Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំ​បរិភោគ​ត្រី​ក្រពត​ដែល​មាន​ជាតិពុល​

spot_img

​ភ្នំពេញ ​៖ ក្រសួង​សុខាភិបាល បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ កុំ​បរិភោគ​ត្រី​ក្រពត​ចំនួន​៣​ប្រភេទ មាន​ជាតិពុល នៅក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង និង​ស្ពែម របស់​វា មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់ អាច​បណ្តាលឱ្យ​មនុស្ស​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​នៅពេល​ជាតិពុល បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល​។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សុខាភិបា​ល នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា ដោយសារ​តែ​ករណី​ស្លាប់​បង្កឡើង​ដោយ​ការបរិភោគ​ត្រ​ក្រពត​នៅតែ​បន្ត​កើតមាន នៅ​បណ្តា​ខេត្ត​មួយចំនួន ក្រសួង​សុខាភិបាល ប្រកាសថា ចាប់តាំងពី​ឆ្នាំ​២០១៧​មក ដល់​ថ្ងៃ​ទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩ មាន​ករណី​ពុល និង​បណ្តាលឲ្យ​ស្លាប់ ដោយសារ​ការបរិភោគ​ត្រី​ក្រ​ពត ចំនួន​៥​នាក់ ក្នុង​ចំណោម​អ្នក​ឈឺ​ចំនួន​៤០​នាក់ ដែល​ករណី​នេះ បាន​កើតឡើង​នៅ​ខេត្តក្រចេះ​ចំនួន​២​លើក ក្នុង​ឆ្នាំ​២០១៧ ខេត្ត​កោះកុង ១​លើក​ក្នុង​ឆ្នាំ​២០១៨ ខេត្តសៀមរាប​១​លើក ក្នុង​ឆ្នាំ​២០១៨ និង​ខេត្ត​បន្ទាយមានជ័យ ៣​លើក​ដែល​២​លើក កើត​ក្នុង​ឆ្នាំ​២០១៧ និង​១​លើក​ទៀត ទើប​កើតមានឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​នេះ ដែល​ករណី​ចុងក្រោយ​នេះ កើតមាន​លើ​គ្រួសារ​មួយ​ដែល​បណ្តាលឲ្យ​ពុល​ឈឺ​៥​នាក់ ក្នុង​នោះ​ស្លាប់​ម្នាក់​។ ក្នុងប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន ១០​ប្រភេទ ក្នុងនោះ​មាន ៣​ប្រភេទ​មាន​ជាតិពុល​, តាម​ការស្រាវជ្រាវ បាន​រកឃើញថា ត្រី​ក្រពត​ដែល​មាន​ជាតិពុល​នោះ រួមមាន​៖ Tetraodon cochinchinensis, Monotrete leiurus និង​Tetraodon fluviatilis ត្រី​ក្រពត​ទាំងនេះ ពេល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​អាច​បណ្តាលឲ្យ​ស្លាប់​បាន​។​

​ត្រី​ក្រពត​ដែល​មាន​សារធាតុពុល​ទាំង​៣​ប្រភេទ​ខាងលើ​នេះ មាន​ជាតិពុល​ខ្ពស់​បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើតឡើង​នៅក្នុង​ខែ​កុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។​ ​ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង និង​ស្ពែម របស់​វា មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។​

​សម្រាប់​រោគសញ្ញា​ចាប់ផ្តើម​ក្នុង​រយៈពេល ២០​នាទី ទៅ​២​ម៉ោង បន្ទាប់ពី​បាន​បរិភោគ​ត្រី​បែបនេះ រោគសញ្ញា រួមមាន រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ បន្ទាប់មក​មាន​អាការៈ ឈឺក្បាល​វិលមុខ រមាស់​ចាក់ៗ​នៅ​ចុង​អវៈយវៈ មាន​ការពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រា​ក ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្តាលឲ្យ​ស្លាប់​តែ​ម្តង​។​

​ជាថ្មី​ម្តងទៀត​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក ណែនាំ និង​អំពាវនាវ​ដល់​សាធារណ​ជន​ទាំង​អស់ ឲ្យមាន​ការប្រុងប្រយ័ត្ន និង​ចូលរួម​អនុវត្ត​វិធានការ បង្ការ​ការពុល​ចំណីអាហារ ពិសេស​ការរួម​គ្នា​អនុវត្តន៍ ឲ្យបាន​ខ្ជាប់ខ្ជួន នូវ​អនាម័យ​ចំណីអាហារ​ល្អ គ្រប់ៗ​គ្នា ចាប់តាំងពី​អ្នក​បរិភោគ​រហូត ដល់​អ្នក​បម្រើ​អាហារ ដើរ​តួនាទី​សំខាន់ ក្នុង​ការលើកកម្ពស់ សុវត្ថិភាព​ចំណីអាហារ ចាប់តាំងពី​ការរៀបចំ ចំណីអាហារ របៀប​ទុកដាក់ និង​ពេល​ចម្អិន​អាហារ​។ ដើម្បី​ជៀសវាង​បាន​នូវ​បញ្ហា​សុខភាព ដែល​អាច​ធ្វើ ឲ្យ​បាត់បង់​ជីវិត​បាន និង​ដើម្បី​ចៀសផុត​ពី​ការពុល​ត្រី​ក្រពត​ដូច​ករណី​ខាងលើ “​សូម​បងប្អូន​ប្រជាពលរដ្ឋ សូម​កុំ​បរិភោគ​ត្រី​ក្រពត​ដែល​មាន​ជាតិពុល​” ដោយសារ​វា​មាន​ជាតិពុល​នៅក្នុង​ខ្លួន​វា ដែល​អាច​បណ្តាលឲ្យ​ស្លាប់​បាន​។ ជាតិពុល​នៅក្នុង​ខ្លួន​ត្រី​ក្រពត​នេះ មិន​អាច​កម្ចាត់​ចោល​បានទេ ទោះបីជា​បាន​ចម្អិន ឬ​ដាក់​ឲ្យ​កក​ក៏ដោយ​ ៕ ​ដោយ​ ៖ ​កូឡាប​

 

 

spot_img
×