Sunday, September 19, 2021

នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ បន្ទាប់ពី​យក​ដំបង​គប់​បុរស​ម្នាក់​បណ្តាលឲ្យ​ស្លាប់​

កណ្តាល ​៖ ជនសង្ស័យ​ចំនួន​៤​នាក់ ត្រូវ​នគរបាល​ស្រុក​ពញាឮ​ចាប់ខ្លួន បន្ទាប់ពី​យក​ដំបង​គប់​បុរស​ម្នាក់ បណ្តាលឲ្យ​ស្លាប់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៣០​នាទី នៅ​ចំណុច​គន្លង​ដាយ​លេខ​11C ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។​

​មន្ត្រី​នគរបាល​ស្រុក​ពញាឮ​បានឲ្យដឹងថា ជនរងគ្រោះ​បាត់បង់​ជីវិត​ឈ្មោះ ជឿន ម៉ក់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មក​រ​គន្លង​ដាយ​លេខ​11C មាន​ទីលំនៅ​ភូមិ​ផាត់​សណ្តាយ ឃុំ​កំពង់ចំលង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។ ចំណែក​ជនសង្ស័យ​ចាប់ខ្លួន​ចំនួន​០៤​នាក់ រួមមាន ​៖

១-​ឈ្មោះ ឡេង ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មក​រ​គន្លង​ដាយ មាន​ទីលំនៅ​​ភូមិ​ព្រៃគ្រី ឃុំ​ព្រៃគ្រី ស្រុក​ជល​គី​រី ខេត្ត​កំពង​ឆ្នាំង​,២-​ឈ្មោះ ឡេង សុភណ្ឌ័ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់​,៣-​ឈ្មោះ​សាត សុទ្ធា​រះ ភេទ​ប្រុស អាយុ​​​២២​ឆ្នាំ ជនជាតិ​ខ្មែរ​ខ្មែរ មុខរបរ​កម្មករសំណង់ និង​ទី​៤-​ឈ្មោះ អេង ប៊ុនធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ ព្រែកក្តី ឃុំ​ព្រែក​តា ទែន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ រី​ឯ​វត្ថុតាង​ចាប់​យក​មាន ដំបង​ឈើមូល​ចំនួន​០១​កំណាត់ ប្រវែង​០,៦២​ម៉ែត្រ ។​

​ប្រភព​ដដែល​បន្តថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ បាននាំគ្នា​ជិះទូក​ទៅ​ទារលុយ​ថ្លៃឈ្នួល ពី​ម្ចាស់​គន្លង​ដាយ​លេខ​១១C ដែល​ជំពាក់​ចំនួន​១០​មុឺន​រៀល ដោយ​ពេល​ទៅ​ដល់​ឈ្មោះ ឡេង ម៉ៅ បាន​សួរ​រក​ម្ចាស់​គន្លង​ដាយ ប៉ុន្តែ​បាន​ជួប​ជនរងគ្រោះ​ឈ្មោះ ជឿន ម៉ក់ បាន ប្រាប់​ថា​ម្ចាស់​គន្លង​ដាយ​មិន​នៅ​ទេ​ហើយ​ក្នុង​ពេល​នោះ​ឈ្មោះ ឡេង ម៉ៅ​ក៍បាន​ទាក់​ពាក្យសំដី​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​ជនរងគ្រោះ​ឆ្លៀត ពេលនោះ​ឈ្មោះ ឡេង ម៉ៅ បាន​ទាញ​ដាវ​ពី​ក្នុង​ទូក​កាន់ នឹង​ដៃ​បំ​រ៉ុង​កាប់​លើ​ជនរងគ្រោះ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ សេន សា​ឡេះ ភេទ​ប្រុស ចាប់​ឃាត់ ភ្លាម​នោះ​ដែរ​ឈ្មោះ ឡេង​សោ​ភ​ណ្ឌ័ បាន​យក​ដំបង​ឈើមូល គប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ជឿន ម៉ក់ ចំ​ត្រង់​គុម្ពត្រចៀក​ខាងឆ្វេង បណ្តាល​អោយ​ប្រកាច់​បែកពពុះមាត់ ហើយ​ត្រូវបាន​អ្នកជិតខាង​បញ្ជូនទៅ ពេទ្យ​គ្លីនិច​ឯកជន​ភូមិ​ព្រែកក្តី ពេលមកដល់​គ្លីនិច ជនរងគ្រោះ​បាន​ដាច់ ខ្យល់​ស្លាប់​បាត់​ហើយ​។ ក្រោយ​ទទួលបាន​ព័ត៌មាន​​ភ្លាម​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ឃុំ​ចុះ​ពិនិត្យ សព​ឃើញថា ៖ សព​មាន​ស្លាក​ស្នាម រលាត់​ជាំ​ចំនួន​០១​កន្លែង​ប្រវែង ២​សង់ទីម៉ែត្រ ចំណុច​គុម្ពត្រចៀក​ខាងឆ្វេង​។ បន្ទាប់​មក​កម្លាំង​បាន​ស្រាវជ្រាវ​នាំខ្លួន​ជនសង្ស័យ​ទាំង​បួន នាក់​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​ ៖ ​កូឡាប​