Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុមហ៊ុន​បារី​វី​នី​តុ​ន​គ្រុប នៅតែ​ផលិត​ប្រក្រតីទិន​ផ្សាយពាណិជ្ជកម្ម​បារី ឆ្នាំ​២០១៨ នៅ​ខេត្ត​សៀមរាប​

spot_img

​ភ្នំពេញ​ ៖ បើទោះបីជា​ប្រទេស​កម្ពុជា​មានច្បាប់​ហាមឃាត់ ការផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់ តាំងពី​ឆ្នាំ​២០១៥ យ៉ាងណា​ក៏​ដោយ (​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់​ឆ្នាំ​២០១៥) តែ​ក្រុមហ៊ុន​បារី​វី​នី​តុ​ន​គ្រុប នៅតែ​ផលិត​ប្រក្រតីទិន​ផ្សាយពាណិជ្ជកម្ម​បារី​ដដែល​។ ជាក់ស្តែង គឺ​ប្រក្រតីទិន​ផ្សាយពាណិជ្ជកម្ម​បារី ឆ្នាំ​២០១៨ ដែល​យើង​បាន​រកឃើញ នៅ​ទីក្រុង​សៀមរាប ក្នុងអំឡុងពេល​នៃ​ការអង្កេត ការអនុវត្ត​ច្បាប់ ស្តីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​ថ្មីៗ​នេះ​។​

​ម្យ៉ាងវិញទៀត បើ​តាម​កម្លាំង​ចម្រុះ ដែល​ចុះ​បង្ក្រាប​ក្រុមហ៊ុន​បារី​វី​នី​តុ​ន​គ្រុប ជា​លើក​ទី​២ កាល​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្ថ​កិច្ច​បាន​រកឃើញ​ប្រក្រតី​ទិន ផ្សាយពាណិជ្ជកម្ម​បារី ដែល​បោះពុម្ព​ថ្មី សម្រាប់​ឆ្នាំ​២០១៩ និង​សម្ភារៈ​ផ្សាយពាណិជ្ជកម្ម​បារី ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​នេះ ផលិត​ខុសច្បាប់​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លទ្ធផល​នៃ​ការអង្កេត វាយតម្លៃ​លើ​ក​ទី​២ ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ក្រសួង​ទេសចរណ៍​។

​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែងថា ចំណែកឯ​លទ្ធផល​នៃ​ការអង្កេត ការអនុវត្ត​ច្បាប់ ស្តីពី​ការអនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ក្នុង​ក្រុង​សៀមរាប បានបង្ហាញ ៣៦​ភាគរយ នៃ​កន្លែង​លក់​គ្រឿងទេស មាន​ផ្សាយពាណិជ្ជកម្ម​ផលិតផល​ថ្នាំជក់​។​

​គួរកត់សម្គាល់​ថា យោង​តាម​ការអង្កេត​មួយ ដែល​ធ្វើឡើង​ដោយ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ ដដែល​នេះ បានឱ្យដឹងថា ៨៥​ភាគរយ នៃ​អ្នក​លក់​បារី បាន​ទទួល​វត្ថុ​ប្រើប្រាស់ និង​បារី ជា​ថ្នូរ​នឹង​ការផ្សាយពាណិជ្ជកម្ម​បារី និង​ការតាំង​កញ្ចប់​បារី ឱ្យមាន​ការទាក់ទាញ​អតិថិជន​។ វត្ថុ​ប្រើប្រាស់​ទាំងនេះ មានដូចជា ឆ្នាំង​ដាំបាយ Power Bank ប្រតិទិន និង​ដែកកេះ​ជាដើម​។ អ្នកលក់​បារី​មួយចំនួនទៀត បាន​ទទួល​ពី ភ្នាក់ងារ​ក្រុមហ៊ុន​ថ្នាំជក់ ជា​បារី ចាប់ពី​២​កញ្ចប់ រហូតដល់​៤​សុង​(៤០​កញ្ចប់​) រីឯ​អ្នកលក់​បារី​ខ្លះទៀត បាន​ទទួល​ជា​ប្រាក់​ចាប់ ពី​៥​ដុល្លារ រហូតដល់​៣០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ឲ្យ​ពួកគាត់​ផ្សព្វផ្សាយ ម៉ាក​បារី របស់​ក្រុមហ៊ុន​ពួកគេ ដល់​អតិថិជន ដែល​មក​ទិញ​បារី នៅ​កន្លែង​គាត់​ផ្ទាល់ ក៏​ដូចជា​ធ្វើ​យ៉ាងណា​ឲ្យ​ពួកគាត់ (​អ្នកលក់​បារី​) ព្យាយាម​ជួយ​ជំរុញ ការលក់​បារី​របស់​ក្រុមហ៊ុន​គេ ឲ្យដាច់​ជាង​មុន​បន្ថែមទៀត​។​

