Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អា​នុ​សាសន៍​សំខាន់ៗ ៨​ចំនុច​ដល់​សន្និបាត​បូកសរុប​ការងារ​បស់​ក្រសួងមហាផ្ទៃ​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​កោតសរសើរ និង​វាយតម្លៃ​ដល់​កងកម្លាំង និង​មន្ត្រីរាជការ​ទាំង​អស់នៃ​ក្រសួងមហាផ្ទៃ ដែល​បាន​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ខ្ពស់ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​នៅក្នុង​ឆ្នាំ​២០១៨​។​

​នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប៍​១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ គ​.​ស ២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួងមហាផ្ទៃ​។ ក្រសួងមហាផ្ទៃ​បាន​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

ក្នុង​សន្និបាត​រយៈពេល​ពីរ​ថ្ងៃនេះ​ក្រសួងមហាផ្ទៃ​បានបង្ហាញ​នូវ​សមិទ្ធផល​ជាច្រើន​ដែល​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​ខេត្ត និង​កងកម្លាំង​នគរបាល​សម្រេចបាន​នៅក្នុង​ឆ្នាំ​២០១៨ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​។ អង្គសន្និបាត​ក៏បាន​បង្ហាញ​នូវ​ផែនការ​មួយចំនួន​ដែល​នៅ​ចន្លោះប្រហោង​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បំពេញ​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អា​នុ​សាសន៍​សំខាន់ៗ ៨​ចំនុច​ដើម្បី​ចូលរួម​ក្នុងការ​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងមហាផ្ទៃ រួមមាន​៖

១) ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ការពារ​សន្តិភាព និង​សន្តិសុខ​ជាតិ​និង​ទប់ស្កាត់​បង្ការ និង​បង្ក្រាប​ឲ្យ​ទាន់ពេលវេលា​រាល់​សកម្មភាព​បទល្មើស​ផ្សេងៗ​។​

២) អាជ្ញាធរ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​គ្រប់​ជាន់ថ្នាក់​ត្រូវ​ចូលរួម​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​សកម្មភាព​លួច​ឆក់​ប្លន់ បន្ត​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទប់ស្កាត់​អគ្គីភ័យ អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ការងារ និង​ការរស់នៅ​របស់​ប្រជាជន​ប្រកបដោយ​សុខសន្តិភាព និង​សុវត្ថិភាព​។​

៣)​បន្ត​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច ជាមួយ​ប្រទេសជិតខាង​ក្នុង​តំបន់ និង​អន្តរជាតិ​ដើម្បី​រួមគ្នា​ទប់ស្កាត់​បង្ក្រាប​សក​ម្ម​ភាព​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នានា​។​

៤)​បន្ត​ពង្រឹង​ការទទួលខុសត្រូវ​ក្នុងការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​តាមរយៈ​ការយកចិត្តទុកដាក់​នឹង​ការងារ និង​ការ​ការគ្រប់គ្រង​តាម​ច្រកព្រំដែន​គោក ផ្លូវទឹក និង​ផ្លូវអាកាស​។ បង្កើន​កិច្ចសហការ​ក្នុងការ​គ្រប់គ្រង​ការ​ស្នាក់នៅ​ការប្រកបមុខរបរ និង​សកម្មភាព​ជនបរទេស ជនអន្តោប្រវេសន៍​នៅក្នុង​ប្រទេស​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​។​

៥)​បន្ត​ការកែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ដោយ​យកចិត្តទុកដាក់​ជាមួយនឹង​ការផ្ទេរ​មុខងារ​ធនធានមនុស្ស​នៃ​ក្រសួង​ស្ថាប័ន​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាមរយៈ​ការប្រគល់ ឬ​ការធ្វើប្រតិភូកម្ម​អំណាច អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព និង​គណនេយ្យភាព​។​

៦)​គឺត្រូវធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​ក្នុង​ការផ្ដល់​សេវាសាធារណៈ​ព្រមទាំង​កំណត់​តាម​ដែន​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ តាមរយៈ​ការបម្រើ​ជូន​នូវ​សេវា​តាម​ភូមិ ឃុំ សង្កាត់ ច្រកចេញចូល​តែមួយ​អោយ​កាន់តែ​ទូលំទូលាយ​។​

