វិទ្យាសាស្ត្រ​ច្បាស់លាស់​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ និង​ដកហូត​ទំនិញ​ខូច​គុណភាព និង​ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ទម្ងន់​សរុប​ចំនួន ៦៦​តោន (​បន្លែ ផ្លែឈើ គ្រឿង​កំប៉ុង គ្រឿង​សមុទ្រ និង​សាច់​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម​) យក​ទៅ​ដុត​កំទេចចោល នៅក្នុង​នោះ​ទំនិញ​ទម្ងន់ ៥,៣​តោន ត្រូវបាន​រឹបអូស​ពី​មាត់​ច្រក​ព្រំដែន និង​នៅតាម​ទីផ្សារ​មួយចំនួន នៃ​ខេត្ត​ព្រះសីហនុ​។​

​លោក ប៉ាន សូរ​ស័ក្តិ បន្តថា ដើម្បី​ឆ្លើយតប​បាន​ទាន់ពេលវេលា នូវ​ទំនិញ​ផ្ទុក​សារធាតុ​គីមី ឬ​ខូច​គុណភាព​នៅ​តាម​ទីផ្សារ ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ដាក់ឱ្យ​ប្រើប្រាស់​រថ​យន្ត​មន្ទីរពិសោធន៍​ចល័ត​ចំនួន ៣​គ្រឿង ក្នុងនោះ ២​គ្រឿង សម្រាប់​ត្រួតពិនិត្យ និង​វិភាគ​ផលិតផល​ម្ហូបអាហារ និង ១​គ្រឿង​ទៀត សម្រាប់​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេង នៅ​តាម​ស្ថានីយ​ប្រេងឥន្ធនៈ​ទូទាំង​ប្រទេស​។​

​លើសពីនេះ​ទៀត ក្រសួង​បាន​កំពុង​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត​ចំនួន​បី ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ថែមទៀត មានដូចជា​៖ ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ច្បាប់​ស្តី​ពី​ភាព​ប្រកួតប្រជែង​ជា​ដើម​៕ ដោយ​៖ ដែន សីមា

spot_img
×