Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឱ្យ​មាន​ការបង្កើន​ការផ្តល់​ថវិកា ដល់​គណៈកម្មាធិការ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ ដើម្បី​ពង្រីក​សកម្មភាព​

spot_img

​ភ្នំពេញ ​៖ លោក ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​មាន​ការបង្កើន​ការផ្តល់​នូវ​កញ្ចប់​ថវិកា សម្រាប់​​គណៈកម្មាធិការ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី​និង​កុមារ ដែល​ហៅ​កាត់​ថា (​គ​.​ក​.​ស​.​ក​.) ដើម្បី​បង្កើន​លទ្ធភាព ក្នុង​ការចុះអនុវត្ត​ផែនការ​​សកម្មភាព​សម្រាប់​​ឆ្នាំ​២០១៩​នេះ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​ជួយ​ដល់​ស្ត្រី​និង​កុមារ ដែល​ងាយ​នឹង​រងគ្រោះ​​នៅ​តាម​សហគម​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ។​

​ការស្នើ​បែបនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ឆ្លុះបញ្ចាំង​លទ្ធផល​ផែនការ​សកម្មភាព​ឆ្នាំ​២០១៨ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​របស់ គណៈកម្មាធិការ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ នៃ​ក្រុន​ប្រឹក្សា​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ប្រា​រព​ធ្វើ​នៅ​សាលា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​លោក ម៉ប់ សារិន បាន​មានប្រសាសន៍ថា ឆ្លង​តាម​របាយការណ៍ និង​សកម្មភាព របស់ គ​.​ក​.​ស​.​ក​.​ឃើញថា រាល់​សកម្មភាព​ ​ដែល​បាន​អនុវត្ត ជាក់ស្តែង​ក្នុង​ឆ្នាំកន្លងមក បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម យ៉ាងសកម្ម ក្នុង​ការយកចិត្ត គិតគូរ​ដល់​ការគាំទ្រ ចំពោះ ស្រី្ត​ ​និង​កុមារ នៅក្នុង​សហគម​ក្រីក្រ ដែល​ងាយ​រងគ្រោះ​ក្នុង​រាជធានី លើ​វិស័យ​អប់រំ សុខាភិបាល យេនឌ័រ និង វិស័យ​សំខាន់ៗ​ជាច្រើន​ ​ដើម្បី​ឱ្យ​ពួកគាត់ មាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការរស់នៅ​ក្នុង​សង្គម​ស៊ីវិល័យ​មួយនេះ​។​

​ជាមួយគ្នា​នោះ​លោក ប្រធាន​ក្រុមប្រឹក្សា ក៏បាន​ផ្តល់​នូវ​អនុសាសន៍​ដ៏​ល្អ​សម្រាប់​យកទៅអនុវត្ត​ ​ជា​ពិសេស​បាន​ជម្រុញ​លើកទឹកចិត្ត​ដល់​ស្រី្ត​ឱ្យ​មាន​ភាពក្លាហាន​ចូលរួម​ក្នុង​សកម្មភាព​ដឹកនាំ​នៅ​គ្រប់​កម្រិត​ ​និង​បាន​ជម្រុញ​ឱ្យ​ស្ត្រី​ជា​ថ្នាក់ដឹកនាំ បន្ត​បង្កើន​សមត្ថភាព ដើម្បី​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

​លើសពីនេះ សុំ​ឱ្យ​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ទាំង​បន្ត​យកចិត្តទុកដាក់ ថែទាំ សុខភាព មាតា​និង​ទារក ដោយ​ចូលរួម​អប់រំ ផ្សព្វផ្សាយ បង្ការ​ ​និង​ទប់ស្កាត់ នូវ​ជំងឺ​ដង្កាត់​នានា ដោយ​ផ្តល់​នូវ​អាហារូបត្ថម្ភ ឱ្យបាន​គ្រប់គ្រាន់​ដល់​កុមារ​ក្រីក្រ ព្រោះ​ពួកគេ ជា​ធនធាន​ដ៏​មានតម្លៃ​បំផុត​​របស់​ប្រទេសជាតិ ទៅ​ថ្ងៃ​ពេលអនាគត​។​

​លោក បានបញ្ជាក់​ថា ថ្នាក់ដឹកនាំ គ​.​ក​.​ស​.​ក​. ត្រូវតែ​ជជែក​គ្នា​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ស្វែងរក​យន្ត​​ក្នុងការ​ទទួល​ថវិកា​មូលនិធិ​រួម​របស់​សង្កាត់​ឱ្យ​បាន​លឿន មកប្រើប្រាស់ សម្រាប់​អនុវត្ត​សកម្មភាព បម្រើ​ដល់​ដំណើរការ​របស់​ខ្លួន​​នឹង​បន្ត​ក្តាប់​សភាពការណ៍ ក្នុង​មូលដ្ឋាន​ឱ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ធ្វើ​របាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន​​ចុះ​ទៅ​ដោះស្រាយ​ឱ្យបាន​ទាន់​ពេលវេលា និង​តម្រូវការ​ចាំបាច់​ជាក់​ស្តែង​។​