៧)​តាម​ការព្យាករណ៍ នៅ​ឆ្នាំនេះ​ប្រទេស​កម្ពុជា​នឹង​អាចមាន​អាកាសធាតុ​ក្តៅ​ហួតហែង ដោយ​រដូវប្រាំង​ត្រូវ​អូសបន្លាយ​យូរ​ឆ្នាំ​ជាង​ឆ្នាំមុន ដូច្នេះ​សូម​ឲ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រាជធានី​ខេត្ត​ត្រូវ​ត្រួតពិនិត្យ តាមដាន​ពី​ការប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​។ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ត្រូវ​ណែនាំ​អប់រំ​ប្រជាជន ពី​ការថែរក្សា​សុខភាព និង​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​។​

៨) សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​អាជ្ញាធរ និង​កម្លាំង​នគរបាល​ត្រូវ​ប្រឹងប្រែង​រួមគ្នា​លើកកម្ពស់​សេដ្ឋកិច្ច ដើម្បី​ពង្រឹង​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ​។ ការ​រស់​ពឹង EBA មិនអាច​ពឹង​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​អ្នកមាន​នោះឡើយ​។ សូម​ប្រជាពលរដ្ឋ កុំ​ខ្វល់​ទៅនឹង​សម្តី​អ្នកដទៃ បើ​នៅតែ​អាច​បន្ត​បើកប្រាក់​បៀវត្សរ៍ និង​អាច​ប្រកប​របប​ទទួលទាន​ជា​ប្រក្រតី​នោះ​។ កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដោយ​មិន​ធ្វើ​ឲ្យ​បញ្ហា EBA ប៉ះពាល់​ដល់​ទំនាក់ទំនង​កម្ពុជា​-​អឺរ៉ុប​នោះឡើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​ក្រុមហ៊ុន​មកពី​បណ្តា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ទាំងអស់ ឲ្យ​បន្ត​រកស៊ី និង​ស្នាក់នៅ​ដោយ​ក្តី​រីករាយ​ក្រោម​ម្លប់​សុខសន្តិភាព​របស់​កម្ពុ​ជា​។ សម្តេច​តេ​ជោ​បាន​បន្ត​អំពាវនាវ​ដល់​អ្នកវិនិយោគ និង​ធុរជន​ទាំងអស់​ឲ្យ​បន្ត​ជឿជាក់​ក្នុងការ​រកស៊ី​នៅ​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ធ្វើកំណែទម្រង់​លើ​សេវា​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​សម្រួល​ដល់​ការរកស៊ី​។​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបង្ហាញ​ការ​ជឿជាក់ថា តាមរយៈ​ការធ្វើកំណែទម្រង់​ជាច្រើន​នេះ បរិយាកាស​នៃ​ការវិនិយោគ​នៅ​កម្ពុជា​នៅតែ​ល្អប្រសើរ ពីព្រោះ​តាមរយៈ​ការវាយតម្លៃ​ជាថ្មី​រកឃើញថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុ​ជាមាន​រហូតដល់​ទៅ ៧.៥​ភាគរយ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ទៅដល់​កម្មករ កម្មការិនី កុំ​មានការ​ព្រួយបារម្ភ​បញ្ហា EBA ដរាបណា​ការងារ​នៅតែមាន​ធ្វើ​។ ថ្ងៃនេះ​សម្ដេច​តេ​ជោ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​ការធ្វើជំរឿន​ទាំងអស់គ្នា​នៅ​ថ្ងៃទី ៣ ខែ​​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សម្តេច​តេ​ជោ ក៏បាន​សរសើរ​ចំពោះ​ក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​រួមគ្នា​បំពេញការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​។ សម្តេច​សង្ឃឹមថា អង្គសន្និបាត​ទាំងមូល​នឹង​អនុវត្ត​ប្រកបដោយ​ភាពជោគជ័យ នូវ​ទិសដៅ​ការងារ និង​គោលការណ៍​សំខាន់ៗ​ជាច្រើន​ទៀត របស់​ក្រសួងមហាផ្ទៃ​ដើម្បី​នាំមក​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ជូន​ជាតិ​និង​ប្រជាជន​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×