Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើត​ខេត្តរតនគិរី មាន​អាយុ ៦០​ឆ្នាំ ហើយ​

spot_img

​រតនគិរី ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ រដ្ឋបាលខេត្ត​រតនគិរី បានរៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៦០​ឆ្នាំ នៃ​ការបង្កើត​ខេត្តរតនគិរី​១៧ កុម្ភៈ ១៩៥៩ – ១៧ កុម្ភៈ ២០១៩ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​រង្វង់​មូល​ទីប្រជុំជន​ក្រុង​បាន​លុង ដោយមាន​ការអញ្ជើញ​ចូលរួម​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សា​សម្តេច​វិបុល​សេនា​ភក្តី​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត លោក មួង ប៉យ សមាជិក​ព្រឹទ្ធសភា លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​រតនគិរី លោក ណាប់ ប៊ុន ហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក មន្ត្រីរាជការ សិស្សានុសិស្ស ក្រុមយុវជន​យុវជន ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​នោះដែរ លោក​ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ថ្លែងថា រយៈពេល​៦០​ឆ្នាំ ដែល​ខេត្តរតនគិរី បាន​បង្កើត​ដោយបាន​កាត់​ចេញពី​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​១៩៥៩ ទើបតែ​រយៈពេល​ប៉ុន្មាន​ជាង​៣០​ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​ទាំងមូល​បាន​ស្គាល់​នូវ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ពិតប្រាកដ ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ។

​លោក​អភិបាលខេត្ត បាន​លើកឡើងថា “​ក្នុងនាម​យើងខ្ញុំ​អ្នក​បន្តវេន ប្តេជ្ញា​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល និង​សន្តិភាព​នេះ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បន្ត​ការអភិវឌ្ឍ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​បន្តទៀត​។ អតីត​ប្រធាន​ខេត្តរតនគិរី លោកតា អ៊ុង ញ៉​ច បាន​គ្រប់គ្រង​ដឹកនាំ​ខេត្ត​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ចាប់ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦៨ ក្រោយមក​កម្ពុជា​ត្រូវ​ធ្លាក់​ក្នុង​របប លន់ នល់ និង ពល ពត ដែល​នាំ​ឲ្យ​ពលរដ្ឋ​រងទុក្ខវេទនា និង​ការបំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ការកាប់សម្លាប់​រង្គាល​”​។​

​ក្នុងឱកាស​នេះ ក៏បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធីសូត្រមន្ត​ប្រោះ​ព្រហ្ម និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៦១​អង្គ ព្រមទាំង​មានការ​ដាក់ តាំងពិព័រណ៍​ផលិតផល​កសិកម្ម បង្ហាញ​ពី​ការរីកលូតលាស់ តាម​ស្តង់​ស្រុក​នីមួយៗ នៅក្នុង​បរិវេណ​មន្ទីរ​វប្បធម៌​។​

​គួ​បញ្ជាក់​ផងដែរ​ថា​ ៖ បើ​គិត​រហូតមក​ដល់ពេលនេះ គឺមាន​រយៈពេល​៦០​ឆ្នាំ​ហើយ នៃ​ថ្ងៃ​បង្កើត​ខេត្តរតនគិរី ដោយបាន​កាត់​ចេញពី​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​១៧ កុម្ភៈ ឆ្នាំ​១៩៥៩​។ អ្វីដែល​យើងទាំងអស់គ្នា​មាន​មោទនភាព​នោះ គឺ​ក្រោយ នៃ​ការដាក់ចេញ នូវ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានធ្វើ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព មានការ​អភិវឌ្ឍន៍ និយាយ​រួម​ដោយឡែក ខេត្តរតនគិរី ក៏​ទទួលបាន​សមិទ្ធផល​ថ្មីៗ ដូច​ខេត្ត​ដ៏ទៃទៀត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×