Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល​កម្ពុជា មានការ​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​សេចក្ដីសម្រេច​របស់ គណៈកម្មការ​អឺរ៉ុប ដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​

spot_img

(​ភ្នំពេញ​) ៖ រាជរដ្ឋាភិបាល​កម្ពុជា មានការ​សោកស្តាយ​យ៉ាង ខ្លាំង​ចំពោះ​សេចក្ដីសម្រេច​របស់ គណៈកម្មការ​អឺរ៉ុប​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​បើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ (EBA)» ពី​កម្ពុជា​។​

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ចំនួន​៣​ទំព័រ​ឆ្លើយតប​ទៅនឹង​ការសម្រេចចិត្ត របស់​គណៈកម្មការ​អឺរ៉ុប​ក្នុង​ការបើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែង​គ្រឿង​សព្វាវុធ (EBA)» ពី​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ បានចាប់ផ្តើម នូវ​ដំណើរការ ដែល​អាច​នាំឱ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នៃ​ទំនិញ​កម្ពុជា​លើ​ទីផ្សារ​សហភាព​អឺរ៉ុប ក្រោម​គម្រោង​ពាណិជ្ជកម្ម Everything But Arms (EBA) ។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល​ប្រសិនបើ​ប្រទេស​ទទួលផល​មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុកថា សេចក្តីសម្រេចចិត្ត​នេះ​ជា​រឿង​អយុត្តិធម៌​បំផុត ខណៈដែល​គណៈកម្មការ​អឺរ៉ុប​មិន​អើពើ​ចំពោះ​វិធានការ​ជាក់ស្តែង និង​វឌ្ឍនភាព​សំខាន់ៗ​ជាច្រើន ដែល​បាន​ធ្វើឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រកាន់ខ្ជាប់ និង​ការប្តេជ្ញាចិត្ត​ចំពោះ​ការអនុវត្ត​អនុសញ្ញា​ស្នូល​ទាំង​១៥ របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពលកម្ម​អន្តរជាតិ ដែលជា​បុ​រេ​ល័ក្ខខ័ណ្ឌ​ក្នុង​ការបន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​ឯកតោភាគី ជាពិសេស​នៅលើ​វិស័យ​ទាំងឡាយ​ដែល​ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​វិធានការ​ដើម្បី​ពង្រឹង​លំហ​នយោបាយ និង​សង្គម​ស៊ីវិល សិទ្ធិ​ការងារ និង​ការដោះស្រាយ​បញ្ហាដីធ្លី​និង​ដី​សម្បទាន​ស្ករអំពៅ​។​

​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទស្សនៈ​ថា គណៈកម្មការ​អឺរ៉ុប​មិន​បានធ្វើ​សកម្មភាព​ដោយ​ឈរលើ​គោលការណ៍ «​ស្មោះត្រង់​» និង «​យុត្តិធម៌​» នោះទេ​។ គណៈកម្មការ​អឺរ៉ុប​បាន​បិទ​ភ្នែក នៅពេលដែល​ប្រទេស​ជាច្រើន ដែល​កំពុងតែ​ទទួល​នូវ​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​មិនបាន​អនុវត្ត​ពេញលេញ​នូវ​អនុសញ្ញា​អន្តរជាតិ​ទាំងនោះ ប៉ុន្តែ ជាមួយនឹង​របៀបវារៈ​នយោបាយ គណៈកម្មការ​អឺរ៉ុប​បានដាក់​បន្តុប និង​រំពឹង​នូវ «​ការអនុវត្ត​ដ៏​ល្អឥតខ្ចោះ​» នៃ​អនុសញ្ញា​ទាំងនោះ​ពី​កម្ពុជា​។ គណៈកម្មការ​អឺរ៉ុប​មិនបាន​ទទួលស្គាល់ ការកែលំអ និង​វឌ្ឍន​ភាពជា​បន្តបន្ទាប់ ដែល​រាជរដ្ឋាភិបាល​បានធ្វើ ដូចដែល​បាន​រំលេច​ឡើង​ក្នុង​លិខិត​ឆ្លើយតប​ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ ដោយមាន​ភ្ជាប់​នូវ​របាយការណ៍​បញ្ជី​វឌ្ឍនភាព​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ចំពោះ​អ្នកសង្កេតការណ៍ ដែលមាន​ភាព​អ​ព្យា​ក្រឹត្យ និង​យុត្តិធម៌ សកម្មភាព និង​វិធាន​ការដែល​រាជរដ្ឋាភិបាល បានធ្វើ​ឡើង គឺអាច​ទទួលស្គាល់​បាន​ថា​ជា​វឌ្ឍនភាព​សំខាន់ៗ បើ​ពិចារណា​ទៅលើ​ភាព​ស្មុ​គ្រ​ស្មាញ​នៃ​បណ្តា​បញ្ហា​ទាំងនោះ​។ វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​បានធ្វើ​ឡើង ក្នុងអំឡុងពេល ៨​ខែ ចុងក្រោយ ចាប់តាំងពី​បេសកកម្ម​សុ​ឆន្ទៈ​លើក​ទី ១ ទៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល គឺជា​សក្ខីភាព​នៃ​ភាពស្មោះត្រង់ និង​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​។​

