មនុស្សចំនួន ២៦នាក់បានស្លាប់ និង ២៣នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងហេតុការណ៏រអិលបាក់ដីនៅលើកោះ Biliran ភាគខាងកើតប្រទេសភីលីពីន។
គ្រោះរអិលបាក់ដីដ៏ខ្លាំងបានកើតឡើង ដោយសារតែខ្យល់ព្យុះត្រូចពិចឈ្មោះ កៃតាក់ (Kai-tak) បានបោកបក់ទៅលើកោះនោះកាលពីថ្ងៃសៅរ៍ចុងសប្តាហ៏កន្លងទៅនេះ បណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់ខ្លាំង និងទឹកជំនន់។
មន្ត្រីប៉ូលីសម្នាក់បានថ្លែងប្រាប់ភ្នាក់ងារសារព៌តមានបារាំង AFP ថា “ដុំថ្មប៉ុនៗឡានបានរអិលធ្លាក់ដោយសារតែភ្លើងខ្លាំង”។
មុនពេលមានខ្យល់ព្យុះបក់មក មនុស្សប្រហែល ៨៨.០០០នាក់ត្រូវបានគេបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេដើម្បីសុវត្ថិភាព។
បើតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ខ្យល់ព្យុះក៏បានធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនតាមនាវាចម្លងផងដែរ ដោយធ្វើឲ្យអ្នកដំណើរជាង ១៥.០០០នាក់ ខកខានការធ្វើដំណើរ ដោយក្នុងនោះអ្នកដំណើរភាគច្រើនព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេ ដើម្បីចូលរួមបុណ្យណូអែល។
ទោះយ៉ាងណាក៏ដោយ ខ្យល់ព្យុះបានបន្ថយឥទ្ធិពលរបស់វានៅថ្ងៃអាទិត្យម្សិលមិញនេះ មកជាខ្យល់ត្រូពិចធម្មតា។
ប្រធានអ្នកស៊ើបអង្កេតម្នាក់ឈ្មោះ Lilibeth Morillo បានថ្លែងប្រាប់ AFP ថា “ថ្មប៉ុនៗឡានបានរអិលកិនផ្ទះថ្ម ក្រោយពេលមានភ្លៀងធ្លាក់ខ្លាំងរហូត ៣ថ្ងៃ”។
ក្រុមជួយសង្គ្រោះកំពុងដុតដៃដុតជើង ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅខាងក្រោម ខណៈដែលតំបន់រងគ្រោះទាំងមូលកំពុងគ្មានភ្លើងអគ្គិសនី៕ សុភ័ក្ត្រ