Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុណ្យ​ទន្លេ​នៅ​ខេត្ត​កំពង់​ឆ្នាំ រដ្ឋមន្ត្រី​ទេសចរណ៍ លើកទឹកចិត្ត​ឱ្យ​សហគមន៍​ក្អមឆ្នាំង យក​ផលិតផល​របស់ខ្លួន មក​តាំងពិព័រណ៍​ឱ្យបាន​ច្រើន​

spot_img

​កំពង់ឆ្នាំង ​៖ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើ​ទី​៥ នៅ​ខេត្តកំពង់ឆ្នាំង បាន​ជំរុញ​ដាស់តឿន ក្រុមការងារ​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ត្រូវខិតខំ​សម្រេច​ការងារ​ត្រៀម​រៀបចំ ពិធីបុណ្យ​ទន្លេ​នេះ​ឱ្យបាន ១០០​ភាគរយ ខណៈ​គិត​ត្រឹម​សប្ដាហ៍​ទី​៣ នៃ​ខែកុម្ភៈ​នេះ ការងារ​ទាំងឡាយ​សម្រេច​បាន​ប្រមាណ​ពី ៧០-៨០​ភាគរយ ហើយ​។​

​ការជំរុញ​ផែនការ​ការងារ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ នៅ​សាលាខេត្ត​កំពង់ឆ្នាំង នា​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០១៩​។ កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកស្រី​ដោក សុទ្ធា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង​។​

​ទន្ទឹមនឹង​កិច្ចខិតខំ​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ ដែល​ម​កល់​ពេលនេះ​បាន​ប្រមាណ ៧០-៨០​ភាគរយ ហើយ​នោះ ទិសដៅ​ការងារ​មួយចំនួនទៀត ត្រូវបាន​លោក ថោង ខុន ណែនាំ​បញ្ជាក់បន្ថែម និង​ដាក់ឱ្យអនុវត្ត​បន្ត ដើម្បី​សម្រេច​ឱ្យបាន ១០០​ភាគរយ ក្នុង​៣​សប្តាហ៍​ទៀត​។ លោក​បាន​បន្តថា ក្រុមការងារ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​សំរាម​ដល់​អាជីវករ ដែល​លក់​ម្ហូបអាហារ នំចំណី និង​ទំនិញ​របស់ខ្លួន​នៅក្នុង​ពិធីបុណ្យ​ទន្លេ​ខាងមុខនេះ ដើម្បីឱ្យ​កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ហើយ​ពោរពេញ​ដោយ​ភាព​ស្អាត​ថែមទៀត​។ រាល់​ស្ដង់​នីមួយៗ​ត្រូវមាន​ធុងសំរាម ហើយ​អាជីវករ​ក៏ត្រូវ​ចូលរួម​សម្អាត អនាម័យ​នៅតាម​ស្ដង់​របស់ខ្លួន​ផងដែរ​។ ថ្វី​ដ្បិត​ការរៀបចំ​តុបតែង​លម្អ​ទូទាំង​ក្រុង​កំពង់ឆ្នាំង កំពុងមាន​ភាព​មមាញឹក និង​កំពុង​លេច​ជា​រូបភាព​បណ្ដើរ​ក៏ពិតមែន ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​នៅតែ​ដាស់តឿន​ជាប្រចាំ ដើម្បីឱ្យ​ក្រុមការងារ​ខាង​រៀបចំ​តុបតែង​សោភ័ណភាព​នេះ ឱ្យបាន​លឿន​ឆាប់រហ័ស និង​ទាន់ពេលវេលា​។ ចំពោះ​សកម្មភាព​កីឡា ត្រូវបាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បានឱ្យដឹងថា ប្រភេទ​កីឡា​ដែល​ត្រៀម​រៀបចំ​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង មាន​ចំនួន​១១​ប្រភេទ ចែកចេញជា​២​ផ្នែក​៖ ផ្នែក​ទី​១៖ កីឡា​បង្ហាញ​ពី​អត្តសញ្ញាណ (​កីឡា​បុរាណ​) មាន​កីឡា​ចំបាប់​បុរាណ​ខ្មែរ ប្រដាល់​គុន​ខ្មែរ កីឡា​ទាញព្រ័ត្រ ប្រណាំងសេះ ប្រណាំង​ទូកង និង​កីឡា​ល្បុក្កតោ ផ្នែក​ទី​២៖ កីឡា​ទំនើប មាន​បាល់ទាត់ បាល់ទះ បាល់បោះ រត់ប្រណាំង ជិះ​កង់​។ ត្រូវ​បន្ត​ការរៀបចំ​ក្រុង​កំពង់ឆ្នាំង ឱ្យបាន​ស្អាត​ជាង​មុន ដើម្បីឱ្យ​ទីក្រុង​ដ៏​សំខាន់​នេះ ជាប់​ជ័យលាភី​ទីក្រុង​ស្អាត​អាស៊ាន​។ ប្រសិនបើ​ក្រុង​កំពង់ឆ្នាំង ទទួលបាន​ជ័យលាភី​ពី​អាស៊ាន​នេះ​មែន វា​គឺជា​សមិទ្ធផល​ធំ​មួយទៀត ក្រោយពី​ការរៀបចំ​បុណ្យ​ទន្លេ​នេះ​។​

