Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​បរិស្ថាន ចាត់ទុក​លោកស្រី ហ៊ុល សុវណ្ណ​ម៉ូ​លី ជា​អ្នកវិទ្យាសាស្ត្រ​ធម្មជាតិ​ដ៏​កម្រ​របស់​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានអនុញ្ញាត​ឱ្យ​លោកស្រី ហ៊ុល សុវណ្ណ​ម៉ូ​លី សាស្ត្រាចារ្យ​បណ្ឌិត​នៃ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ប៉ារីស ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​ថងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

លោកស្រី​សាស្ត្រាចារ្យ​បណ្ឌិត បានបង្ហាញ​ពី​ប្រវត្តិ​នៃ​ការតស៊ូ​ក្នុងការ​សិក្សា​រៀនសូត្រ បទពិសោធន៍​នៃ​ការបង្រៀន​និស្សិត​បរទេស និង​ចំណង់​ចំណូលចិត្ត​ក្នុងការ​ស្រាវជ្រាវ ចងក្រង និង​ស្វែងយល់​ពី​ប្រភេទ​សត្វ និង​រុក្ខជាតិ រហូត​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​ជា​អ្នកវិទ្យាសាស្ត្រ​ធម្មជាតិ​នៅ​ប្រទេស​បារាំង ហើយ​ដែល​បច្ចុប្បន្ន​បម្រើការ​ងា​រ​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​បារាំង​។ ជាមួយគ្នានេះ លោកស្រី​សាស្ត្រាចារ្យ​បណ្ឌិត ក៏បាន​បង្ហាញ​ពី​បំណង និង​ឆន្ទៈ​ក្នុងការ​រួមចំណែក​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​ការសិក្សា​ស្រាវជ្រាវ ចងក្រង និង​រៀបចំ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ទុកជា​ឯកសារ​សិក្សា និង​ជា​មរតក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ចងចាំ រៀនសូត្រ និង​បណ្តុះ​ផ្នត់គំនិត​ច្នៃប្រឌិត និង​រកឃើញ​ថ្មី​ក្នុង​ផ្នែក​ជីវៈសាស្ត្រ​សម្រាប់​ជា​អត្តសញ្ញាណ​នៃ​សម្បត្តិ​ធម្មជាតិ​របស់​ជាតិ​។

ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​បាន​ជួប​លោកស្រី​សាស្ត្រាចារ្យ​បណ្ឌិត និង​បានចាត់ទុក​លោកស្រី​ជា​អ្នកវិទ្យាសាស្ត្រ​ធម្មជាតិ​ដ៏​កម្រ​របស់​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បាន​គាំទ្រ​ចំពោះ​​បំណង​របស់​លោកស្រី និង​បានបង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង​ក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​របស់​កម្ពុជា ជាពិសេស​លើកទឹកចិត្ត​ឱ្យ​លោកស្រី​សាស្ត្រាចារ្យ​បណ្ឌិត​ចូលរួម​ជាមួយ​ក្រសួង​ក្នុង​ការជួយជ្រោមជ្រែង​លើ​គម្រោង​រៀបចំ​ឱ្យមាន​សារមន្ទីរ​ធម្មជាតិ​ភ្នំពេញ មជ្ឈមណ្ឌល​វិទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា និង​ចូលរួម​ជា​បច្ចេកទេស​ក្នុងការ​ធ្វើឱ្យ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល​ភ្នំ​គូលែន​ក្លាយជា​តំបន់​មាន​សក្តានុពល​សម្រាប់​ការលើកកម្ពស់​អត្តសញ្ញាណ​ធម្មជាតិ និង​ជីវៈសាស្ត្រ​នៅ​កម្ពុជា​សម្រាប់​សិស្ស និស្សិត អ្នកស្រាវជ្រាវ​ជ្រាវ និង​អ្នកវិទ្យាសាស្ត្រ រួមគ្នា​សិក្សា អភិវឌ្ឍន៍ និង​អភិរក្ស​នូវ​ធនធាន​ទាំងអស់​ឱ្យ​កាន់តែ​សម្បូរបែប និង​ជា​កេរ្តិ៍ដំណែល​របស់​ប្រជាជន​កម្ពុជា និង​មនុស្សជាតិ ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×