Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះលែង​ឳ​ពុក ដែល​វាយ​កូនបង្កើត​ស្លាប់ ជនសង្ស័យ​ជា​ឪពុក​មាន​វ័យចាស់ ហើយ​ចម្លើយ​របស់​ជនសង្ស័យ​ដែល​វាយ​កូន​ប្រុស​បង្កើត​ខ្លួនឯង ពុំ​មាន​ចេតនា​សម្លាប់

spot_img

កណ្តាល ៖ លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ នេះ​ថា តុលាការ​អនុញ្ញាតឱ្យ​ជនសង្ស័យ ឈ្មោះ ផង់ ជាង អាយុ ៦៨​ឆ្នាំ ត្រឡប់​ទៅ​វិញ​ក្នុង​ករណី​សំណុំរឿង​ឪពុក​ខឹង​កូន​ស្រវឹងស្រា​ដៀល​ជេរ​ឈាន​ដល់​ការ​វៃ​មុន​ធ្វើឱ្យ​ឳ​ពុក​មាន​គំនុំគុំកួន​រហូត​លប​វាយ​កូន​ស្លាប់​។​

​លោក ឯក ស៊ុន​រស្មី បន្តថា ឳ​ពុក​ទាំងឡាយ​គ្មាន​ចេតនា​សម្លាប់​កូនបង្កើត​ទេ ។ ការឈ្លានពាន​របស់​កូន​លើ​ឳ​ពុក និង​ក្រុមគ្រួសារ​ច្រើនដង​ពេក ។ យក​ជនសង្ស័យ​មក​ឃុំ​ក៏​ពុំ​បាន​ផល​ចំណេញ​អ្វី​ដែរ ដោយ​គាត់​អាយុ ៦៨​ឆ្នាំ ទៅ​ហើយ​និង​ទោះបី​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ​ក៏​មិន​ប៉ះពាល់​នីតិវិធី​ដែរ ។ បើទោះបីជា ជនសង្ស័យ​ត្រូវបាន​ដោះលែង​មែន​តែ​នីតិវិធី​នៅ​បន្ត​ដដែល ។​

​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឱ្យ​ជនសង្ស័យ​ជា​ឪពុក​ដែល​បាន​ជ្រុលដៃ​វាយ​កូន​ប្រុស​បង្កើត​បណ្តាលឱ្យ​ស្លាប់​ឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​នគរបាល​បញ្ជូន​មកកាន់​សាលាដំបូង កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ។​

​លោក​ព្រះរាជអាជ្ញារង​បាន​ប្រាប់​ឱ្យដឹងថា ដោយ​យល់ឃើញថា ជនសង្ស័យ​ជា​ឪពុក​មាន​វ័យចាស់ ហើយ​ចម្លើយ​របស់​ជនសង្ស័យ​ដែល​វាយ​កូន​ប្រុស​បង្កើត​ខ្លួនឯង ពុំ​មាន​ចេតនា​សម្លាប់ ដោយ​គ្រាន់តែ​ព្រមាន ហើយ​ជនរងគ្រោះ​ជា​អ្នកបង្ក​រឿង​ជេរប្រមាថ និង​វាយ​ឪពុក ម្តាយ បងប្អូន​ជា​ញឹកញាប់ និង​ជា​យូរណាស់​មកហើយ និង​យោង​តាម​សាក្សី​ដែល​ជា​បងប្អូន​បង្កើត បងប្អូន​សាច់ថ្លៃ និង​ម្តាយ​របស់​ជនរងគ្រោះ បាន​អះអាង​ថា ជនរងគ្រោះ​ជា​កូន ជា​មនុស្ស​ប្រមឹក​ស្រា តែងតែ​ជេរ​មើលងាយ និង​វាយ​ឪពុក​ជារឿយៗ ទើបបាន​ជា​សម្រេច​ដោះលែង​ឱ្យ​ជនសង្ស័យ​ជា​ឪពុក​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ​។​

​តាម​ប្រភព​ពី​អ្នកស្រី ផង់ ស្រី​នាង ដែល​ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​បាន​អះអាង​ថា បងប្រុស​របស់​គាត់​ជា​មនុស្ស​ផឹកស្រា​ស្រវឹង និងរ​ករឿង​ក្រុមគ្រួសារ ព្រម​ទាំង​ឪពុក​ម្តាយ​ជា​រៀងរាល់ថ្ងៃ និង​ច្រើន​ឆ្នាំ​មកហើយ​។ សូម្បី​តែ​ប្រពន្ធ​ក៏​មិន​អាច​រស់នៅ​ជាមួយ​បាន​ដែរ និង​បាន​លែងលះគ្នា​ជាង​២​ឆ្នាំ​មកហើយ ហើយ​ម្តាយ​ក៏​មិន​ហ៊ាន​នៅ​ផ្ទះ​ជាមួយ​ដែរ គឺ​ទៅ​នៅ​ជាមួយ​កូន​ដទៃទៀត ។​

