Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង​១០០​ផ្ទាំង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​

spot_img

​សៀមរាប ​៖ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ នៅ​ថ្ងៃ​ទី​១៥​កុម្ភៈ​នេះ បាន​ផ្សាយ​លើ​ផេក​ហ្វេស​ប៊ុ​កថា ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ និង​ស្រប​តាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ ICC-Angkor អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែលមាន​ទាំង​អក្សរ​ខ្មែរ និង​អក្សរ​អង់គ្លេស ធ្វើ​ពី​ថ្មភក់​ប្រមាណ ១១៨​ផ្ទាំង ហើយ​គ្រោង​នឹង​លើក​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ បង្ហាញជូន​នូវ​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូចជា ឈ្មោះ​ប្រាសាទ អាយុកាល​សាងសង់​ប្រាសាទ ទិស​ច្រកចូល​ប្រាសាទ និង​អម​ដោយ​ស្លាក​សញ្ញា (Logo) ចំនួន​៤​គឺ ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ និង​ស្លាក​សញ្ញា​៣​ផ្សេងទៀត ដែល​នៅ​ខាងក្រោម​គឺ ស្លាក​សញ្ញា​យូណេស្កូ ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុងឡាអេ​ឆ្នាំ​១៩៥៤ សម្រាប់​ការការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់អាវុធ​។​

​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​នេះ​មាន​០៣​ទំហំ​ផ្សេងគ្នា ដោយ​គិត​ទៅ​តាម​ទីតាំង​ជាក់ស្តែង​នៃ​ច្រកចូល​ប្រាសាទ ដែល​ដំឡើង​បាន គឺ​ទំហំ​ធំ​ចំនួន ១៦​ផ្ទាំង កម្ពស់​១.៥០០​ម​ម​x បណ្ដោយ ៩១៤​ម​ម​x​កម្រាស់​៤៦៤​ម​ម​។ ទំហំ​មធ្យម​ចំនួន ៥២​ផ្ទាំង កម្ពស់​១,២០០​ម​ម​x​បណ្ដោយ​៧៣១​ម​ម​x កម្រាស់​៣៧១​ម​ម​។ ទំហំ​តូច​ចំនួន ៥០​ផ្ទាំង កម្ពស់​១,០០០​ម​ម​x​បណ្ដោយ​៦១៣​ម​ម​x​កម្រាស់​៣១១​ម​ម​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ Artisans Angkor នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក សុខ សង្វា​រ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់ថា មកដល់ពេលនេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បាន​ធ្វើ​រួចរាល់​ហើយ​មាន​ចំនួន​ប្រហែល​២៥%​នៃ​ចំនួន​ផ្ទាំង​សរុប ខណៈ​ដែល​ផ្ទាំង​ខ្លះទៀត​កំពុងស្ថិត​នៅ​ក្នុង​ការ​ឆ្លាក់​អក្សរ លាប​ពណ៌​បេតិកភណ្ឌ (​ពណ៌​ឈាមជ្រូក​) និង​ខ្លះទៀត​កំពុង​ឆ្លាក់​ក្បាច់​លម្អ​។​

​លោក បន្ថែមថា ចំនួន​ផ្ទាំង​នេះ​គឺ​មិន​បាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ ដោយហេតុ​ថា ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន​។ ចំពោះ​ទីតាំង​ដែល​តម្លើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ ក្រុម​ការងារ​បាន​គិត​ទៅ​ចំណុច​៣​គឺ នៅ​ក្បែរ​ច្រក​ចូល​ទស្សនា​ប្រាសាទ ទីតាំង​ងាយ​មើល​ឃើញ​របស់​ភ្ញៀវទេសចរ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។​

​អាជ្ញាធរ​ជាតិ​អប្សរា សង្ឃឹមថា សមិទ្ធផល​នេះ​នឹង​ជួយ​ផ្ដល់​ភាពងាយស្រួល និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវទេសចរ ក្នុងការ​ទស្សនា​តំបន់​អង្គរ ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវទេសចរ លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ និង​ទទួលបាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើឲ្យ​ដំណើរ​កម្សាន្ត កាន់តែ​មាន​ភាពងាយស្រួល និង​ច្បាស់លាស់​បន្ថែម​ទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×