Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រានចោល​ព័ត៌មាន​ថា រាជរដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កែប្រែ​ពី​រាជានិយម ទៅ​របប​សាធារណរដ្ឋ​

spot_img

​ភ្នំពេញ​ ៖ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ចេញ​សេចក្តីថ្លែងការណ៍ ប្រកាស​ច្រានចោល និង​បដិសេធ​ព័ត៌មាន​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​រាត្រី​ថ្ងៃទី​៣១​ខែ​មករា​ឆ្នាំ​២០១៩ នូវ​ព័ត៌មាន​មិន​ពិត​មាន​លក្ខណៈ​បំភ័ន្ត និង​បំពុល​សាធារណៈមតិ អំពី ” ផែនការ​របស់​រាជរដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កែប្រែ​ពី​រាជានិយម​ទៅ​របប​សាធារណរដ្ឋ​”​។​

​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សូម​បំភ្លឺ​ជូន​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​ឲ្យបាន​ជ្រាប​ច្បាស់​ថា​៖ ១) មាត្រា ១៥៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែងថា ការសើរើ ឬ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មិន​អាចធ្វើ​បាន​ឡើយ កាលបើ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​។ ម្យ៉ាងវិញទៀត មាត្រា ១៣៦ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ក៏​បាន​កំណត់​អំពី​បេសកកម្ម​របស់​ក្រុមប្រឹក្សា ធម្មនុញ្ញ​ដែល​ចែងថា ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សមត្ថកិច្ច​ធានា​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ​។ ២) រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​បាន​ដើរតួនាទី​ស្នូល និង​ជា​ឆ្អឹងខ្នង ដ៏​រឹងមាំ​បំផុត នៅក្នុង​ដំណើរការ​នៃ​ការ​នាំ​មក​វិញ​នូវ​របប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​ទី​២​នេះ ហើយ​ជានិច្ចកាល​ក៏​ជា​អ្នកការពារ​ដាច់ខាត​នូវ​របប​នេះ​ដែរ ដែល​ប្រវត្តិសាស្ត្រ​ក្នុង​យុគសម័យ​នេះ បាន​ទទួលស្គាល់ និង​មិន​អាច​បដិសេធ​បានឡើយ​។ ៣) នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សច្ចា​យ៉ាង​ច្បាស់​នៅ​ចំពោះ​មុខ​ព្រះ​សព​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ថា​៖ ចំពោះ​សម្តេច​ឪ ទូលបង្គំ​នឹង​ការពារ​ព្រះ​រាជបល្ល័ង្ក ការពារ​រាជានិយម ការពារ​សម្តេចម៉ែ ការពារ​ព្រះមហាក្សត្រ​។ សូម​ព្រះអង្គ​កុំ​ព្រួយព្រះទ័យ​។ ទូលបង្គំ​សច្ចា​ចំពោះ​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះអង្គ សូម​ព្រះអង្គ​កុំ​បារម្ភ សូម​ព្រះអង្គ​យាង​ទៅ​កាន់​សុគតិភព​។ ទូលបង្គំ​នឹង​ការពារ​….. ហើយ និង​៤) នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្តេច​តេជោ ហ៊ុន សែន បាន គូសបញ្ជាក់​សារ​ឡើងវិញ​នូវ​ការប្តេជ្ញា​ចិត្ត​ដាច់ខាត ក្នុង​ការការពារ​រប​ប​រាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ និង​ព្រះ​រាជបល្ល័ង្ក​ថា​៖…​ត្រកូល​ហ៊ុន មិនមែន​យក​ប្រទេស​នេះ ធ្វើ​ជា​ប្រទេស​ផ្តាច់មុខ​របស់​ខ្លួន​ទេ​។ តែ​ត្រកូល​ហ៊ុន សុំ​ធានា​ការពារ​នូវ​សន្តិភាព​សម្រាប់​ប្រទេស​នេះ ការពារ​នូវ​រាជបល្ល័ង្ក ការពារ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ការពារ​នូវ​ព្រះមហាក្សត្រ ការពារ​នូវ​រដ្ឋធម្មនុញ្ញ ការពារ​អ្វីៗ​ដែល​ជា​សមិទ្ធផល​សង្គម​ជាតិ​។ សូម​អ្នក​ទាំងឡាយ កុំ​ញុះញង់​បង្កើត​ចលាចល​…​។​

​ដូច្នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សូម​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ កុំ​ជឿ​ឱ្យសោះ​នូវ​ការផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ជា​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី​នេះ ដែល​ជានិច្ចកាល គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការ​បំភ័ន្ត មួលបង្កាច់ និង​បំពុល​សាធារណ​មតិ បង្ក​ចលាចល បំបែកបំបាក់​ធ្លុង​សាមគ្គី​ជាតិ និង​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​នោះឡើយ​។​

​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស សូម​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាន់​ជំហរ​ដាច់ខាត​និង​ឥត​ងាករេ ហើយ​ទោះបី​ក្នុង​តម្លៃ​ណា​ក៏​ដោយ ការពារ​របបរាជានិយម​អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រះ​រាជបល្ល័ង្ក និង​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ ឱ្យបាន​គង់វង្ស​៕ ដោយ​ ៖​ កូឡាប​

 

spot_img
×