​នៅក្នុង​ផ្ទះ​កើតហេតុ​មាន​តែ​ឪពុក​របស់​គាត់ និង​បងប្រុស​ប្រមឹក​(​ជនរងគ្រោះ​) ព្រមទាំង​ក្មួយ​ស្រី​ប៉ុណ្ណោះ ហើយ​ឱ្យ​តែ​ស្រវឹងស្រា​ម្តងៗ បងប្រុស​របស់​គាត់​បា​នរ​ករឿង​ជេរប្រមាថ ប្រើ​អំពើហិង្សា​ទៅ​លើ​ឪពុក​ជារឿយៗ​ផងដែរ ហើយ​ឪពុក​តែងតែ​រត់​គេច​ជានិច្ច និង​ពេលខ្លះ​បងប្រុស​របស់​គាត់​យក​ចាន​វាយ​ក្បាល​ឪពុក​ថែមទៀត​ផង​។​

​អ្នកស្រី ផង់ ស្រី​នាង បានបញ្ជាក់​បន្តថា ឪពុក​របស់​គាត់​ជា​មនុស្ស​ស្លូត​ណាស់ ហើយ​ឪពុក​វាយ​បងប្រុស​របស់​គាត់​នេះ ក៏​មិន​មាន​បំណង​សម្លាប់​ដែរ គ្រាន់តែ​ព្រមាន​តែប៉ុណ្ណោះ ទើបបាន​ជា​ពួកគាត់​ជា​កូន​ទាំង​៤​នាក់ និង​កូនប្រសារ ព្រម​ទាំង​ម្តាយ នាំគ្នា​មក​អង្វរ​សុំឱ្យ​តុលាការ​សម្រាលទោស និង​ធ្វើ​ការដោះលែង​ទោស ហើយ​នៅពេល​ដែល​តុលាការ​សម្រេច​ឱ្យ​ឪពុក​នៅ​ក្រៅ​ឃុំ​ដូច្នេះ ពួកគាត់​ពិតជា​ត្រេកអរ​រក​អ្វី​មក​ប្រៀបប្រដូច​ពុំ​បាន​នោះ​ទេ ព្រោះ​ឪពុក​របស់​គាត់​កាន់តែ​ចាស់ និង​មាន​ជំងឺ​ថែមទៀត​ផង ។ ពួកគាត់​ទាំងអស់​គ្នា​លើក​ម្រាមដៃ​ដប់​ទាំង​ទឹកភ្នែក​រលីងរលោង​និយាយថា ពិត​ជា​យុត្តិធម៌​ចំពោះ​ចំណាត់ការ​របស់​ស្ថាប័ន​តុលាការ​។​

​អំពើ ឃាតកម្ម នេះ កើត ឡើង នៅ ថ្ងៃទី ១១ ខែ កុម្ភៈ ចំណុច ក្រោម​ផ្ទះ​ជនរងគ្រោះ ភូមិ​ម្កាក់ ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ។​

​របាយការណ៍ នគរបាល ខេត្ត កណ្ដាល បង្ហាញ ថា ជនរងគ្រោះ​ឈ្មោះ ផង់ បាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ មាន​ប្រពន្ធ​កូន​២​នាក់​ស្រី ហើយ​​បាន​លែងលះគ្នា​ជាង​២​ឆ្នាំ​មកហើយ ដោយ​មិន​អាច​ទ្រាំ​រស់ជាមួយ​ប្ដីបាន ។​

​តាមរយៈ​កិច្ចប្រតិបត្តិការ បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​ភ្លាមៗ មន្ត្រី​ជំនាញ បច្ចេកទេស និង​វិទ្យាសាស្ត្រ រួម​ជាមួយ​មន្ត្រី​ជំនាញ ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ចុះ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​ពិនិត្យ​សព ចាប់​យក​វត្ថុតាង​បន្សល់ទុក នៅ​កន្លែង​កើត​ហេតុ​និង​បាន​ប្រមូល​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ជុំវិញ​ទី​កន្លែង​កើតហេតុ​សមត្ថ​កិច្ច​បាន​ឈាន​ដល់​ការ​កំណត់​បាន មុខសញ្ញា​ជនសង្ស័យ ជា​ឃាតករ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នេះ ។​

