Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​នៃ​ការពង្រឹង កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​ចិន​

spot_img

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

សម្ដេច​ក្រឡាហោម បាន​មានប្រសាសន៍​ទៅកាន់ លោក​វ៉ាង វិ​ន​ធៀន (Wang Wentian) អំពី​លទ្ធផល​គួរ​ជាទី​មោទន នៃ​ដំណើរ​ទស្សនកិច្ច សម្ដេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​កាលពីដើម​ខែមករា ដែល​បាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាងច្រើន ជាពិសេស​សម្ដេច ក៏បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ចិន ដែល​បានផ្ដល់​កូតា​ទទួល​ទិញ និង​នាំចូល​អង្ករ​កម្ពុជា ៤០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៩​នេះ​។​

​ក្នុងឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ឡើងវិញ នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ចិន ដែលជា​រៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ​ក្រសួង​ទាំងពីរ តែងតែ​ប្ដូរ​គ្នា​រៀបចំ​កិច្ចប្រជុំ ហើយ​តាមរយៈ​យន្តការ​នេះ សម្ដេច​សូម​ថ្លែងអំណរគុណ​ភាគី​ចិន ដែល​តែងតែ​គាំទ្រ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស សម្ភារៈ និង​ជំនួយ​ផ្សេងៗ​។​

លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ក៏បាន​ជំរាបជូន សម្ដេច​ឧបនាយករដ្ឋមន្ត្រី ភ្លាមៗ​ដែរ​អំពី​លទ្ធផល​ដ៏​ជោគជ័យ នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្ដ​ច​តេ​ជោ ដោយ​លោក​បានចាត់ទុក​ទស្សន​កិច្ច​នេះ ថា​ការ​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ រវាង​កម្ពុជា និង​ចិន ឲ្យ​កាន់តែ​ឈានឡើង​មួយកម្រិត​ទៀត ទាំង​ទ្វេរ​ភាគី និង​នៅលើ​ឆាក​អន្តរជាតិ​។​

​លោក ឯកអគ្គរដ្ឋទូត ក៏បាន​ជំរាបជូន​សម្ដេច​អំពី​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​នៃ​ការពង្រឹង​កិច្ចសហប្រតិ​បត្តិការ អនុវត្ត​ច្បាប់​រវាង​កម្ពុជា និង​ចិន និង​ការ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា របស់លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និង​វប្បធម៌​ចិន ដើម្បី​អបអរសាទរ​ការចាប់​ផ្ដើម​ឆ្នាំ នៃ​វប្បធម៌​រវាង​កម្ពុជា ចិន​ដែរ​។​

​ពាក់ព័ន្ធ​នឹង​ការដាក់ចេញ​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ នូវ​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​នោះ លោក វ៉ាង វិ​ន​ធៀន (Wang Wentian) បាន​ជំរាបជូន​អំពី​គម្រោង​អញ្ជើញ សម្ដេច​ក្រឡាហោម ស ខេង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នាពេលខាងមុខ ដើម្បី​ចូលរួម​កិច្ចប្រជុំ និង​ពិធី​អបអរ​ការចាប់ផ្ដើម អនុវត្ត​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​នៅ​ឆ្នាំ​២១៩​នេះ ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×