Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ុន ចាន់ថុល បាន លើកឡើង​ពី​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​

spot_img

​ភ្នំពេញ ​៖​ នៅ​​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹក នាំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ក្នុង​តំបន់​(IRITWG) ដោយ មានការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ តំណាង​ទីភ្នាក់ងារ JICA និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​គម្រោង​កំពុង​សាងសង់ និង​គម្រោង​នាពេល​អនាគត​នៅ​កម្ពុជា​។

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​មាន​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈ​ការប្រើ ប្រាស់​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព កិច្ចសម្របសម្រួល និង​ការចែករំលែក​ព័ត៌មាន ដោយមាន​ការ ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​តំណាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន រដ្ឋលេខា ធិ​ការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ទីភ្នាក់ងារ​JICA និង​តំណាង​ដៃគូ អភិវឌ្ឍន៍​នានា​។​

​លោក ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​គម្រោង​សម្រេចបាន និង​កំពុង​បន្ត​សំខាន់ៗ ដែល​ក្នុងនោះ រួមមាន​៖ ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើកបរ​រថយន្ត​ធុន​ធ្ងន់ យុទ្ធនាការ ជិះ​កង់​មើលផ្លូវ គម្រោង​ពង្រីក​និង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦​ពី​ខេត្តសៀមរាប​ទៅ​ប៉ោយប៉ែត ផ្លូវជាតិ​លេខ​៧ ផ្លូវជាតិ​លេខ​៤៨ ផ្លូវជាតិ​លេខ​៥៥ ពោធិ៍សាត់​ទៅ​ថ្មដា ផ្លូវ​ក្រវាត់ក្រុង​ទី​៣ និង​គម្រោង​ផ្លូវ​ពី​បាត់ដំបង ទៅ​កោះកុង​ប្រវែង​១៩៧​គីឡូម៉ែត្រ ដែល​គ្រោង​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ​។​

​លោក ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​អំពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​(AGT) ប្រព័ន្ធ​ដឹកជញ្ជូន​ដោយ​ប្រើ​ផ្លូវដែក​(Tramways) និង​គម្រោង​សាកល្បង​ស្មា​ត​ស៊ី​ធី​ដែល​ប្រកបដោយ បរិស្ថាន​ស្រស់ស្អាត និង​ផាសុកភាព និង​គម្រោង​សាងសង់​ផែ​កុង​តេ​ន័​រ​ថ្មី​មួយ​ប្រវែង​៣៥០​ម៉ែត្រ និង ជម្រៅ​១៤,៥​ម៉ែត្រ ដែល​អនុញ្ញាតឱ្យ​ប្រភេទ​នាវា​ធំៗ​៩៣%​លើ​ពិភពលោក​អាច​ប្រើប្រាស់​សេវា​កំពង់ផែ​នេះ​បាន ពេល​សាងសង់​ចប់​។

​បន្ថែម​ពីលើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ លោក ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គប្រជុំ​ថា​៖ នាពេល​ថ្មីៗ កន្លងទៅនេះ ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ថែទាំ​ផ្លូវ ROAD CARE Mobile App ដែល​អនុញ្ញាត ឱ្យ​ប្រជាពលរដ្ឋ​ថត​រូបភាព​ជង្ហុក​សំបុកមាន់​ផ្ញើមក​កាន់​ក្រុមការងារ​ក្រសួង​ចុះទៅ​ជួសជុល បាន​ទាន់ពេល វេលា បង្ការ​កុំឱ្យ​ខូច​រាលដាល​កាន់តែ​ធំ​។

​ជាមួយគ្នានេះ​ផងដែរ លោក ទេសរដ្ឋមន្ត្រី បានស្នើ​ឱ្យ​ដៃគូ​អភិវឌ្ឍន៍​ធ្វើការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុងការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់ និង​អត់​ពាក់មួក​សុវត្ថិភាព និង​បាន​ស្នើឱ្យ​បរិច្ចាគ​មួកសុវត្ថិភាព ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

​ជាទី​បញ្ចប់ លោក ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម ការងារ​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ចូលរួមចំណែក​ក្នុងការ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រស់​នៅ ប្រជាជន​កម្ពុជា​៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×