Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ឡាវ បានស្នើ កម្ពុជា បន្ត​ផ្ដល់​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សន្តិសុខ​ព្រំដែន សេដ្ឋកិច្ច ពាណិជ្ជកម្ម

spot_img

​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ឡាវ បានស្នើ​សុំ រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ផ្ដល់​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សន្តិសុខ​ព្រំដែន ការការពារ​ភាពស្របច្បាប់ របស់​ពលរដ្ឋ​ឡាវ នៅ​កម្ពុជា និង​ការធ្វើ​កាន់តែ​រីកចម្រើន ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងទៀត​។​

​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមករា ឆ្នាំ​២០១៩​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ លោក អាំ​ផៃ គីន​ដាវ​ង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ក្នុងជំនួប​ជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការអបអរសាទរ និង​ស្វាគមន៍​ចំពោះ លោក អាំ​ផៃ គីន​ដាវ​ង្ស (Amphay Kindavong) ដែល​ត្រូវបាន​រដ្ឋាភិបាល​ឡាវ ផ្ដល់​សេចក្ដីទុកចិត្ត​ឲ្យ​មក​បំពេញបេសកកម្ម​កា​រទូ​ត​នៅ​កម្ពុជា ជា​ប្រទេស​ជាប់​ព្រំដែន មាន​ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ប្រពៃណី និង​សាសនា ប្រហាក់ប្រហែលគ្នា​។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​អំពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្ដេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ឡាវ កាលពី​ចុងឆ្នាំ​២០១៨ ដោយ​សម្ដេច​បាន​ជំរាបជូន លោក ឯកអគ្គរដ្ឋទូត​ឡាវ ថា តាមរយៈ​ទស្សនកិច្ច​នោះ ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ឡាវ ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​មួយកម្រិត​ទៀត​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍​អំពី​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ឡាវ ដែល​ស្ថាប័ន​ទាំងពីរ តែងតែ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយគ្នា​ជា​រៀងរាល់ឆ្នាំ ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្រសួងមហាផ្ទៃ​នឹង​ទទួល​រៀបចំ កិច្ចប្រជុំ​ដោយ​សម្ដេច​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​បាន​ត្រៀម​រួចរាល់​អស់ហើយ ​។​

​នាឱកាស​នោះដែរ សម្ដេច​ក៏បាន​ឆ្លៀត​រំលឹក​ឡើងវិញ អំពី​បញ្ហា​ប្រឈមមុខ​ដាក់គ្នា​ខ្លះ រវាង​ប្រទេស​ទាំងពីរ ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កាលពីពេល​កន្លងមក ដោយ​សម្ដេច​បាន​សម្ដែង​ការអបអរសាទរ និង​ស្វាគមន៍​ជាទីបំផុត នៅពេល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន និង​កំពុង​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី​។​

​លោក ឯកអគ្គរដ្ឋទូត​ឡាវ ក៏បាន​ជំរាបជូន សម្ដេច​ឧបនាយករដ្ឋមន្ត្រី អំពី​លទ្ធផល​ដ៏​គួរ​ឲ្យ​អបអរសាទរ នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ និង​បាន​សម្ដែង​ការគាំទ្រ សម្ដេច​ក្រឡាហោម ចំពោះ​ការអបអរសាទរ ការដោះស្រាយ​បញ្ហា​ប្រឈម ដោយ​សន្តិវិធី​រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក​។​

​លោក​ឯកអគ្គរដ្ឋទូត ក៏បាន​ស្នើសុំ សម្ដេច​ក្រឡា​ហោ ស ខេង និង​អង្គភាព​ពាក់ព័ន្ធ បន្ត​ផ្ដល់​ការគាំទ្រ ចំពោះ​ការបំពេញ​ការងារ​ការ​ទូត របស់លោក​ប្រចាំ​នៅ​កម្ពុជា ពិសេស​ពាក់ព័ន្ធ​កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​សន្តិសុខ​ព្រំដែន ការការពារ​ភាពស្របច្បាប់ របស់​ពលរដ្ឋ​ឡាវ នៅ​កម្ពុជា និង​ការធ្វើ​កាន់តែ​រីកចម្រើន​ក្នុង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងទៀត​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×