Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស្វាយ សំ​អ៊ាង ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ​ករណី ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ​០១​រូប ​រងរបួស​

spot_img

​ខេត្តមណ្ឌលគិរី ៖ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក​ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១ ខែមករា ឆ្នាំ​២០១៩ បាន​ដឹកនាំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ចុះទៅពិនិត្យ​ទីតាំង​កើតហេតុ​ដោយផ្ទាល់​ករណី​ខ្មាន់កាំភ្លើង​ប្រដាប់​ដោយ​អាវុធ​អាកា​បាញ់រះ​មកលើ​ក្រុម​អនុវត្ត​ច្បាប់​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហើយ​បាន​បណ្ដាល​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន​០១​រូប​រងរបួស​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ស្វាយ សំ​អ៊ាង បាន​សម្ដែង​នូវ​ការសោកស្ដាយ​ចំពោះ​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង នៅ​គ្រា​ដែល​ឯកឧត្តម​មាន​ភារកិច្ច​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ភ្លាមៗ​បន្ទាប់ពី​ទទួលដំណឹង​នេះ ឯកឧត្ដម​អភិបាលខេត្ត​បាន​ចាត់​ក្រុមការងារ​ឲ្យ​ចុះទៅ​ជួយ​រៀបចំ​និង​សាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ដោយផ្ទាល់​នៅ​បន្ទប់​សង្គ្រោះ​ក្នុង​រាជធានី​ភ្នំពេញ ដ្បិត​ឯកឧត្ដម​ផ្ទាល់​កំពុងមាន​ភារកិច្ច ហើយក៏​បានធ្វើ​ដំណើរ​ម​ក​កាន់​ខេត្តមណ្ឌលគិរី​វិញ​ភ្លាមៗ​ផងដែរ​។​

​លោក ស្វាយ សំ​អ៊ាង ក៏​ឆ្លៀត​យក​ឱកាស​នេះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​កម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​ប្រតិបត្តិការ​សឹក​រង​ខេត្ត ភ្នាក់ងារ​ល្បាត​សហគមន៍ និង​ក្រុមការងារ​របស់​អង្គការ WWF ដែល​ធ្វើ​កិច្ចការ​និង​គាំទ្រ​ទៅលើ​ផ្នែក​បច្ចេកទេស​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នេះ​ផងដែរ​។​

​លោក អភិបាលខេត្ត​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត គឺ​ឯកឧត្ដម​មិន​គាំទ្រ​ជាដាច់ខាត​នូវ​ក្រុម​អនាធិបតេយ្យ​ដែល​បង្ក​ជា​បញ្ហា និង​មាន​ចរិតលក្ខណៈ​កាច​សាហាវ​ដែល​បាន​បាញ់រះ​មកលើ​សមត្ថកិច្ច ជាពិសេស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​មន្ត្រី​រួមសហការ ដែល​កំពុង​ដើរល្បាត​។ ឯកឧត្ដម​បន្តថា ជា​វិធានការ​គឺ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត និង​អ្នកពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្ទុះអាវុធ​នេះ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាងតែបាន។​

​លោក អភិបាល​នៃ​គណៈ​អភិបាលខេត្ត ក៏បាន​បង្ហាញ​អំពី​ទស្សនៈ និង​សុទ្ធិ​ដ្ឋិ​និយម រួមទាំង​កិច្ច​គាំទ្រ​ចំពោះ​សក្ដានុពល​ធនធានធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ជាពិសេស​គឺ​កត្តា​អំណោយផល​ទៅលើ​អាកាសធាតុ​នៅក្នុង​ខេត្តមណ្ឌលគិរី​នេះ​។ លោក បាន​ឆ្លៀត​យក​ឱកាស​នេះ ជំរុញ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​មន្ទីរ​បរិស្ថាន និង​កម្លាំង​សហការ​ទាំងអស់ ត្រូវមាន​សាមគ្គីភាព​គ្នា និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​។ លោក​ក៏បាន​នាំយក​នូវ​សម្ភារ​មួយចំនួន​ជា​គ្រឿងឧបភោគ​បរិភោគ​ទុក​សម្រាប់​ចែកជូន​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​នៅ​ប្រចាំការ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ផងដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×