Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំង​មួក​ខៀវ​កម្ពុជា ផ្សព្វផ្សាយពី​ការគ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ទៅដល់​ប្រជាជន​ម៉ាលី​

spot_img

​ភ្នំពេញ ​៖ ក្រសួងការពារជាតិ បាន​ផ្សាយ​ថា កងកម្លាំង​មួក​ខៀវ​កម្ពុជា កំពុង​បំពេញបេសកកម្ម ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី នៃ​កង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ធ្វើការ​ផ្សព្វផ្សាយ ពី​ការគ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ជាពិសេស​គ្រាប់​កែច្នៃ ដែល​ក្រុម​ឧទ្ទាម​តែងតែ​ដាក់​បង្កៃ​នៅតាម​ដងផ្លូវ ឬ​តាម​អគារ​នានា នៅក្នុង​តំបន់ ដែលមាន​ជម្លោះផ្ទៃក្នុង នៃ​ប្រទេស​ម៉ាលី​។​

​ពី​សាធារណរដ្ឋ​ម៉ាលី នៅ​ថ្ងៃទី​១២ ខែកុម្ភៈ​នេះ លោក​វរសេនីយ៍ឯក លាង សុវណ្ណារ៉ា មេបញ្ជាការ​កង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ កំពុង​បំពេញបេសកកម្ម​នៅ​ទីនោះ បាន​ឲ្យ​ដឹងថា​៖ “​កងកម្លាំង​កម្ពុជា បានធ្វើការ​ផ្សព្វផ្សាយ​ទៅ​ប្រជាជន​ម៉ាលី ឲ្យ​បាន​យល់ដឹង ពី​ការគ្រោះថ្នាក់​ដោយសារ​មីន គ្រាប់​មិនទាន់​ផ្ទុះ និង​គ្រាប់​កែច្នៃ​“​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ ប្រជាជន នៃ​ប្រទេស​ម៉ាលី ពួកគាត់​ខ្វះ​ការយល់ដឹង អំពី​ការគ្រោះថ្នាក់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​។ លោក​មេបញ្ជាការ​កងក​ម្ទេ​ច​គ្រាប់​មិនទាន់​ផ្ទុះ បាន​ឲ្យ​ដឹង​ទៀតថា​៖ រយៈពេល​ជិត​១​ឆ្នាំ នៃ​ការងារ​បេសកកម្ម​អង្គការសហប្រជាជាតិ គឺ​កងកម្លាំង​មួក​ខៀវ​កម្ពុជា បាន​បំពេញការងារ​ទទួលបាន​ជោគជ័យ​ធំៗ​ជាច្រើន ជូន​ដល់​ប្រជាជន​ម៉ាលី និង​បាន​ប្រមូល​គ្រាប់មីន គ្រាប់​មិនទាន់​ផ្ទុះ និង​គ្រាប់​កែច្នៃ ជាច្រើន​ពាន់​គ្រាប់ ហើយក៏​បានធ្វើ​ការកម្ទេច​ចោល​នៅនឹងកន្លែង​រួចរាល់​ហើយ​ផងដែរ​។ លោក​បន្តថា​៖ បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​ជាប្រចាំ​មក ប្រជាជន​ម៉ាលី ជាពិសេស​កុមារ និង​យុវជន​បាន​យល់ដឹង​ច្រើន​ពី​ការគ្រោះថ្នាក់ ហើយ​ក៏បាន​ផ្សព្វផ្សាយ​បន្តទៅ​ក្រុមគ្រួសារ​របស់​ពួកគេ​ផងដែរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រក្សា​សន្តិភាព និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ឲ្យ​ដឹងថា​៖ “​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី គឺមាន​២​កង គឺ​កងវិស្វកម្ម​ព្រលានយន្តហោះ និង​កង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គឺមាន​ចំនួន​កម្លាំង​សរុប​៣០៩​នាក់​”​។ លោក​បញ្ជាក់ថា​៖ ការបញ្ជូន​កម្លាំង​រក្សា​សន្តិភាព​ទៅ​ប្រទេស​ម៉ាលី ដើម្បី​ជា​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​លើ​ពិភពលោក កម្ពុជា​បានរួម​ចំណែក​បញ្ជូន​ក​ម្លាំ​ងរ​ក្សា​សន្តិភាព​របស់ខ្លួន ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​កំពុង​ប្រឈម នឹង​ការគ្រោះថ្នាក់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។ កន្លងទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​កម្ពុជា បាន​បញ្ជូន​កម្លាំង​ទៅ​បំពេញបេសកកម្ម គឺ​កម្ពុជា​បានបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់ខ្លួន ក្នុងការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែលជា​ភារកិច្ច​ដ៏​សំខាន់បំផុត​។​

​គួរ​បញ្ជាក់ថា​៖ ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជិត​៦​ពាន់​នាក់ ក្នុងនោះ​មាន​ស្ត្រី​ជិត​៣០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ ចំនួន​៨​ប្រទេស​។ ដែល​បច្ចុប្បន្ន​កម្ពុជា មាន​កម្លាំង​ជិត​១.០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ប្រទេស​ម៉ាលី ៕ ដោយ ​៖​ កូ​ឡាប​

spot_img
×