​យោង​តាម​លទ្ធផល​នៃ​ការអង្កេត កាលពី​ខែ​ធ្នូ​២០១៨ ក្នុង​ខេត្ត​សៀមរាប ៧៤​ភាគរយ នៃ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​ការ​ហ្វេ បាន​បិទ​ស្លាក​សញ្ញា​ហាម​ជក់បារី​។ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ហាង​ការ​ហ្វេ ដែល​មិន​ទាន់​បាន​បិទ​សញ្ញា​ហាម​ជក់បារី អាច​ប្រឈម​នឹង​ការផាកពិន័យ ៥​ម៉ឺន​រៀល ឯ​អ្នក​ជក់បារី​ត្រូវ​ផាកពិន័យ​២​ម៉ឺន​រៀល​។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​គូសបញ្ជាក់​បន្ថែមថា ក្រុង​សៀមរាប គឺជា​មុខមាត់​របស់​ប្រទេស​កម្ពុជា ដែល​ជាក់ស្ដែង​កំពុងតែ​មាន​កំណើន នៃ​ចំនួន​ភ្ញៀវទេសច​រទាំង​ជាតិ និង​អន្តរជាតិ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ ការខិតខំ​ប្រែក្លាយ​ទីក្រុង​ទេ​សរណ៍ ប្រវត្តិសាស្ត្រ​មួយ​នេះ ឲ្យក្លាយ​ជា​ទីក្រុង​គ្មាន​ផ្សែង​បារី គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ថែម​ទៀត ក្នុង​ការជំរុញ​កំណើន​ភ្ញៀវទេសចរ​ឲ្យមក​ទស្សនា ហើយ​ការចូលរួម​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​នូវ​អនុសញ្ញា​អន្តរជាតិ ស្ដី​ពី​ការត្រួត​ពី​និត្យ​ផលិតផល​ថ្នាំជក់ របស់​អង្គការ​សុខភាព​ពិភពលោក ដែល​រដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​មាន​ខិតខំ​ប្រឹងប្រែង ក្នុង​ការយកចិត្តទុកដាក់​ទៅលើ​សុខភាព​ប្រជាជន ពី​ការ​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ ក៏ដូចជា សុខភាព​របស់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងឡាយ​ដែល​ចូលមក​ប្រទេស​កម្ពុជា ជា​ពិសេស​ទីក្រុង​សៀមរាប ឲ្យ​រួចផុត​ពី​គ្រោះថ្នាក់​ដែល​បង្ករ​ឡើង​ដោយ​ថ្នាំជក់​។​

​ថ្នាំជក់​បាន​បង្ក​ឲ្យ​កើត​ជំងឺ​ជាច្រើន​ប្រភេទ ដូចជា ជំងឺមហារីក​សរសៃឈាម បេះដូង ជំងឺ​ផ្លូវដង្ហើម ផ្លូវ​រំលាយ​អាហារ ។​ល​។ ហើយ​ថ្នាំជក់​មិនមែន​ជា​ផលិតផល ធម្មតា​នោះ​ទេ ជា​ឃាតក​លាក់​មុខ វា​បាន​បំផ្លាញ​សរីរាង្គ និង​សម្លាប់​អ្នក​ជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​យ៉ាង​ស្ងៀមស្ងាត់​បំផុត​។​

​យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បានបង្ហាញ​ថា ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ទូទាំង​ពិភពលោក​ប្រមាណ ៧​លាន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ ដែល​បង្ក​មក​ពី​ការជក់បារី ហើយ​នៅ​កម្ពុជា មាន​មនុស្ស​ប្រមាណ​ជាង​១៦​ពាន់​នាក់ បាន​ស្លាប់​ដោយសារ​ការជក់បារី ខណៈ​ដែល​កម្ពុជា ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​១៦៣​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​ដើម្បី​ព្យាបាល​ជំងឺ ដែល​បណ្ដាល​មកពី​ការជក់បារី ហើយ​ពលរដ្ឋ​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​លើ​ការទិញ​បារី​ប្រមាណ ២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ផងដែរ​។​

