Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​វិវាទ​ដីធ្លី ដែល​ធ្លាប់តែ​កកស្ទះ នៅ​មូលដ្ឋាន​

spot_img

​សៀមរាប ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​សៀមរាប ទទួលបាន​នូវ​ចំណេះដឹង អំពី​គោលការណ៍ នីតិវិធី​ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការដោះស្រាយ​ទំនាស់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន កាន់តែ​ប្រសើរ​ឡើង ជាសំខាន់​ក្នុង​ការកាត់បន្ថយ នូវ​ទំនាស់​ដីធ្លី ដែល​ធ្លាប់តែ​កកស្ទះ នៅ​មូលដ្ឋាន​កន្លងមក​។​

​សិក្ខាសាលា​ស្តីពី ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី របស់​ក្រុម​ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត ដែល​មាន​រយៈ​ពេល ៣​ថ្ងៃ ក្រោម​អធិបតីភាព​លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់ និង​ជា​អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី និង លោក ពិន ប្រាកដ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការអញ្ជើញ ចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ខេត្ត អាជ្ញាធរ​ក្រុង ស្រុក មន្ត្រីរាជការ ប្រមាណ ១៣០​នាក់​ចូលរួម នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​សៀមរាប​។​

​អង្គ​សិក្ខាសាលា​នេះ​ធ្វើឡើង ក្នុង​គោលបំណង ផ្តល់​នូវ​ចំណេះដឹង​ជូន​សិក្ខាកាម ឲ្យបាន​ជ្រាប​អំពី​បេសកកម្មរ​បស់​មន្ត្រី ក្នុង​ការ​សម្របសម្រួល​ទស្សនៈ​ពលរដ្ឋ ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី ហើយក៏​ជា​ការ​រំលឹក​ជូន​នូវ​ទ្រឹស្តី បច្ចេកទេស​ផ្សេងៗ​នៃ​កា​រសើប​អង្កេត និង សម្រុះសម្រួល​វិវាទ​ដី​ធី្ល ដែល​ជា​គោល​កាណ៍​សំខាន់​នៃ​ការដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធ​តុលាការ ។ សំខាន់ គឺ ចង់​ឲ្យ​សិក្ខាកាម​បាន​យក​ចំណេះដឹង ដែល​ទទួលបាន​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ យកទៅ​ធ្វើការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តាម​មូលដ្ឋាន​ខ្លួន ឲ្យបាន​ចំ​គោលដៅ ប្រកបដោយ​ប្រសិទ្ធភាព សមភាព និង យុត្តិធម៌ ។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ពិន ប្រាកដ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល បាន​រៀបចំ​តាក់តែង និង​ដាក់ឲ្យចូល​ជា​ធរមាន នូវ​ច្បាប់ អនុក្រឹត្យ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ដីធ្លី ។ ទន្ទឹម​នឹង​ការកសាង​លិខិតបទដ្ឋាន ដើម្បី​ជា​ឧបករណ៍​សម្រាប់​គ្រប់គ្រង​ដីធ្លី រាជរដ្ឋាភិបាល ក៏​បាន​បង្កើត​យន្តការ​សម្រាប់​ដោះស្រាយ ជាពិសេស​គណៈកម្មការ​សុរិយោដី​ទាំង បី​ថ្នាក់ ក្នុង​គោលបំណង តាមដាន និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ក្រៅ​ប្រព័ន្ធតុលាការ ដែល​កន្លងមក​បាន​អនុវត្ត​ដោយ​អន្លើរៗ រួចមកហើយ​។​

​ក្នុងនោះដែរ លោក​រដ្ឋលេខាធិការ ក៏​បាន​លើក​នូវ​ប្រធានបទ និង​ខ្លឹមសារ​មួយចំនួន ដើម្បី​ជា​មូលដ្ឋានគ្រឹះ សម្រាប់​មន្ត្រី​ក្រុមការងារ ដោះស្រាយ​វិវាទ​ដីធ្លី​ចល័ត យកទៅ​អនុវត្ត​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន ឲ្យទទួល​បាន​ប្រសិទ្ធភា​ព ហើយ​បាន​ធ្វើ​ការណែនាំ និង ផ្តល់​នូវ​បទពិសោធន៍ អនុសាសន៍​មួយ​ចំនួន ក្នុង​ទិសដៅ​លើ​ការវាស់វែង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ គឺ ក្រុមការងារ​វាស់វែង​ទាំងអស់​មិន​ត្រូវ​ធ្វើការ​វាស់វែង​លោត ផ្លោះ ចំពោះ​ដី​ដែល​មាន​វិវាទ​ដូច​មុន​ឡើយ គឺ​នៅក្នុង​ពេល​ធ្វើការ​វាស់វែង ហើយ​បាន​ជួប​បញ្ហា​វិវាទ​ដីធ្លី​នោះ គឺ​ត្រូវ​ធ្វើ​ការដោះស្រាយ នៅនឹងកន្លែង​ឲ្យបាន​រួចរាល់ ទើប​អាច​បន្ត​ការវាស់វែង​របស់ខ្លួន ទៅមុខ​ទៀត​បាន ក្នុង​គោលដៅ​បញ្ចប់​នូវ​បញ្ហា​វិវាទ​ដីធ្លី​នេះ ។ ម្យ៉ាង ទៀត ចំពោះ​បញ្ហា​ដីធ្លី​មួយចំនួន ដែល​មាន​ម្ចាស់​កាន់កាប់ ហើយ​មិន​នៅក្នុង​មូលដ្ឋាន​ដែល​ក្រុមការងារ​ធ្វើ​ប្រតិបត្តិការ​បាន​កំពុង​អនុវត្ត គឺ​ត្រូវ​ធ្វើ​ការស្រាវជ្រាវ និង ផ្តល់​ព័ត៌មាន​ដល់​ម្ចាស់​ដី​ឲ្យចូល​មក​បំពេញ​ឯកសារ លិខិតស្នាម គឺ​មិន​ត្រូវ​ទុក​ចោល​ដូច​មុន​ឡើយ ដែល​ធ្វើឲ្យ​កើត​មាន​បញ្ហា​ផ្សេងៗ ហើយក៏​ជា​ការបញ្ចប់​នូវ​ការចុះបញ្ជី​បំពេញបន្ថែម​ផងដែរ ។ លោក​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា អស់ លោក លោកស្រី ជា​សិក្ខាកាម​នឹង​យល់​ជ្រួតជ្រាប និង ទទួលបាន​នូវ​ចំណេះដឹង អំពី​គោលការណ៍ នីតិវិធី​ក្នុង​ការដោះស្រាយ​ទំនាស់ ដីធ្លី ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការដោះស្រាយ​ទំនាស់ ក្នុង​មូលដ្ឋាន​របស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ជាសំខាន់​ក្នុង​ការកាត់បន្ថយ នូវ​ទំនាស់​ដីធ្លី ដែល​ធ្លាប់តែ​កកស្ទះ​នៅ​មូលដ្ឋាន​កន្លង​មក​ទៀត​ផង ៕ ដោយ ​៖ ​កូឡាប​

   

spot_img
×