Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាត​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥

spot_img

​ភ្នំពេញ ​៖ តាម​ការស្រាវជ្រាវ​ចម្កា​រ​មីន​មូលដ្ឋាន​បាន​បង្ហាញថា កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​សង្ស័យថា មាន​មីន សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥ និង​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​ ។​

​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ជូន​ជនរួមជាតិ ក្នុងឱកាស​ទិវា​ជាតិ​យល់ដឹង​អំពី​មីន លើក​ទី​២០ បាន​លើកឡើង​ថា ថ្ងៃទី​២៤​ខែ​កុម្ភៈ ជា​ខួប​លើក​ទី​២០ ទិវា​ជាតិ​យល់ដឹង​អំពី​មីន ដើម្បី​រំលឹក​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជា​ពិសេស​បងប្អូន​ជនរួមជាតិ ដែល​រស់នៅ​តំបន់​រង​ផលប៉ះពាល់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយសារ​គ្រាប់​ទាំងនោះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា គ្រាប់មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ដែល​ជា​កេរ្តិ៍ដំណែល​បន្សល់ទុក​ពី​សង្គ្រាម ឥណ្ឌូចិន និង​ជម្លោះ​ផ្ទៃក្នុង​កម្ពុជា អស់​រយៈពេល​ជាង​បី​ទសវត្សរ៍ មិន​ត្រឹមតែ​បង្ក​សោកនាដកម្ម ដ៏​ធ្ងន់ធ្ងរ​ចំពោះ​អាយុជីវិត សុខភាព ប្រជាពលរដ្ឋ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ឧបសគ្គ សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ​ទៀតផង​។ ដើម្បី​ដោះស្រាយ​បញ្ហា​រាំងស្ទះ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​វិស័យ​សកម្មភាព​មីន​ជា​គោលដៅ​ទី​១៨ នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​បាន​បញ្ចូល​វិស័យ​នេះ ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន​។ ក្រោម​នយោបាយ ឈ្នះ​ឈ្នះ នៅ​ឆ្នាំ​១៩៩៨ កម្ពុជា​ទទួលបាន​សន្តិភា​ពេញលេញ​ទូទាំង​ប្រទេស ដែល​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាលមានល​ទ្ធភាព​គ្រប់គ្រាន់​ចាត់ចែង​ការងារ​វិស័យ​សកម្មភាព​មីន នៅ​គ្រប់​តំបន់​ដែល​រង​ការគំរាមកំហែង ដោយសារ​គ្រាប់​ទាំងនោះ ប្រកបដោយ​ប្រសិទ្ធភាព​។ គិត​មកដល់​ឆ្នាំ​២០១៩ សកម្មភាព​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​លក្ខណៈ​មនុស្សធម៌​នៅ​កម្ពុជា​មាន​រយៈពេល​២៧​ឆ្នាំ​មកហើយ​។ ពី​ឆ្នាំ​១៩៩២ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៨ បានសម្រេច​រំដោះ​ដី​មីន​បាន​ជាង ១.៨០២ គីឡូម៉ែត្រ​ក្រឡា ជូន​ប្រជាពលរដ្ឋ​សម្រាប់​កសាង​ភូមិដ្ឋាន ធ្វើស្រែ​ចំការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​នានា និង​បាន​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១.០៦២.៦៦១​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ចំនួន​២៤.៨៣២​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ២.៧៦៧.០២០​គ្រាប់ ព្រមទាំង​បាន​ធ្វើឲ្យ​ចំនួន​ជន​រង​គ្រោះ​ធ្លាក់ចុះ​ពី​៤.៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ មក​ត្រឹម​៥៨​នាក់ ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ​។ ទន្ទឹង​នឹង​នេះ គ្រោះថ្នាក់​ដោយសារ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម ក៏​នៅតែ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​យើង​ធ្លាក់ខ្លួន​ពិការ ស្លាប់​បាត់បង់​ជីវិត មនុស្ស សត្វពាហនៈ និង​ខូតខាត​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា ដើម្បី​បន្ត​ដោះស្រាយ​នូវ​បញ្ហា​គំរាមកំហែង​ទាំងឡាយ ដែល​បន្សល់ទុក​ដោយសា​រ​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​គ្រាប់បែក​ចង្កោម រាជរដ្ឋាភិបាល​កម្ពុជា ទើបតែ​អនុម័ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥ ក្នុង​គោលបំណង​បំផ្លាញចោល​គ្រាប់លា​ក់មុខ​ទាំងនោះ ឲ្យ​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​២០១៥​។ ផ្អែក​តាម​លទ្ធផល​ពី​ការស្រាវជ្រាវ​ចម្ការមីន​មូលដ្ឋាន​បាន​បង្ហាញថា កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​សង្ស័យថា​មាន​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​គ្រាប់បែក​ចង្កោម ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ក្រឡា​ទៀត ដែល​ត្រូវ​ធ្វើការ​បោសសម្អាត​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៥ និង​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សម្តេច​តេជ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំណោះ​ប្រទេស​ជា​មិត្ត ដែគូ​អភិវឌ្ឍន៍ បណ្តា​អង្គការ​ជាតិ អន្តរជាតិ និង​ប្រតិបត្តិការ​សកម្មភាព​មីន ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បោស​សម្អាតិ​មីន​នៅ​កម្ពុជា ដើម្បី​សង្គ្រោះ​ជីវិត កាត់បន្ថយ​គ្រោះថ្នាក់ និង​លើកកម្ពស់​សុវត្ថិភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ឲ្យបាន​ប្រសើរ​ជាលំដាប់ រួមចំណែក​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ឲ្យបាន​កាន់តែ​រុងរឿង​ឆាប់រហ័ស​ថែមទៀត​ ៖ ​ដោយ​ ៖ ​កូឡាប​

spot_img
×