Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ផ្តល់​ថវិកា​១៧​លាន​ដុល្លារ សម្រាប់​បង្កើន និង​អភិវឌ្ឍ​វារីវប្បកម្ម​ទឹកសាប នៅ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ខេត្តកណ្តាល កំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ចាម នៅ​កម្ពុជា ត្រូវបាន​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក ឧបត្ថម្ភ​ប្រាក់​ចំនួន ១៧ លាន​ដុល្លារ សម្រាប់​បង្កើន និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប ។

​នៅក្នុង​គម្រោង​ឥណទាន​ដោយផ្ទាល់ ពី​ក្រសួងកសិកម្ម សហរដ្ឋអាមេរិក សម្រាប់​ដំណើរការ​កម្មវិធី ស្របទៅនឹង​ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វារីវប្បកម្ម នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នេះ​បើ​យោងតាម បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងកសិកម្ម បាន​ឲ្យ​នៅ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នេះ​ថា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា មាន​រៀបចំ​ពិធី​ប្រកាស បើក​ការអនុវត្ត គម្រោង​អភិវឌ្ឍន៍ វារីវប្បកម្ម​សម្រាប់​និរន្ត​ភាព​ពាណិជ្ជកម្ម (CAST) នៅ​ប្រទេស​កម្ពុជា ក្រោម​អធិបតីភាព​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក Michael Newbill តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ដោយ លោកស្រី Megan Francic តំណាង​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក លោក Jim Hershey នាយក​គម្រោង CAST នៅ​កម្ពុជា តំណាង​អង្គការ សង្គម​ស៊ីវិល និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សរុប​ប្រមាណ ៧០​នាក់​។​

​គម្រោង​នេះ​នឹង​ជួយ ជំរុញ​ដល់​ការ​កំណើន​កូន​ត្រី​ពូជ និង​ចំណី ព្រមទាំង​ពង្រឹង​គ្រប់​ទំនាក់ទំនង ក្នុង​ខ្សែ​ច្រវាក់​តម្លៃ ពី​កន្លែង​បង្កាត់​ភ្ញាស់​ទៅ​អ្នក​ផលិត អ្នកទិញ និង​អ្នក​ចែកចាយ​។ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការកើនឡើង​នូវ​ទំនុកចិត្ត និង​ឈានទៅ​ទទួលបាន​នូ​ផល​ត្រី​ដែលមាន​គុណភាព​ខ្ពស់ និង​ស្តង់ដារ​សមរម្យ​។ លើសពីនេះ គម្រោង​នេះ​នឹង​ជួយ​សេដ្ឋកិច្ចជាតិ​កម្ពុជា តាមរយៈ​ការនាំចេញ​ផល​ត្រី​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព​។

​ក្នុងឱកាស​ពិធី​ប្រកាស​ដាក់ឱ្យ អនុវត្ត​នូវ​គម្រោង​អភិវឌ្ឍន៍ វារីវប្បកម្ម​សម្រាប់​និរន្ត​ភាព ពាណិជ្ជកម្ម (CAST) នៅ​ប្រទេស​កម្ពុជា លោក Michael Newbill បញ្ជាក់ថា គម្រោង (CAST) ជា​គម្រោង​ដ៏​សារៈសំខាន់ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​អនុវិស័យ​ជលផល​នៅ​កម្ពុជា ជាពិសេស​លើ​ការអភិវឌ្ឍ​បច្ចេកទេស និង​បច្ចេកវិទ្យា​វារីវប្បកម្ម ដើម្បី​ធានា​នូវ​និរន្ត​ភាព​ផលិតផល​ជលផល​នៅ​កម្ពុជា និង​បង្កើន​នូវ​គុណភាព និង​ស្តង់ដារ​ផលិតផល​ត្រី​។ លើសពីនេះ គម្រោង CAST ក៏​នឹង​ជួយ​ដល់​ការផ្សារភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ផងដែរ ​។​

