Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នាយ​ប៉ុស្ត៍អន្តោប្រវេសន៍​ថ្មី ច្រក​ទ្វារ​ប៉ោយប៉ែត ត្រូវ​ហៅ​មក​សួរនាំ ក្រោយ​រង​ការចោទប្រកាន់​បង្កើន​អំពើពុករលួយ​

spot_img

ខេត្ត​បន្ទាយមានជ័យ ៖ លោក វរសេនីយ៍ទោ ឃឹម ចិ​ត្រា នាយប៉ុស្ត៍នគ​បាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្ថរជាតិ​ប៉ោយប៉ែត កំពុងតែ​ពង្រឹង​អំណាច​របស់​ខ្លួន ថែម​ទាំង​បង្កើន​អំពើពុករលួយ​កាន់តែ​ខ្លាំង​ទ្វេ​ឡើង​។ ពាក់ព័ន្ធ​ករណី​នេះ អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ តាមរ​យៈផេក​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ បាន​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឲ្យបាន​ជ្រាបថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ទាំងនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វេី​ការកោះហៅ​មន្ត្រីទ​ទួលខុសត្រូវច្រ​ក​ទ្វារ​ព្រំដែន​មក​សាកសួរ និង​កំពុង​ចាត់វិធានការ​ស្រាវជ្រាវ​ចំពោះ​ករណីនេះ យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​លោក វរសេនីយ៍ទោ ឃឹម ចិ​ត្រា ដែល​រង​នូវ​ការចោទប្រកាន់​អំពើពុករលួយ មានដូចជា​៖

១/​ជម្រិត​យក​ប្រាក់​ពី​ពលរដ្ឋ ក្នុង​ម្នាក់ៗ​៥០​បាត​(​លុយ​ថៃ​)​ឬ​ស្មើនឹង​៧០០០​រៀល ក្នុងការ​ប្រថាប់ត្រា​លើ​បណ្ណ័​ព្រំដែន ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្ថរជាតិ​ប៉ោយប៉ែត​។​

២/​ធ្វើ​លិខិតបញ្ជាក់​១​សន្លឹក​តម្លៃ​២០០​បាត នឹង​៥០០​បាត​ផ្សេងទៀត សម្រាប់​ថត​កាត​ចូល​ប្រទេស​ថៃ ។​

៣/​ធ្វើ​លិខិតបញ្ជាក់​១​សន្លឹក តម្លៃ​២០០​បាត នឹង​៤០០​បាត​ផ្សេងទៀត សម្រាប់​ថត​កាត​ចូល​ទៅ​ដី​ថៃ ចំពោះ​ពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត ក្រៅ​ពី​ក្រុង​ប៉ោយ​ប៉ែត​។​

៤/​ជម្រេត​យកលុយ​៣០០​បាទ ក្នុង​១​ខែ ពី​អ្នករត់ម៉ូតូឌុប​នៅ​គល់​ស្ពាន​មិត្តភាព កម្ពុជា​-​ថៃ​។​

៥/​ជម្រឹត​ទា​លុយ​ពី​អ្នក​រត់​ម៉ូតូ​កង់​៣ ម្នាក់​៦០០​បាទ​ក្នុង​១​ខែ​។​

៦/​ជម្រឹត​ទា​លុយ​ពី​អ្នក លក់​ចំណីអាហារ​តាម​រទេះរុញ ម្នាក់​ក្នុង​១​ខែ ចាប់ពី​១៥០០-២០០០ រហូតដល់​៦០០០​បាត ។​
​ចំណុច​ទី​៥​នឹង​ទី​៦ គឺ​លោក​វរសេនីយ៍ឯក ទេព សម្បត្តិ នាយរង​ប៉ុស្ត៍ ជា​អ្នក​ក្ដោប​សេដ្ឋកិច្ច ។​

​គួរ​រំលឹក​ផងដែរ​ថា ការ​ជម្រឹត​យកលុយ​បែបនេះ គឺជា​អំពើ​ល្មើស​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ជា​បទឧក្រិដ្ឋ ជាប់ពន្ធនាគារ នឹង​ពិន័យ​ជា​ប្រាក់ ដែល​មានចែង​នៅក្នុង​ច្បាប់ ប្រឆាំង​អំពើពុករលួយ ។​ក្រៅពី​នោះ​នាយ​ប៉ុស្ត៍​រូប​នេះ នៅ​បាន​ប្រើ​កូនចៅ​ក្រោមបង្គាប់ឲ្យ​ចាំ​ជំរិត​ទារលុយ ពី​បងប្អូន​ពលករ កម្មករ នឹង​អាជីវករ​ខ្មែរ ដែល​ឆ្លង​ដែន​តាម​ច្រកទ្វារ​ខាងលើ ដោយ​មាន​ការសហការ​ជាមួយ មេ​នគ​បាល​អន្តោប្រវេសន៍​ថៃ ឈ្មោះ បិ​ន សហការគ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ឆ្លងដែន​។​សូម​ជំរាប​ថា នៅក្នុង​កិច្ចព្រមព្រៀង រវាង​ប្រមុខ​រាជ​រដ្ឋាភិបាល​ទាំង​២ កម្ពុជា​-​ថៃ (MOU)​ស្ដីពី​ការ​ឆ្លងដែន​ទៅមក របស់​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​២ មិន​អនុញ្ញាតិ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​ច្រក​ទ្វារ​ខាងលើ ជម្រឹត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ឡើយ ក៏​ប៉ុន្តែ​លោក ឃឹម ចេត្រា នៅតែ​បន្ត​ប្រឆាំង​បទបញ្ជារ របស់​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្ដៅក្រហាយ រីឯ​អ្នល​ទទួល​អំ​រែក​គឺ ប្រមុខ​រាជរដ្ឋាភិបាល​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ចេញ​សេចក្ដីជូនដំណឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន បណ្ដាញ​សារព័ត៌មាន និង បណ្ដាញ​ទំនាក់ទំនង​សង្គម បាន​លើកឡើង​អំពី​បញ្ហា​មិន​ប្រក្រតី​របស់​មន្ត្រីនគរបាល​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​មាន​ការអះអាង​ថា មន្ត្រី​មួយចំនួន​បាន​ទាមទារ​ប្រាក់​ក្រៅផ្លូវការ ជា​ថ្នូរ​នឹង​ការបំពេញ​ឯកសារ​លើ​លិខិត​ឆ្លងដែន​ចេញ​ចូល​ប្រទេស​ថៃ​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឲ្យបាន​ជ្រាបថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ទាំងនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ធ្វេី​ការកោះហៅ​មន្ត្រីទ​ទួលខុសត្រូវច្រ​ក​ទ្វារ​ព្រំដែន​មក​សាកសួរ និង​កំពុង​ចាត់វិធានការ​ស្រាវជ្រាវ​ចំពោះ​ករណីនេះ យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ជម្រាបជូន​សាធារណជន​ឲ្យបាន​ច្បាស់លាស់​ពាក់ព័ន្ធ​ករណីនេះ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×