​ជាក់ស្តែង នៅលើ​គោលការណ៍​ពហុបក្ស គណៈកម្មការ​អឺរ៉ុប​បាន​ផ្តោត​តែ​ទៅលើ​អត្ថិភាព​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជោគវាសនា​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​តែប៉ុណ្ណោះ​។ គណៈកម្មការ​អឺរ៉ុប បាន​ចោទប្រកាន់​ទៅលើ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង រាស្ត្រ​កាលពី​ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ឈរលើ​មូលដ្ឋាន​តែមួយគត់​គឺ​អវត្តមាន​នៃ​អតីត គណបក្ស​សង្គ្រោះ​ជាតិ​។ គណៈកម្មការ​អឺរ៉ុប​មិនបាន​ទទួលស្គាល់​គណបក្ស ១៩ ផ្សេងទៀត ដែល​បាន​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ដែល​បានទទួល​សម្លេង​ជិត ១​លាន​៥​សែន ឬ​ស្មើនឹង ២៣% នៃ​សន្លឹកឆ្នោត​បានការ​នោះទេ​។ ការមិនទទួលស្គាល់​នូវ​ការពិត​ទាំងនេះ​បានបង្ហាញ​យ៉ាងច្បាស់​នូវ​ភាពលំអៀង​យ៉ាង​គឃ្លើន​របស់​គណៈកម្មកា​រ​អឺរ៉ុប ក៏ដូចជា​ការមិន​អើពើ​ចំពោះ​ម្ចាស់ឆ្នោត និង​គណបក្ស​របស់​ពួកគេ ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត ក៏ដូចជា​សិទ្ធិ និង​ជម្រើស​នយោបាយ​របស់​ពួកគេ​។​
​គណៈកម្មការ​អឺរ៉ុប​មិនបាន​បង្ហាញ​ការគោរព​ចំពោះ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា នៅពេលដែល​ការទាមទារ​នានា​ទាក់ទង​នឹង EBA គឺ​ស្មើនឹង​ការជ្រៀតជ្រែក​ចូលទៅក្នុង​ការវិវត្ត​នយោបាយរ​បស់​ប្រទេសមួយ​។

គណៈកម្មការ​អឺរ៉ុប​បាន​បដិសេធ​នូវ​សម្លេង​ដ៏​ច្រើន​លើសលុប​របស់​ម្ចាស់ឆ្នោត​កម្ពុជា ដែល​បាន​សម្តែង​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​តាមរយៈ​សន្លឹកឆ្នោត​របស់​ពួកគេ​។​

