Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើសុំ​ឥណ្ឌូណេស៊ី​បន្ត​ពង្រឹង និង​ពង្រីក ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌​

spot_img

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្ប៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​   ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប លោកស្រី Paun Maharani រដ្ឋមន្ត្រី​សម្របសម្រួល​ការអភិវឌ្ឍ​មនុស្សជាតិ និង​កិច្ចការ​វប្បធម៌​នៃ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​វិមាន​សន្តិភាព​។​

​លោកស្រី Paun Maharani បាន​មានប្រសាសន៍​ជម្រាបជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អំពី​គោលបំណង នៃ​ការអញ្ជើញ​មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ចូលរួម​ក្នុង​ពិធី​ប្រារព្ឋ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឥណ្ឌូណេស៊ី ដែល​ទំនាក់ទំនង​នេះ បាន​បន្សល់​ទុក​ដោយ ស្នា​ព្រះហស្ត​នៃ​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និង អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ស៊ូ​កាណូ​។​

​លោកស្រី បាន​ថ្លែងអំណរគុណ​យ៉ាងជ្រា​ជ្រៅ និង​ពេញចិត្ត​បំផុត​ចំពោះ​វត្តមាន ចូលរួម​យ៉ាងច្រើន​អធិកអធម ពី​បណ្តា​ថ្នាក់​ដឹកនាំ​កម្ពុជា នៅក្នុង​ពិធី​ប្រារព្ធ​ខួប​ទំនាក់ទំនង​ការទូត​នេះ​។ លោកស្រី ក៏​បាន​ជម្រាបជូន សម្ដេច​តេជោ ផងដែរ​ថា ការជ្រើសរើស​យក​ថ្ងៃ​ទី​១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ​ជា​ថ្ងៃ​ប្រារព្ធ​ខួប គឺ​កាលពី ៦០ ឆ្នាំមុន ដែល​ត្រូវ​នឹង​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ​ឆ្នាំ ១៩៥៩ ដែល​ប្រទេស​ឥណ្ឌូណេស៊ី និង​កម្ពុជា បាន​ចុះហត្ថលេខា​ជា​ផ្លូវការ លើ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី ដែល​បាន​អញ្ជើញ​មក​កម្ពុជា ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​ព្រមទាំង​បាន​នាំមក​នូវ​សិល្បករ សិល្បការ​នី ចូលរួម​សម្តែង​យ៉ាង​អធិកអធម​ទៀតផង​។ វត្តមាន​របស់​លោកស្រី គឺ​បាន​រឹត​បន្តឹង​នូវ​ចំណង​មិត្តភាព​ការទូត រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​រឹងមាំ និង​ល្អប្រសើរ​។​

​ទន្ទឹមនឹងនោះ​ដែរ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក អំពី​ស្នាដៃ​នៃ​ថ្នាក់ដឹកនាំ​ជំនាន់​មុន ដែល​បាន​ខិតខំ​កសាង​បន្សល់ទុក នូវ​ទំនាក់ទំនង​ដ៏​ល្អ​ដល់​ប្រទេស​យើង​ទាំង​ពីរ ហើយ​បាន​បន្ត​មក​ដល់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយៗ ដែល​មាន​រយៈពេល​ជាង ៦០ ឆ្នាំ​មកនេះ ហើយ​ដែល​កំពុង​រីកដុះដាល និង​រឹងមាំ​មក​ទល់​សព្វថ្ងៃ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​រំលឹក​ផងដែរ អំពី​ការចូលរួម​យ៉ាង​សំខាន់ របស់​ប្រទេស​ឥណ្ឌូណេស៊ី​កន្លង ទាំង​នៅក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។ ដោយឡែក​នៅ​កម្ពុជា គឺ​ឥណ្ឌូណេស៊ី បាន​ចូលរួមចំណែក​ស្វែងរក​សន្តិភាព ព្រមទាំង​បាន​ធ្វើ​ជា​សហប្រធាន នៃ​កិច្ចចរចារ​សន្តិភាព​ទីក្រុង​ប៉ារីស​ផងដែរ​។ ក្រៅពីនោះ គឺ​ប្រទេស​ឥណ្ឌូណេស៊ី បាន​រួមចំណែក​បញ្ជូន​ទ័ព មក​ការពារ​សន្តិភាព​នៅ​កម្ពុជា ក្នុងអំឡុងពេល​រៀបចំ​ការបោះឆ្នោត ដែល​រៀបចំ​គ្រប់គ្រង ដោយ​អង្គការសហប្រជាជាតិ (UNTAC)​កាលពី​ឆ្នាំ ១៩៩៣ ព្រម​ទាំង​ជំនួយ​ក្នុង​ការហ្វឹកហាត់ និង​អភិវឌ្ឍ​ធនធានមនុស្ស និង​ធនធាន​កងទ័ព​នៅ​កម្ពុជា​ផង​ដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ភាគី​ឥណ្ឌូណេស៊ី​បន្ត​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​នេះ ឲ្យ​កាន់តែ​រឹងមាំ​និង​ស៊ីជម្រៅ ហើយ​ចូលរួម​ជំរុញ និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​វប្បធម៌ ព្រមទាំង​លើកទឹកចិត្ត និង​ជំរុញ​នូវ​ទំនាក់ទំនង កាន់​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ល្អរ​ប្រសើ​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំង​ពីរ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​កម្មវិធី​វប្បធម៌​ជាដើម​។ ទន្ទឹមនឹងនោះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ភាគី ឥណ្ឌូនេស៊ី បើក​ឲ្យមាន​ការហោះហើរ ដោយ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មក​កាន់​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ឥណ្ឌូណេស៊ី ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ពាណិជ្ជករ និង​វិនិយោគគិន សម្រាប់​ប្រទេស​ទាំង​ពីរ​៕ ដោយ ​៖​ កូឡាប​

 

 

spot_img
×