​លោក​បញ្ជាក់ទៀតថា ចាប់ពី​ឆ្នាំ​២០២០​ទៅ ថវិកា មូលនិធិ​រួម​របស់​សង្កាត់​នឹង​ត្រូវ​បាន​បង្កើន​យ៉ាងហោចណាស់​២០​ភាគរយ​បន្ថែម​​សម្រាប់​អនុវត្ត​សកម្មភាព​និង​ផែនការ​នៅ​តាម​មូលដ្ឋាន​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជាមួយគ្នា​នោះ​ដែល លោកស្រី ឃួន គឹម​នី សមជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន គ​.​ក​.​ស​.​ក​. ក៏​បាន​ធ្វើរ​បា​យក​រណ៍​លម្អិត​​ពាក់ព័ន្ធ​នឹង​សកម្មភាព​កន្លង​មក ក៏ដូចជា​បង្ហាញ​នូវ​ផែនការ​សម្រាប់​ឆ្នាំ​២០១៩​ជូន​អង្គប្រជុំ ដើម្បី​ឱ្យ​ការ​ដំណើរការ​របស់ គ​.​ក​.​ស​.​ក​.​ប្រព្រឹត្តទៅ​ដោយ​រលូន តម្លាភាព ប្រសិទ្ធភាព មាន​ការទទួលខុសត្រូវ​ខ្ពស់​។ លោកស្រី បាន​លើកឡើង​ថា ក្នុង​ឆ្នាំ​២០១៨ គ​.​ក​.​ស​.​ក​.​បាន​អនុវត្ត​ផែនការ​សកម្មភាព ដែល​បាន​អនុវត្ត​ដោយ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ ចំនួន​២​លើក ក្នុង​លើក​ទី​១ ​សកម្មភាព​និង​ថវិកា ដែល​គាំទ្រ​ដោយ​រដ្ឋបាល​រាជធានី ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៥ និង​លើក​ទី​២ ​សកម្មភាព​និង​ថវិកា​ដែល​គាំទ្រ​ដោយ​យូ​នី​សេ​ហ្វ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥០​។ ជាមួយគ្នា​នោះ គ​.​ក​.​ស​.​ក​. រាជធានី​ ​បាន​ទទួល​ការគាំទ្រ​ថវិកា​មួយចំនួន​ពី​សប្បុរសជន​ថែម​ទៀត​។ សរុប​ថវិកា​សម្រាប់​អនុវត្ត​ផែនការ​សកម្មភាព ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន​១៣.៦៦៨​ដុល្លារ ស្នើ​នឹង ៥៤.៦៧២.០០០​រៀល​។​

​របាយការណ៍​របស់ គ​.​ក​.​ស​.​ក​. បាន​លើកឡើ​ពី​ផល​លំបាក របស់ គ​.​ក​.​ស​.​ក​. រាជធានី គឺ សមាជិក គ​.​ក​.​ស​.​ក​. រាជធានី​មួយ​ចំនួន ចូលរួម​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំខែ​មិន​បាន​ទៀងទាត់ ដោយ​ជាប់​ភារកិច្ច​ច្រើន​នៅ​វិស័យ​របស់​ខ្លួន និង​មាន​សមាជិក​ខ្លះ​អវត្តមាន​រហូត​ពេញ​ឆ្នាំ​។ ការផ្តល់​របាយការណ៍​តាម​វិស័យ​នី​មួយៗ របស់​សមាជិក គ​.​ក​.​ស​.​ក​. រាជធានី ខ្លះ​មាន​ភាពយឺតយ៉ាវ និង​ការអនុវត្ត​ផែនការ​សកម្មភាព​របស់​សមាជិក គ​.​ក​.​ស​.​ក​. រាជធានី​ខ្លះ ដែល​ប្រើប្រាស់​ថវិកា​មន្ទីរ​សាមី​ពុំ​បាន​សម្រេច ដោយសារ​ជួប​ការលំបាក​លើ​ថវិកា​។

គ​.​ក​.​ស​.​ក​. ខណ្ឌ​មួយចំនួន​នៅ​តែ​ជួប​ការលំបាក​លើ​ថវិកា ។ គ​.​ក​.​ស​.​ក​. សង្កាត់ នៅ​តែ​ជួប​ការលំបាក​លើ​បញ្ហា​ថវិកា ដោយ​កញ្ចប់​ថវិកា​មាន​តិច ៤​លាន​រៀល​ក្នុង​មួយ​ឆ្នាំ ក្នុងនោះ​មាន​សង្កាត់​ខ្លះ​បើក​បុរេប្រទាន​បានតែ​២​លាន​រៀល ក្នុង​មួយ​ឆ្នាំ មិន​អាច​ដោះស្រាយ​ការងារ សេវា​សង្គម បាន​តាម​ត្រូវការ​ប្រជាពលរដ្ឋ​ជា​អាទិភាព និង​មាន​សង្កាត់​ខ្លះ​ខ្វះ​ស្មៀន ជួប​ការលំបាក​លើ​ការប្រើប្រាស់ និង​ទូទាត់​ថវិកា​៕ ​ដោយ ​៖ ​កូឡាប​

 

spot_img
×