Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ គឺ​ខុសច្បាប់​

spot_img

​សៀមរាប​៖ ​ថ្មីៗ នេះ អាជ្ញាធរ​ជាតិ​អប្សរា​សង្កេតឃើញថា ការប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២​នៃ​រមណីយដ្ឋាន​អង្គរ កំពុងតែ​បាន​ប្រព្រឹត្តទៅ​យ៉ាងសកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ដែល​ការប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មានចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តីពី​ការកំណត់ និង​ការចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច​លេខ​៧០ សសរ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការកំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ​។

​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ព្រមទាំង​បញ្ចៀស​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការបោក​បញ្ឆោត​រប​ស់បុ​គ្គល​មួយចំនួន​អំពី​ការទិញ​-​លក់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ឃុំ​-​សង្កាត់​នៃ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​ក្រុង​សៀមរាប​ដូចជា ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ចំនួន​៣​ផ្ទាំង ភូមិ​ខ្វៀន សង្កាត់​គោកចក ចំនួន​១​ផ្ទាំង ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ចំនួន​១​ផ្ទាំង ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ចំនួន​១​ផ្ទាំង​។ ក្រៅពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅតាម​ទីតាំង​ភូមិសាស្ត្រ​មួយចំនួនទៀត​ដែល​សកម្មភាព​ទិញ​-​លក់​ដីធ្លី​កំពុងតែ​កើតឡើង​។​

​ក្នុងនាម​យើងទាំងអស់គ្នា​ជា​ម្ចាស់​អង្គរ ជា​ម្ចាស់​បេតិកភណ្ឌ​ពិភពលោក និង​អង្គរ​ជា​ដួងព្រលឹង​ជាតិខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុងតែ​ប្រព្រឹត្ត​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សូម​បញ្ឈប់​ជាបន្ទាន់​នូវ​សកម្មភាព​អវិជ្ជមានរ​បស់​ខ្លួន និង​សូម​ឲ្យ​យើង​ម្នាក់ៗ​ចូលរួម​បំពេញ​តួនាទី​ជា​អ្នក​ទប់ស្កាត់ ថែរក្សា ការពារ និង​អនុវត្ត​ច្បាប់​យ៉ាង​ដាច់ខាត​ចំពោះ​ការទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។

​សូមជម្រាបថា ក្នុង​ជំពូក​១ មាត្រា​៣ និង​មាត្រា​៤​នៃ​ព្រះរាជក្រឹត្យ​ខាងលើ​បញ្ជាក់ថា តំបន់​១​ជា​តំបន់​ដែលមាន​ស្ថានីយ៍​បុរាណវត្ថុ​សំខាន់ៗ​ហើយ​ត្រូវ​ទទួល​កិច្ចការពារ​ខ្ពស់បំផុត​។ តំបន់​២​ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណវត្ថុ ដែល​ត្រូវការពារ​ទប់ទល់​នឹង​ការប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការអភិវឌ្ឍ​មិន​សមស្រប​។ តំបន់​២​មាន​សារៈ​សំខាន់​​ចម្បង​ដោយសារ​ជា​តំបន់ទ្រនាប់​សម្រាប់​ការពារ​តំបន់​១​។ រីឯ​ក្នុង​ជំពូក​២ មាត្រា​៨​បញ្ជាក់ថា ទិសដៅ​សំរាប់​តំបន់​ត្រូវការពារ​នៃ​រមណីយដ្ឋាន​អង្គរ ត្រូវ​ប្រកាន់​ទិសដៅ​អភិវឌ្ឍន៍​ដូចតទៅ​៖ តំបន់​១​និង​តំបន់​២ ហាមឃាត់​ការអភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ លើកលែងតែ​ការអភិវឌ្ឍ​ណា​ដែលមាន​សារប្រយោជន៍​សម្រាប់​កិច្ចការពារ និង​ការលើកស្ទួយ​តម្លៃ​រមណីយដ្ឋាន​ឬ​បុរាណវត្ថុ​នោះ ឬ​សម្រាប់​ការថែរក្សា​របៀប​រស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចេញ​សេចក្តីសម្រេច​លេខ​៧០.​សសរ ដោយ​កំណត់​ដីធ្លី​ស្ថិតក្នុង​តំបន់​១​និង​តំបន់​២​នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ជា​ដី​ទ្រព្យ​សាធារណ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ រីឯ​ការប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​១​និង​តំបន់​២​ត្រូវបាន​កំណត់​ដូចតទៅ​៖ ១) ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​និង​រស់នៅ​យូរលង់​មកហើយ អាច​បន្ត​រស់នៅ​តទៅទៀតបាន​ដោយ​មិនមាន​ការដេញ​ឲ្យ​ចាក​ចេញពី​ភូមិដ្ឋាន​ឡើយ ២) ប្រជាពលរដ្ឋ​អាច​រុះរើ​ជួសជុល​ផ្ទួះ​ចាស់​ទ្រុឌទ្រោម ឬ​សាង​សង់ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយមាន​ការសុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ៣) ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង​និង​ចាត់ចែង​ដីធ្លី​តាម​រូបភាព​ដូចជា ផ្ទេរមរតក​ទៅ​ឲ្យ​ញាតិសន្តាន​ពី​ឪពុកម្តាយ​ទៅ​កូនក្មួយ ឬ​លក់ដូរ​ឲ្យ​អ្នកភូមិផង​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ហាមឃាត់​លើ​សកម្មភាព​​ទិញ​-​លក់​ដី​របស់​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យកចំណេញ​សម្រាប់​ក្រុមហ៊ុន​ឬ​បុគ្គល ឬ​ការទិញ​-​លក់​សម្រាប់​យកទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម​។​ល​។​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×