Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ស្នើសុំ​​សម្តេច​តេជោ ជួយ​អន្តរាគមន៍​លើ​អតីត​អភិបាលរងស្រុ​កគីរីវង់​ សាងសង់​សំណង់​រឹង​បិទផ្លូវ​បង្ហូរទឹក​ដែលជា​អូរ​ប្រវត្តិសាស្ត្រ​

spot_img

តាកែវ ៖ ពលរដ្ឋ​មួយ​ភូមិ ក្នុង​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ជាង​១០០​គ្រួសារ​លើកដៃ​សំពះ​សុំឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ចំពោះ​អតិ​ត​អភិបាលរង​ស្រុក​គីរីវង់​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណៈបក្ស​ប្រជាជន​ស្រុក ដែល​បាន​សាងសង់​សំណង់​រឹង​មួយកន្លែង​រំលោភ​លើ​អូរ​ប្រវត្តិសាស្ត្រ​ដែល​មាន​ជា​យូរយា​ណាស់​មកហើយ សម្រាប់​បង្ហូរទឹក​និង​បញ្ជៀ​ស​ការលិចលង់​ផ្ទះសំបែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​កំពង់​ទាំងមូល​ដែល​ជា​មរតក​ដូនតា​បន្សល់​ទុក​មកដល់​បច្ចុប្បន្ននេះ នៅពេល​មាន​ភ្លៀង​ជន​ម្តងៗ​។​

​តំណាង​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​១១៧​គ្រួសារ ​ដែល​រស់នៅ​ក្នុង​ភូមិ​កំពង់ លោក មិញ សុភាព នាយក​សាលា​បឋមសិក្សា សុខ អាន ទន្លា​ប់ បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ថា ចំពោះ​អូរ​ប្រវត្តិសាស្ត្រ​នេះ ក្រុម​ប្រជា​ពល​រដ្ឋ​ធ្លាប់បាន​ធ្វើ​ការប្តឹងតវ៉ា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ តែ​ការ​ប្តឹងផ្តល់​នេះ​ត្រូវបាន​តុលាការ​សម្រេច​កាត់ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកចាញ់​ទៅ​វិញ​។ ទើប​មកដល់​ពេលនេះ លោក ម៉េង សុខុម ដែល​ជា​អនុ​ស្នាក់ការ​គណៈបក្ស​ប្រជាជន​កម្ពុជា ស្រុក​គីរីវង់ ចាប់ផ្តើម​សាងសង់​និង​បុកគ្រិះ​ចាក់​ថ្ម​ធ្វើ​ជា​សំណង់​រឹង​នៅ​ចំណុច​ពីមុខ​លូ​ស្ពាន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​នេះ​តែម្តង ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​សារជាថ្មី​ម្តងទៀត ដោយសារតែ​ពួកគាត់​មាន​កង្វល់​កើត​ទុក​មិន​សុខចិត្ត​លើ​ការសាងសង់​សំណង់​រឹង​បិទមាត់​លូបង្ហូរទឹក​នេះ​។​
​លោក មិញ សុភាព បាន​និយាយទៀតថា ការធ្វើ​សំណង់​នេះ​ពិតជា​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជាក់​ជាមិនខាន ព្រោះ​កន្លងមក អូរ​បង្ហូរទឹក​នេះ​ជា​ផ្លូវ​ទឹក​មួយ​ដ៏​សំខាន់​សម្រាប់​បញ្ជៀ​សការ​ជន់​លិច​ផ្ទះសំបែង​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​​រាប់រយ​គ្រួសារ សាលារៀន​។​

​អ្នក​មីង ជន សុខា ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កំពង់​បាន​និយាយថា កាលពី​ដើម​មក​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ និង​ជា​បន្ត​បន្ទាប់​នៅពេល​រដូវវស្សា​មកដល់​មាន​ភ្លៀង​ខ្លាំង​ម្តងៗ​ទឹក​បាន​ហូរ​ចុះ​ពី​ភ្នំ​ជ្រោះ​ផ្អោប​ធ្លាក់ចុះ​តាម​ភូមិ​កំពង់ លិច​វិទ្យាល័យ សុខ អាន​ទម្លាប់ និង លិច​ដល់ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ពី​ខាង​លិកសា​លា​បឋមសិក្សា សុខ អាន ទម្លាប់ ច្រើន​រយ​គ្រួសារ បាន​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដែល​កាលនោះ ផ្លូវ​អូរ​នេះ​នៅ​ធំ​ទូលាយ​ណាស់​។ តែ​ពេល​ទឹក​ជន​លិច​ម្តងៗ​ត្រូវ​រងគ្រោះ​យ៉ាង​តិច​៥​យប់​ទើប​ទឹក​ស្រក​ទៅវិញ​អស់ ចុះបើ​ឥឡូវ​អូរ​នេះ​ត្រូវបាន​លោក ម៉េង សុខុម សាងសង់​សំណង​រឹង​បិទ​ពីមុខ​បែបនេះ តើ​យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​រស់នៅ​បាន​ស្ងប់​អារម្មណ៍​កក់ក្តៅ​ដូច​ធម្មតា​ទៅ​មុខ​បាន​ដោយ​របៀប​ណា​។​

​ចំណែកឯ​អ៊ំ​ប្រុស នុត ម​ន្ថា ដែលជា​អ្នករស់នៅ​ក្នុង​ភូមិ​កំពង់​នេះ​តាំង​ពី​តូច​បាន​និយាយថា អូរ ដែល​ជា​ផ្លូវ​បង្ហូរទឹក​នេះ ពីមុន​មក​កន្លែង​នេះ​គឺជា​អូរ សម្រាប់​ជម្លៀស​ទឹក​ចេញ មិនមែន​ជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​ណាមួយ​ទេ តែ​មក​ទល់​ពេល​នេះ​ត្រូវបាន​បុគ្គល​ឈ្មោះ ម៉េង សុខុម សាងសង់​សំណង​រឹង​រំលោភ​លើ​មាត់​លូបង្ហូរទឹក​នេះ​បាត់ទៅហើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១១៧​គ្រួសារ​ បាន​ដាក់​ពាក្យបណ្តឹង​តវ៉ា​ទៅ ឯកឧត្តម សុខ សូ​កាន អ្នកដំណាងរាស្ត្រ​មណ្ឌល​តាកែវ​រួចហើយ ដើម្បី​ឲ្យ​ឯកឧត្តម​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​ជួយ​ដល់​ពួកគាត់​។​ ​ជុំវិញ​ការតវ៉ា​នេះដែរ លោក ស៊ុត ខុន អភិបាលស្រុក​គីរីវង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​តាមរយៈ​ខ្សែ​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា រូប​លោក​ទើបតែ​ទទួលបាន​ដំណឹង​នេះ រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​ដោយ​មិនបាន​ធ្វើ​ការបកស្រាយ​លំអិត​នោះទេ ខណៈ​ដែល​រឿង​នេះ​មានការ​ក្តីក្តាំង​គ្នា​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ​៕ ដោយ ៖ តាកែវ​

 

 

spot_img
×