Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាការ​បោះឆ្នោត​ថៃ នឹង​ពិចារណា​ដក​បេក្ខភាព​របស់​ម្ចាស់​ក្សត្រី Ubolratana ក្រោយពេល​ព្រះមហាក្សត្រ​ប្រឆាំង​

spot_img

​គណៈកម្មាការ​បោះឆ្នោត​ថៃ នៅ​ថ្ងៃ​ច័ន្ទ​នេះ​នឹង​ធ្វើ​ការពិចារណា​ក្នុង​ការដក​ម្ចាស់​ក្សត្រី Ubolratana ចេញពី​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត ក្រោយពេល​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បាន​ហៅ​ការ​ប្រលូក​ចូលក្នុង​ឆាកនយោបាយ​របស់​បង​ស្រី​ព្រះអង្គ​ថា ជា​ការ​មិន​សមរម្យ មិន​គោរព​ប្រពៃណី​ថៃ និង​មិន​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​។​

​គណៈកម្មការ​បោះឆ្នោត​ដដែល​ក៏​នឹង​ពិចារណា​ក្នុងការ​ហាមប្រាម​មិន​ឲ្យ​គណបក្ស Thai Raksa Chart ចូលរួម​ក្នុង​ការបោះឆ្នោត​ដែរ ក្រោយពេល​គណបក្ស​នេះ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ទូទាំង​ប្រទេស បន្ទាប់ពី​បាន​តែងតាំង សមាជិកគ្រួសារ​ជាន់ខ្ពស់​រាជវង្ស​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​ការបោះឆ្នោត​ក្នុង​ខែ មីនា​ខាងមុខ​។​

​គណបក្ស Thai Raksa Chart គឺជា​គណបក្ស​សម្ព័ន្ធ និង​ស្និត​បំផុត​ជាមួយនឹង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ Thaksin Shinawatra​។​

​គណៈកម្មការ​បោះឆ្នោត​មាន​ពេល​រហូត​ដល់​ថ្ងៃ​សុក្រ ក្នុង​ការកំណត់​ពី​ជោគវាសនា​របស់​ម្ចាស់​ក្សត្រី​។ សមាជិក​គណកម្មាការ​នេះ​ទំនងជា​មិន​បដិសេធ​ពី​បំណង​របស់​ព្រះមហាក្សត្រ​ថៃ​ឡើយ​។​

​សូមបញ្ជាក់​ថា ម្ចាស់​ត្សត្រី​ធ្លាប់បាន​ថ្លែងកា​រពារខ្លួន និង​ការសម្រេចចិត្ត​ក្នុងការ​ឈរឈ្មោះ​ជា​បេក្ខជន នាយករដ្ឋមន្ត្រី​។​

​នៅ​ក្នុង​បណ្តាញ​សង្គម Instagram ព្រះ​នាង​បានបញ្ជាក់​ថា ព្រះ​នាង​បាន​បោះបង​ឋានៈ​គ្រួសារ​រាជវង្ស​ទាំងអស់ ហើយ​បច្ចុប្បន្ន​រស់នៅ​ជា​រាស្ត្រសាមញ្ញ​។​

​ព្រះ​នាង​បញ្ជាក់ថា ព្រះ​នាង​ចង់​ប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ម្នាក់ ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។ ព្រះ​នាង​បន្ថែមថា ព្រះ​នាង​នឹង​ធ្វើ​កិច្ចការ​ដោយ​ភាពស្មោះត្រង់ និង​ការប្តេជ្ញា​ចិត្ត ដើម្បី​ភាគ​រីកចម្រើន​របស់​ប្រជាជន​ថៃ​៕ សុភ័ក្ត្រ

​ប្រភព​៖ channelnewsasia​

spot_img
×