ត្រូវ​រៀបចំ​កន្លែង ឬ​សួន​ដាំ​ដើមឈើ​នៅក្នុង​ក្រុង​ឱ្យបាន​ច្រើន និង​ត្រូវ​បំផុស​ចលនា​យុវជន ចូលរួម​ដាំ​ដើមឈើ យ៉ាងហោចណាស់​ឱ្យបាន​ម្នាក់​មួយ​ដើម និង​គូស្រករ​មួយគូ​ដើមឈើ ២​ដើម នៅក្នុង​សួន​ដែល​យើង​រៀបចំ​ទុក​នោះ ពិសេស​ត្រូវ​ត្រៀម​ទុក​កូនឈើ​ឱ្យបាន​ស្រេច និង​ត្រូវមាន​ក្រុមការងារ​ចាំ​ជួយ​សម្រួល​ដល់​អ្នក​ដែល​ទៅ​ដាំ​ដើមឈើ​។ ត្រូវ​យកចិត្តទុកដាក់​លើ​ការដាក់ ពង្រាយ​បង្គន់​អនាម័យ​សាធារណៈ ឱ្យបាន​ច្រើន និង​នៅ​ទីតាំង​ដែល​សមរម្យ ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ​។ រាល់​បង្គន់​សាធារណៈ ត្រូវ​រៀបចំ​ទៅតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន និង​ត្រូវមាន​អ្នក​ចាំ​សម្អាត​ជាប្រចាំ​។ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ និង​អនុគណៈកម្មការ​ទទួល​បន្ទុក ត្រូវ​ចុះទៅ​ជួយ​រៀបចំ​ជាមួយ​ព្រះសង្ឃ នៅតាម​វត្ត​អារាម និង​គណៈកម្មការ​វត្ត ដើម្បី​ជួយ​រៀបចំ​ការទទួល​ប្រជាជន​មកពី​ចម្ងាយ ដែល​មក​ទស្សនា​បុណ្យ​ទន្លេ ពិសេស​រៀបចំ​កន្លែង​សម្រាក អគ្គិសនី ទឹកស្អាត​ប្រើប្រាស់ ដោយ​លោ​កម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា “​បុណ្យ​ទន្លេ​ក៏​ជាការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រជាជន និង​ប្រជាជន​”​។​

​លោក​រដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​សិប្បកម្ម​ក្នុង​ខេត្ត រៀបចំ​ការតាំងពិព័រណ៍​ក្នុង​ពិធីបុណ្យ​ទន្លេ​ឱ្យបាន​ច្រើន ដើម្បី​លើកស្ទួយ​វិស័យ​សិប្បកម្ម​ក្នុង​ខេត្ត​ឱ្យបាន​ផុលផុស​ឡើង ពិសេស​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ក្អមឆ្នាំង យក​ផលិតផល​របស់ខ្លួន​មក​តាំងពិព័រណ៍​ឱ្យបាន​ច្រើន ហើយ​លោក​បាន​ណែនាំ​ទៅកាន់​អនុគណៈកម្មការ ត្រូវ​ផ្ដល់​ស្ដង់​ពិព័រណ៍​ដល់​ពួកគេ​ចំនួន ៣​ស្ដង់ ដើម្បីឱ្យ​ការតាំង​បង្ហាញ​ធំ​ទូលាយ​។ លោក​រដ្ឋមន្ត្រី​បាន​អះអាងថា លោក​នឹង​គោរព​អញ្ជើញ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលទៅ​ទស្សនា​ស្ដង់​ពិព័រណ៍​ក្អមឆ្នាំង​នេះ​ផងដែរ​។​

​ចំពោះ​សកម្មភាព​សិល្បៈ និង​ទស្សនីយភាព​ត្រូវបាន​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុគណៈកម្មការ​រៀបចំ​ទស្សនីយភាព​សិល្បៈ រាយការណ៍​ឱ្យដឹងថា ក្នុង​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង ខាងមុខនេះ មានការ​សម្ដែង​សិល្បៈ​បុរាណសម័យ​ច្រើន​សម្បូរបែប និង​ប្លែកៗ ដោយមាន​ការចូលរួម​សម្ដែង​ពី​ក្រុម​សិល្បៈ​មកពី​ខេត្ត​ជិតខាង ពិសេស​សិល្បៈ​ធំ​ក្នុង​ពិធីបុណ្យ​ទន្លេ​នេះ គឺ​ល្ខោន​រឿង “​ពុទ្ធិ​សែន​នាង​ក​ង្រី​”៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×