Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បូមទឹក​បញ្ចូល​ក្នុង​ស្រះ​ទឹក នៅ​ប្រាសាទអង្គរវត្ត​

spot_img

​សៀមរាប ​៖ ស្រះ​ទឹក នៅ​ប្រាសាទអង្គរវត្ត គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​ភ្ញៀវ​ទេសចរ ដែល​និយម​ផ្តិត​យក​រូបភាព កំពូល​ប្រាសាទអង្គរវត្ត ឆ្លុះ​ជាមួយនឹង​ទឹក​។ កម្ដៅថ្ងៃ​ហួតហែង​ខ្លាំង នា​រដូវប្រាំង បាន​ធ្វើឱ្យ​ទឹក​នៅ​ក្នុង​ស្រះ​ស្រក​លឿន និង​បាត់​សោភ័ណភាព​​មួយផ្នែក​។ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នេះ ឱ្យទាន់ពេល អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​បូមទឹក​បញ្ចូល​ក្នុង​ស្រះ​នេះ​។​

​អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ភឿន សុ​ឃីម បានឱ្យដឹងថា ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក កំពុង​បូមទឹក​ពី​ក​សិន្ធុ​ប្រាសាទអង្គរវត្ត បញ្ចូល​ទៅក្នុង​ស្រះ​ខាងត្បូង ឬ​ស្រះ​ប្រុស ដែល​ការងារ​នេះ បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ដែល​ពេល​នេះ ការបញ្ចូល​ទឹក​សម្រេចបាន​ប្រមាណ ៣០​ភាគរយ ស្មើនឹង ១.៥០០​ម៉ែត្រគូប​។​

​តាម​ការ​ពន្យល់​បន្ថែម របស់លោក ភឿន សុ​ឃីម ស្រះ​ប្រុស​នៃ​ប្រាសាទ​អង្គរវត្ត​មាន​ទំហំ ៥០​គុណ​៨០​ម៉ែត្រ ដែល​អាច​ផ្ទុក​ទឹក​បាន​ចំនួន ៥.០០០​ម៉ែត្រគូប ហើយ​ការងារ​នេះ ត្រូវ​ប្រើពេល​មួយ​សប្ដាហ៍​ទៀត ដើម្បី​បញ្ចូល​ទឹក​ឱ្យ​គ្រប់​ទៅតាម​បរិមាណ​ត្រឹមត្រូវ​។ តាម​ការបញ្ជាក់​របស់​លោក ភឿន សុ​ឃីម ការបញ្ចូល​ទឹក​នេះ ធ្វើ​ឡើង​តែ​ស្រះ​ប្រុស​តែប៉ុណ្ណោះ ដោយឡែក​ស្រះ​ខាងជើង ឬ​ស្រះស្រី ដែល​ជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​ផង​ដែរ​នោះ អាជ្ញាធរ​ជាតិ​អប្សរា មិន​បាន​បញ្ចូល​ទេ ដោយ​ទុក​ឱកាស ឱ្យ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ ក្នុង​ឧទ្យាន និង​បុរាណវិទ្យា​បង្ការ ធ្វើ​កំណាយ​បន្តទៀត ក្នុង​គម្រោង​ស្ដារ​ឡើងវិញ នៃ​រចនាសម្ព័ន្ធ​ស្រះ​នេះ​។​

​គួរបញ្ជាក់​ថា ស្រះ​ទឹក​ប្រាសាទអង្គរវត្ត គឺជា​ផ្នែក​មួយ​សំខាន់ ដែល​ភ្ញៀវទេសចរ និយម​ទស្សនា ជាមួយនឹង​រូបភាព​កំពូល​ប្រាសាទ​អង្គរ​វត្ត ដែល​ឆ្លុះ​នៅក្នុង​ទឹក​។ ភ្ញៀវទេសចរ និយម​ទស្សនា នៅ​ទីតាំង​ទាំងនេះ នៅ​រាល់ថ្ងៃ​រះ និង​ថ្ងៃ​លិច​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×