Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ដល់​ជនរួមជាតិ​គាំទ្រ និង​ចូលរួម ជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​៣ ដល់ ១៣ ខែ​មីនា​

spot_img

​ភ្នំពេញ​ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ចេញ​សារ​អំពាវនាវ​ដល់​ជនរួមជាតិ​គាំទ្រ និង​ចូលរួម​ការធ្វើជំរឿន​ទូទៅ​ប្រជាជន​កម្ពុជា ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ត្រូវ​ចូលរួម​ផ្ដល់​ព័ត៌មាន​តាម​សំណួរ សម្ភាសន៍​ឲ្យបាន​គ្រប់គ្រាន់ ត្រឹមត្រូវ និង​ស្មោះត្រង់ ជូន​មន្ដ្រី​ធ្វើ​ជំរឿន​ប្រជាជន​។​

សម្ដេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការធ្វើជំរឿន​ប្រជាជន​កម្ពុជា​នេះ នឹង​អាច​ឲ្យ​យើង​បាន​ទិន្នន័យ​ប្រជាសាស្ត្រ​ពិតប្រាកដ​របស់​ប្រទេស និង​ជួយ​ឲ្យ​រដ្ឋាភិបាល​អាច​រៀបចំតាក់តែង គោលនយោបាយ​បាន​ត្រឹមត្រូវ ព្រមទាំង​ការអនុវត្ត​កម្មវិធី​ផ្សេងៗ ឲ្យទទួល​បាន​តុល្យភាព នៃ​ការអភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​

បើ​តាម​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ជំរឿន​ប្រជាជ ន គឺជា​ប្រភព​តែមួយគត់ ដែល​អាច​ផ្តល់​ទិន្នន័យ​ពេញលេញ​អំពី​ចំនួន​ប្រជាជន និង​ចរិតលក្ខណៈ​ប្រជាជន នៅក្នុង​ប្រទេស​។ ជំរឿន​ប្រជាជន គឺ​អនុវត្ត​លើ​វិសាលភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​អាច​ផ្តល់​ព័ត៌មាន​អំពី​ប្រជាជន ក្នុង​មូលដ្ឋាន រហូតដល់​មូលដ្ឋាន​ថ្នាក់ទាប​បំផុត ដែល​ជា​តម្រូវការ​មិន​អាច​មាន​ប្រភព​ទិន្នន័យ​ណា​មក​ជំនួស​បាន​។​

សម្ដេច​បាន​គូសបញ្ជាក់ថា ទិន្នន័យ​ជំរឿន​នឹង​ផ្តល់​ជា​សូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេច​បាន​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​របៀបវារៈ ឆ្នាំ​២០១៦-២០៣០ ដោយ​មិន​ទុក​ចោល​អ្នក​ណា​ម្នាក់​ឡើយ​។​

សូមជម្រាបថា ជំរឿន​ទូទៅ​ប្រជាជន​នៅ កម្ពុជា ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩​នេះ គឺជា​ជំរឿន​លើក​ទី​១ ដែល ប្រើប្រាស់​ថវិកា​ជាតិ បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេស​មួយ​មាន​ចំណូល​មធ្យម​កំរិត​ទាប​។ នេះ​ជា​ជំរឿន​ប្រជាជន របស់​ប្រទេស​កម្ពុជា​លើក​ទី​បី បន្ទាប់​ពី​ជំរឿន​លើក​ទី​ពីរ នៅ​ឆ្នាំ​២០០៨ គឺ រយៈពេល​ដប់​មួយឆ្នាំ​គត់ ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដែល​បាន​កំណត់​នូវ​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ ​ត្រូវ​ចូលរួម​សហការ​ក្នុងការ​ធ្វើ​ជំរឿន​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×