​សូមបញ្ជាក់​ថា ទីក្រុង​គ្មាន​ផ្សែង​បារី គឺមាន ទី​១៖ ហាមឃាត់​ការជក់បារី ក្នុង​អគារ​នៃ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ ទី​២៖ ហាម​ជក់បារី​ខាង​ក្នុង​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ ទី​៣៖ អាច​ជក់​បារី​បាន នៅក្រៅ​អគារ​ចម្ងាយ ៥​ម៉ែត្រ​ពី​ច្រកចូល ទី​៤៖ ហាម​ជក់បារី​ក្នុង​បរិវេណ​នៃ​គ្រឹះស្ថាន​សិក្សា គ្រឹះស្ថាន​សុខាភិបាល ទារកដ្ឋាន សួន​កុមារ សួនច្បារ​សាធារណៈ គ្រឹះស្ថាន​សាសនា សារមន្ទីរ រមណីដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ កន្លែង​ហាត់ប្រាណ ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ និង​កន្លែង​ងាយ​ឆាបឆេះ​។​

​លោក​ហោ សារុន រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា ក្រុង​សៀមរាប គឺជា​ក្រុង​ទេសចរណ៍ ដូច្នេះ​ត្រូវ​ទាមទារ​ការគិតគូរ​អំពី​បញ្ហា​សុខភាព ជាពិសេស​ផ្សែង​បារី ការជក់បារី នៅ​តាម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហើយ​បញ្ហា​ផ្សេង​បារី មិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ទេ ប៉ុន្តែ​បណ្តាលឲ្យ​កើត​ជំងឺ​រ៉ាំរ៉ៃ​។ ក្រសួង​ទេសចរណ៍ បាន​បង្កើត​ក្រុម​ការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ ដោយ​បាន​ផ្សព្វផ្សាយ​នូវ​បរិស្ថាន​គ្មាន​ផ្សែង​បារី ក្នុង​វិស័យ​ទេសចរណ៍ នៅតាម​រាជធានី ខេត្ត ។

​លោក​បាន​បន្តថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ក្រុង​សៀមរាប នឹង​ត្រូវ​ដាក់​ជា​ក្រុង​បរិស្ថាន​គ្មាន​ផ្សែង​បារី ដោយ​មាន​ការផ្សព្វផ្សាយ​ឲ្យមាន​ការចូលរួម​ពី​ម្ចាស់​សណ្ឋាការ ផ្ទះសំណាក់ អាជ្ញាធរ​មូលដ្ឋាន សាលាឃុំ​សង្កាត់ សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ ។

​លោក​បាន​ថ្លែងថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់ លទ្ធផល​នៃ​ការអង្កេត វាយតម្លៃ​លើ​ក​ទី​២ ស្តីពី​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី នៅក្នុង​ក្រុង​សៀមរាប ក្នុង​គោលបំណង​ការពារ​សុខុមាលភាព​របស់​ប្រជាជន ការពារ​និង​ទប់ស្កាត់​ការរង​ផ្សែង​ផលិតផល​ថ្នាំជក់ ដែល​បង្ក​ឲ្យមាន​ហានិភ័យ​សុខភាពដ​ល់​អ្នក​នៅ​ជុំវិញ​និង​បរិស្ថាន និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​ជា​ពិសេស​ការចូលរួម​ចែករំលែក​បទពិសោធន៍​នានា​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ដើម្បី​ប្រែក្លាយ​ទីក្រុង​សៀម​រាម ជា​ទីក្រុង​គ្មាន​ផ្សែង​បារី​។​

​សូមបញ្ជាក់​ថា នៅ​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ ប្រជាពលរដ្ឋ​ប្រមាណ​១​ម៉ឺន​នាក់ បាន​ស្លាប់​ជា​រៀប​រាល់​ឆ្នាំ បណ្តាលមកពី​ជំងឺ​ដែល​បង្ក​ដោយ​ការប្រើប្រាស់ ថ្នាំជក់​៕ ដោយ ​៖​ កូឡាប​

spot_img
×