​ជនសង្ស័យ​ឈ្មោះ ផង់ ជាង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ​មុខរបរ កសិករ មាន​ទីលំនៅ​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​។​

​វត្ថុតាង​ចាប់យក ដំបង​ដែក​បួន​ជ្រុង​ប្រហោង​ក្នុង មាន​ប្រឡាក់​ឈាម ។​ដំបង​ឈើ​សំប៉ែត​ចុង​ស្រួច ប្រវែង​១​ម៉ែត្រ អាវដៃវែង​ក្រណាត់​ពណ៌​ផ្ទៃមេឃ និង ខោខ្លី​ប្រភេទ​កីឡា​ពណ៌​ទឹកដោះ គោ មាន​ឆ្នូត ចំហៀង​៣​ឆ្នូត ពណ៌​ខៀវ ជា​របស់​ជនសង្ស័យ​ស្លៀក​ធ្វើ សកម្មភាព​។​
​ស្ថានភាព​សព​ជនរងគ្រោះ​សភាព​សព ដេក​ផ្កាប់មុខ​ក្បាល​បែរ​ទៅ​ទិស​ខាងត្បូង ក្បែរ​អង្រឹង​ក្រោមផ្ទះ មាន​ស្នាមរបួស​លើ​ថ្ងាស​ចំហៀង​ខាងស្តាំ​៦​កន្លែង​ផុង​បែក​លលា​ដ៏​ក្បាល បាក់​ក្ដោងច្រមុះ ។​

សភាព​នៃ​រឿងហេតុ នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ១៨៖០០​នាទី ជនសង្ស័យ ឈ្មោះ ផង់ ជាង បាន​ទៅ​ហូប​ការ​គេ​ជា​មួយ​ចៅស្រី​អាយុ​៤​ឆ្នាំ នៅក្នុង​ភូមិ ដោយ​ផឹក​ស្រា​បៀរ​អស់​២​កំប៉ុង រហូតដល់​ម៉ោង ២០៖១០​នាទី ទើប​ត្រឡប់មក​ផ្ទះ​វិញ​ដោះ​តែ​ខោ មិន​បាន​ដោះ​អាវ​ទេ​គឺ​អាវដៃវែង​ពណ៌​ផ្ទៃ មេឃ ស្លៀកខោ​ជើង​ខ្លី​ចូលដេក​ក្នុង​បន្ទប់​ក្រោមផ្ទះ​។​

​ពេល​កំពុង​ដេក​នៅ​វេលា​ម៉ោង​ប្រហែល ២និង០០​នាទី រំលង​អធ្រាត្រ ស្រាប់តែ​ជន​រងគ្រោះ​ជា​កូន​ឈ្មោះ ផង់ បាន ត្រឡប់មក​ពី​ហូប​ការ​គេ​ក្នុងភូមិ ស្រែក​ឡូឡា​ជេរ​ជនសង្ស័យ​ជា​ឪពុក ជនសង្ស័យ​បាន​តប​វិញ​ថា ឡូឡា​អី​ថ្មើរ​នឹង​ហើយ​មិន​ចូលដេក ស្រាប់តែ​ជន​រងគ្រោះ​ស្ទុះ​យក​ដំបង​ឈើ​ជ្រុង វាយ​ជនសង្ស័យ​តែ​គេចផុត រួច​នៅ​បន្ត​ជេរ​ជនសង្ស័យ​ដដែល ។​

​ឆ្លៀត​ជនរងគ្រោះ​ដើរ​ទៅ​ដេក​លើ​អង្រឹង​ក្រោមផ្ទះ ជនសង្ស័យ​ក៏​ចូល​ក្នុង​បន្ទប់​ទាញ​យក​ដែក​ជ្រុង ជ​ន្ទ​ល់​ទ្វារ ស្ទុះ​ទៅ​វាយ​ជនរងគ្រោះ​រហូត​ស្លាប់ រួច​បោះ​ដែក​ចោល​ខាងលិច​ផ្ទះ ហើយ​ចូល​សម្រាក​ទល់​ភ្លឺ រហូត​ព្រឹក​ឡើង​មាន​ការភ្ញាក់ផ្អើល ទើប​ដឹង​ពី​ហេតុការណ៍​ថា​ជន​រង គ្រោះ​ស្លាប់​នៅ​ក្រោមផ្ទះ​តែ​ម្តង ៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×