​ផ្ទុយទៅវិញ គណៈកម្មការ​អឺរ៉ុប​បាន​ជ្រើស​យក​ការគាំទ្រ​អ្នកនយោបាយ​មួយ​ក្តាប់​តូច ដែល​បាន​កសាង​ប្រជាប្រិយភាព​របស់ខ្លួន​តា​មរយៈ​ការ​ស្អប់​ជាតិ​សាសន៍ ការរើសអើង​ពូជសាសន៍ និង​ភាសា​អុចអាល​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឲ្យ​បង្កាត់ភ្លើង​សង្គ្រាមស៊ីវិល​។ គណៈកម្មការ​អឺរ៉ុប​មិនបាន​ទទួលស្គាល់​គុណសម្បត្តិ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បើកផ្លូវ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​រូប ចាប់ផ្តើម​ឡើងវិញ​ដោយ​ពេញលេញ​នូវ​ជីវិត​នយោបាយ​រប​ស់​ពួកគេ​នោះទេ​។ បន្ថែម​លើ​នេះ គណៈកម្មការ​អឺរ៉ុប​សុខចិត្ត​នៅ​ស្ងៀម​ចំពោះ​តថភាព​ដែល​ថ្នាក់ដឹកនាំ​ទាំង​នោះបាន​ក្លាយជា​ចំណាប់ខ្មាំង​របស់​មេដឹកនាំ​របស់ខ្លួន ដែល​បាន​គំរាមថា​នឹង​ចាត់ទុក​ពួកគេ​ជា​ជន​ក្បត់ ប្រសិនបើ​ពួកគេ​សម្រេចចិត្ត​ទទួលយក​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​។​

​គណៈកម្មការ​អឺរ៉ុប មិនបាន​ពិចារណា​ទៅលើ​ភាពជា​ដៃគូ​ប្រកបដោយ​លក្ខណៈ​ស្ថាបនា​រវាង​រាជរដ្ឋាភិបាល​ជាមួយនឹង​អង្គការ​សង្គម​ស៊ីវិល​។ ផ្ទុយទៅវិញ គណៈកម្មការ​អឺរ៉ុប​បានបង្ហាញ​ភាពមិនស្មោះត្រង់ ដោយ​ពឹងផ្អែក​តែ​ទៅលើ​ការរិះគន់​ជា​ប្រព័ន្ធ​ប្រកបដោយ​ភាពលំអៀង ដែល​រៀបចំឡើង​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​អន្តរជាតិ​មួយចំនួន​តូច ហើយ​មិន​ទទួលស្គាល់​នូវ​សិទ្ធិសេរីភាព​ពេញលេញ​ដែល​សមាគម​ចំនួន ២.២៨៦ អង្គការ NGO ក្នុងស្រុក​ចំនួន ៣.២២១ និង​អង្គការ NGO បរទេស​ចំនួន ៣៩៧ កំពុងតែ​អនុវត្ត និង​ទទួលបាន​។​

គុណ​តម្លៃ​នៃ​គោលការណ៍​គឺជា​មូលដ្ឋាន ដែល​សហភាព​អឺរ៉ុប​អនុវត្ត​គោលនយោបាយ​របស់ខ្លួន​គ្រប់​កាលៈទេសៈ ដោយ​មិន​បែងចែក​លើ​ល័ក្ខខ័ណ្ឌ​នៃ​ការអនុវត្ត​ជា​ឯកតោភាគី ឬ​ទ្វេភាគី​នោះទេ ទោះ​ក្នុងករណី​ដែល​សហភាព​អឺរ៉ុប​ផ្តល់​ជា​ឯកតោភាគី នូវ​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធចំពោះ​កម្ពុជា ឬ​នៅពេលដែល​សហភាព​អឺរ៉ុប ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​ក៏ដោយ​។​

