Sunday, September 19, 2021

សហភាព​អឺរ៉ុប​ត្រូវការ​រយៈពេល ១៨​ខែ ដើម្បី​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

​ភ្នំពេញ ​៖ ​ក្រសួងពាណិជ្ជកម្ម បាន​សេចក្តីប្រកាស​ព័ត៌មាន ទាក់ទង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ប្រកាស​អំពី​ដំណើរការ​នីតិវិធី​ឈានទៅ​ពិនិត្យ​លទ្ធភាព​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)​។​

ក្រសួង​ពា​ណិ​ជ្ម​កម្ម​កម្ពុជា បាន​លើកឡើងថា សហភាព​អឺរ៉ុប​ត្រូវការ​រយៈពេល ១៨​ខែ ដើម្បី​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)» នោះ​បើសិនជា​សហភាព​អឺរ៉ុប​ពិតជា​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​មែន​នោះ​។​

​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ បានប្រកាស​ជា​ផ្លូវការ​នូវ​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)»​។ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ពន្យល់ថា ការផ្តួចផ្តើម​គំនិត​នេះ មិន​មានន័យថា សហភាព​អឺរ៉ុប​ចាប់ផ្តើម​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ ឬ​ជា​ស្វ័យប្រវត្តិ​នោះឡើយ តែ​ជា​ពេលវេលា​ដែល​ចាប់ផ្តើម​បើក​នីតិវិធី​ពិគ្រោះ​យោបល់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងពាណិជ្ជកម្ម​បាន​ព​ន្យ​ល់​ទៀតថា រយៈពេល​គិត​ចាប់ពី​ការចាប់ផ្តើម រហូតដល់​ការចូល​ជាធរ​មាននៃ​សេចក្តីសម្រេច​ចុងក្រោយ​ណាមួយ​នោះ គឺមាន​រយៈពេល ១៨​ខែ គិត​ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​តទៅ​។​

​រយៈពេល​ដំណើរការ​នេះ នឹងត្រូវ​បានកំណត់​ជា ២​ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល ០៦​ខែ​៖ ជា​ដំណាក់កាល​ដំបូង​ដែល​គណៈកម្មការ​អឺរ៉ុប​បន្តធ្វើ​ការពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងយល់​បន្ថែម​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​កាតព្វកិច្ច​ក្នុង​បទ​ប​ញ្ញ​តិ្ត​លេខ 978/2012​។​

​ដំណាក់កាល​ទី​២ មាន​រយៈពេល ០៦​ខែ​៖ ក្នុង​រយៈពេល​នេះ​ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប​ពិនិត្យឃើញថា កម្ពុជា​បានបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការងារ​ទាក់ទង​នឹង​ការព្រួយបារម្ភ​របស់​ស​ហ​ភាព​អឺរ៉ុប​នោះ​ហើយ គណៈកម្មការ​អឺរ៉ុប​យល់ថា​របាយការណ៍​នោះ​ពិត​ជាមាន​វឌ្ឍនភាព​គ្រប់គ្រាន់ នោះ​គណៈកម្មការ​នឹង​ទម្លាក់ចោល​នូវ​ចេតនា​ព្យួរ​ជា បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ហើយ​ចេញ​សេចក្តីសម្រេចចិត្ត​បញ្ចប់​នីតិវិធី​នៅពេលនោះ​តែម្តង។​

​ក្នុងករណី​ដែល​គណៈកម្មការ​អឺរ៉ុប​មិន​ពេញ​ចិត្តនឹង​វឌ្ឍនភាព​ដែល​កម្ពុជា​បានបង្ហាញ​នោះ ក្រុមការងារ​របស់​គ​ណៈ​កម្ម​ការ​អឺរ៉ុប​នឹង​ប្រើប្រាស់​រយៈពេល ០៦​ខែ​នេះ ដើម្បី​រៀបចំ​របាយការណ៍​ដែល​អម​ជាមួយ​អនុសាសន៍​របស់ខ្លួន សម្រាប់​ជូនទៅ​គណៈកម្មការ​អឺរ៉ុប​ទាំងអស់ និង​ប្រធាន​គណៈកម្មការ ដើម្បី​ពិនិត្យ និង​សម្រេច​ថា តើ​ត្រូវ​ព្យួរ​ជា​ណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ឬ​យ៉ាងណា​?

ប្រសិនបើ​គណៈកម្មការ​ទាំងអស់​សម្រេច​ថា​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នោះ​គឺ​ត្រូវការ​រយៈពេល ០៦​ខែ​ទៀត ទើប​សេចក្តីសម្រេច​ចុងក្រោយ​ចូល​ជា​ធរមាន​។​

​ក្រសួងពាណិជ្ជកម្ម​រប​ស់​កម្ពុជា ក៏បាន​បង្ហាញ​ចំណាត់ការ​នានា​ដើម្បី​បង្ការ​ក្នុងករណី​ដែល​សហភាព​អឺរ៉ុប​ជា​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)»​ផងដែរ​។​
​បើតាម​ក្រសួងពាណិជ្ជកម្ម ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ ដែល​បាន​ជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម ដឹកជញ្ជូន និង​លើកស្ទួយ​អត្ថប្រយោជន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដល់ក​ម្មករ​-​កម្មការិនី និង​កសិករ ព្រមទាំង​ប្រជាជន​កម្ពុជា​គ្រប់រូប​។​

​សម្រាប់​ក្រសួងពាណិជ្ជកម្ម​បាន​លុបចោល​នូវ​ការយក​កម្រៃ​សម្រាប់​គ្រប់គ្រង​ការនាំចេញ មិន​តម្រូវ​ឲ្យ​បង់ក​ម្រៃ​និង​សុំ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ និង​បាន​រំកិល​ទីតាំង​ឈរជើង​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ដែល​កិច្ចការ​ទាំងអស់នេះ​តម្រូវ​ឲ្យ​រដ្ឋ​ទទួលបន្ទុក​ពី​ការខាតបង់​ចំណូល​រាប់សិប​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។​

​ក្រសួង​បន្តថា តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​បន្តធ្វើ​កំណែទម្រង់​សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​នៃ​ផលិតផល​កម្ពុជា និង​ពង្រឹង​ឯករាជ្យភាព​ផ្នែក​សេដ្ឋកិច្ច​។​

សូមបញ្ជាក់ថា ទំនិញ​កម្ពុជា​ដែល​នាំ​ចេញទៅ​សហភាព​អឺរ៉ុប​មានដូចជា​សម្លៀកបំពាក់​គ្រប់​ប្រភេទ ស្រោម និង​ស្បែកជើង អង្ករ គ្រាប់​ធុញ្ញ​ជាតិ វត្ថុ​ធ្វើ​ពី​ស្បែក ឆ័​ត្រ កៅស៊ូ និង​ទោចក្រយាន​ជាដើម​។ ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាន់​សហភាព​អឺរ៉ុប​មាន​ទំហំ​ទឹកប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​