​ជាការ​ឆ្លើយតប​លោក វេ​ង សាខុន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដែល​បាន​គាំទ្រ និង​ចូលរួម​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ជាក់ស្តែង តាមរយៈ​គម្រោង​នេះ​បានបង្ហាញ​ពី​ជំហរ របស់​សហរដ្ឋ​អាមេរិក​​ក្នុងការ​គាំទ្រ​ដល់​គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​ក៏ បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​មួយ​ដែល​ដើរតួនាទី​សំខាន់ ក្នុងការ​ចូលរួមចំណែក​រក្សា​នូវ​និរន្ត​ភាព នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា ធានា​សមធម៌ សន្តិសុខ​ស្បៀង និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា វិស័យ​វារីវប្បកម្ម​នៅ​កម្ពុជា​កំពុងផ្តល់​នូវ​សញ្ញា​នៃ​ការរីកចម្រើន​គួរឱ្យកត់​សម្គាល់ ដោយឡែក​វិស័យនេះ​ក៏មាន​ការ​ប្រឈម​ជាច្រើន​ដូចជា គុណភាព​កូន​ត្រី​ពូជ​មិនទាន់​ឆ្លើយតប​តាម​តម្រូវ​ការ កង្វះខាត​នូវ​ការទទួលបាន​បច្ចេកទេស និង​បច្ចេកវិទ្យា​ថ្មីៗ តម្រូវការ​អនាម័យ និង​ស្តង់ដារ​ភូត​គាម​អនាម័យ និង​ស្ថានភាព​ទីផ្សារ​ដែល​ភ្ជាប់​រវាង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ក៏​នៅមានកម្រិត​។

​លោក​បាន​បន្ថែមទៀតថា ដូច្នេះ​គម្រោង CAST Cambodia នេះ​ពិតជា​ចាំបាច់ និង​ឆ្លើយតប​ទាន់ពេលវេលា ដើម្បី​សម្រេចបាន​តាម​គោលដៅ នៃ​ការសម្របសម្រួល​ផ្គត់ផ្គង់​ត្រី បាន​ទាំង​បរិមាណ មាន​គុណភាព​ខ្ពស់ និង​តម្លៃ​ល្អប្រសើរ​នៅ​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​សាកលភាវូបនីយកម្ម​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​អង្គភាព​ជំនាញ បង្កើន​សមត្ថភាព​បច្ចេកទេស វារីវប្បកម្ម​ដល់​មន្ត្រី​ជលផល និង​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ខេត្ត​គោលដៅ នៃ​គម្រោង​ឱ្យបាន​កាន់តែ​ប្រសើរ និង​ជួយ​ផ្សព្វផ្សាយ​ទៅដល់​វា​រី​វប្បករ​នៃ​ខេត្ត​ផ្សេងៗ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត​ដើម្បី​បង្កើន​សក្តានុពល​នៃ​ផលិតផល​ជលផល​ទាំង​បរិមាណ គុណភាព និង​កាត់បន្ថយ​ការនាំ​ចូល​។ ដោយឡែក​ស្ថានីយ​ភ្ញាស់​កូន​ត្រី​ពូជ​នីមួយៗ​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឡើងវិញ ដើម្បី​បង្កាត់​ភ្ញាស់​កូន​ត្រី​ពូជ​ឱ្យបាន​ច្រើន ប្រកបដោយ​គុណភាព​ល្អ សម្រាប់​ចែកជូន​កសិករ ដើម្បី​ជំរុញ​ការចិញ្ចឹម​ផង និង​លែង​ទៅ ក្នុង​ធម្មជាតិ​ផង ព្រមទាំង​ត្រូវ​លើកទឹកចិត្ត ដល់​ផ្នែក​ឯកជន​ក្នុងការ​វិនិយោគ បង្កើន​ស្ថានីយ​ភ្ញាស់​កូន​ត្រី​ពូជ កសិដ្ឋាន​ចិញ្ចឹម​ត្រី រោងចក្រ​ផលិត​ចំណី​ត្រី រោងចក្រ​កែច្នៃ​ផល​ផលិតផល​ជលផល​ជាដើម​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×