​តាមរយៈ​ការបើក​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​សម្រាប់​ការដក EBA ពី​កម្ពុជា គណៈកម្មការ​អឺរ៉ុប​គឺ​កំពុងតែ​បដិសេធចោល​នូវ​តម្លៃ​នៃ​សមិទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ ២០​ឆ្នាំ​កន្លងទៅ ដែល​រាជរដ្ឋាភិបាល​បាន​ពុះពារ​ទាញ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ចេញពី​ភាពក្រីក្រ ហើយ​ការសម្រេចចិត្ត​បែបនេះ នឹង​មានន័យ​ស្មើនឹង​ការធ្វើ​និរាករណ៍​នូវ​រាល់​ឥទ្ធិពល​វិជ្ជមាន​ដ៏​ធំ​នៃ​គោល​- នយោបាយ​របស់​អឺរ៉ុប ដែល​កម្ពុជា​បាន​ទទួលផល​ពីមុនមក​។ ពិតណាស់ថា កម្ពុជា​ដឹង​ច្បាស់​ថា សេចក្តីសម្រេចចិត្ត​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ស្នងការ​ពីររូប​របស់​គណៈកម្មកា​រ​អឺរ៉ុប ដោយ​គ្មាន​ពិចារណា​លើ​ជោគវាសនា​របស់​កម្មការិនី​កម្ពុជា​ជិត​មួយ​លាន​នាក់​នោះទេ ហើយក៏​មិនបាន​គិតគូរ​ដល់​ផលប្រយោជន៍​នៃ​បណ្តា​សមាគម​ធុរកិច្ច​របស់​អឺរ៉ុប​នៅ​កម្ពុជា និង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អប្រសើរ​នា​ទសវត្ស​រ៍ក​ន្ល​ង​មករ​វាង​កម្ពុជា និង​បណ្តា​សមាជិក​សំខាន់ៗ​របស់​សហភាព​អឺរ៉ុប​ដែរ​។​
​ទោះជា​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​នឹង​បន្ត​ធ្វើការ​ដោយស្មោះ​ត្រង់​ជាមួយនឹង​បណ្តា​ប្រទេស​ទាំងនោះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ដែល​គោរព​គ្នា​ទៅវិញ ទៅមក​។​

​កម្ពុជា​នៅតែមាន​ឆន្ទៈ​បន្ត​ពង្រឹង​លំហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ ដូចដែល​បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ។ ក៏ប៉ុន្តែ យើង​ក៏មាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ផងដែរ​ក្នុងការ​ការពារ​សន្តិភាព ស្ថិរភាព ឯករាជ្យភាព និង​អធិបតេយ្យភាព​ជាតិ​រប​ស់​យើង ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ យើង​នឹង​នៅតែ​បន្ត​ខិតខំ​ដោះស្រាយ​នូវ​រាល់​បញ្ហា​សង្គម​-​សេដ្ឋកិច្ច​បន្ទាន់ៗ​ទាំងឡាយ ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាជន​យើង ជាពិសេស​គឺ​ពលរដ្ឋ​ដែល​ពឹង​ផ្អែកលើ​វិស័យ​នានា​ដែល​អាច​នឹងរង​ផលប៉ះពាល់​ដោយសារ​សេចក្តីសម្រេច​នេះ​។ ជា​ចុងក្រោយ យើង​មាន​សេចក្តីសោកស្តាយ ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ជ្រើស​យក​ការជឿជាក់​ទៅលើ​អ្នកនយោបាយ​មិន​ស្មោះត្រង់​មួយ​ក្តាប់​តូច ដែល​ខិតខំ​ឥតឈប់ឈរ​ក្នុងការ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បំផ្លាញ​ប្រទេស និង​ប្រជាជន​កម្ពុជា ជាជាង​ការផ្តល់​តម្លៃ​ទៅលើ​សម្លេង​នៃ​អ្នកតំណាង​ដែល​ជាប់ឆ្នោត​ដោយ​ស្របច្បាប់​របស់​ប្រជាជន​៕ ដោយ​ ៖​ កូ​ឡាប​

​ខាងក្រោម​នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​៖

spot_img
×