Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានការ​បញ្ជាក់​ពី​ជម្លោះ​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​គេហទំព័រ​ស៊ី​អ៊ី​អិន​ចុះផ្សាយ​ព័ត៌មាន​មួយ​ដែលមាន​ចំណងជើង​ថា “​ស្ថានទូត​បារាំង មិន​ឲ្យ​ទិដ្ឋាការ​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច , សហគមន៍​ទាមទារ​រក​យុត្តិធម៌​” កាលពី​ថ្ងៃទី​១២ ខែ កុម្ភៈ ឆ្នាំ​២០១៩​កន្លងមក​នោះ ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី ( SOCFIN-KCD) ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​បញ្ជាក់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​កាលពី​ថ្មីៗ​នេះ បានចេញ​ផ្សាយ​ព័ត៌មាន ទាក់ទង​ទៅនឹង​ជម្លោះ​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅ​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី​ ។​

​សូមបញ្ជាក់ថា តំណាង​ជនជាតិភាគតិច​ព្នង ជាង​១០០​នាក់ បានធ្វើ​សន្និសីទកាសែត នា​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​អគារ Meta House ទល់មុខ​មជ្ឈមណ្ឌល​ភ្នំពេញ ផ្លូវ​លេខ​៣៧ មហាវិថី​សម្តេច​សុធារស នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់ ដែល​ស្ថានទូត​បារាំង​បដិសេធ មិន​ឲ្យ​ទិដ្ឋាការ​ដល់ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច ​។​

​បើតាម​ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី ( SOCFIN-KCD) គឺជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​គ្រប់គ្រង​ផ្ទៃដី​ដាំ​ដំណាំ​កៅស៊ូ នៅ​ខេត្តមណ្ឌលគិរី និង​មានការ​ប្តេជ្ញាចិត្ត​ស្មើភាព​គ្នា​ចំពោះ​សហគមន៍ ដោយ​ធ្វើ​ការរក្សា​ប្រតិបត្តិការ​របស់ខ្លួន ដូច​បាន​រៀបរាប់​នៅក្នុង​សេចក្ដីប្រកាស​ជា​សាធារណៈ នៃ “​ការប្តេជ្ញាចិត្ត​មិន​កាប់បំផ្លាញ​ព្រៃឈើ​” ​។​

​មុននឹង​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន ក្រុមហ៊ុន​បាន​ចុះ​វាយតម្លៃ​ដោយ​ប្រុងប្រយ័ត្ន នូវ​ដី​សម្បទាន​ដែលមាន​សក្តានុពល​ផ្សេងៗ​គ្នា​។ ដី​សម្បទាន​មួយចំនួន ត្រូវបានធ្វើ​ការបដិសេធ ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា​ចំពោះ​ផលប៉ះពាល់​សង្គម ឬ​បរិស្ថាន ហើយ​វា​ស្ថិត​ខាងក្រៅ​ក្របខណ្ឌ​ដែល​អនុញ្ញាត និង​មិន​ស្របតាម​គុណ​តំលៃ​របស់​ក្រុមហ៊ុន​។ ដី​សម្បទាន ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) សព្វថ្ងៃនេះ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ ២០០៩ និង​ឆ្នាំ​២០១០​។​ពុំមាន​សកម្មភាព​ណាមួយ ត្រូវបាន​ចាប់​ផ្តើមធ្វើ​នៅ​លើដី​សម្បទាន​ទាំងនេះ​នោះទេ លុះត្រាតែ តម្រូវការ​ទាំងអស់ ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល ត្រូវបាន​បំពេញ​និង​បញ្ចប់ រួមទាំង​របាយការណ៍​បឋម នៃ​ការវាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម (IESIA) ដែល​បាន​ដឹកនាំ​សកម្មភាព​អភិវឌ្ឍន៍ និង​ចងក្រង​ជា​ឯកសារ​ជា​សាធារណៈ ​។​

​លើសពីនេះទៅទៀត នៅក្នុង​អំឡុងពេល​នៃ​ការវាយតម្លៃ និង​នៅពេល​ចាប់ផ្តើម​សកម្មភាព​នីមួយៗ​លើដី​សម្បទាន ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) តែងតែមាន​ការសន្ទនា​ជាប្រចាំ និង​ជា​បន្តបន្ទាប់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​កិច្ចប្រជុំ​ជា​សាធារណៈ​បើកចំហ​ជាច្រើន និង​នៅ​ស្នាក់ការ​របស់​ក្រុមហ៊ុន​ផ្ទាល់ ដែល​ត្រូវបាន​ហៅថា “​រដ្ឋបាល​ព្នង​”​ ។​

​ចន្លោះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១២ ជំរើស​ការទូទាត់​សំណង​ដ៏​ទូលំទូលាយ​មួយ ត្រូវបាន​បង្ហាញ​ដល់​ប្រជាពលរដ្ឋ ដែល​ទទួលរង​ផលប៉ះពាល់​។ បើទោះបីជា​ការវាយតម្លៃ​ដំបូង ត្រូវបាន​បង្ហាញថា ផ្ទៃដី​ដាំ​ដុះ​និង​ដំណាំ​មាន​ទំហំ​ត្រឹមតែ ១,១៩៣ ហិកតា​ក៏ដោយ តែ​ក្រុមហ៊ុន​បានផ្តល់​សំណង​ក្នុង​ទំហំ​សរុប​ចំនួន ១,៣៤៨ ហិកតា​។ កម្មវិធី​សំណង​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ប្រើប្រាស់​ភាសា​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ ដោយ​រដ្ឋបាល​ព្នង ដែលមាន​វត្តមាន​ប្រជាពលរដ្ឋ មកពី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ប៊ូ​ស្រា​ផងដែរ ដើម្បី​ធានាថា គ្រួសារ​របស់​ពួកគាត់​មាន​ទំនុកចិត្ត ទៅលើ​ដំណើរការ និង​លទ្ធផល​របស់​វា​។ គិត​ត្រឹម​ដំណាច់ឆ្នាំ ២០១២ ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី Socfin-KCD បាន​ដោះស្រាយ​គ្រប់​ករណី​ទាំងអស់ ជាមួយ​គ្រួសារ​ដែល​ព្រម​ទទួល​សំណង​ចំនួន ៨១៦ គ្រួសារ​ ។​

​ក្នុងអំឡុងពេល​នោះដែរ តំបន់​នៅក្នុង​ដី​សហគមន៍ ដែល​រួមមាន តំបន់​ទីសក្ការៈ​បូជា​, ព្រៃ​តំណម​, ព្រៃ​អារក្ស និង​ព្រៃ​កប់​សព ត្រូវ​បានកំណត់​អត្តសញ្ញាណ​, គូស​ផែនទី និង​ថែរក្សា​ដោយ​ក្រុមហ៊ុន​និង​អ្នកតំណាង​ក្នុង​តំបន់ នៃ​សហគមន៍​ជនជាតិដើម​ភាគតិច​នោះ​។ នៅក្នុង​ឆ្នាំ ២០១២ កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​ចុះហត្ថលេខា ជាមួយ​សហគមន៍​មូលដ្ឋាន ដើម្បី​បញ្ជាក់ថា ដី​ក្នុង​តំបន់​ទាំងអស់ ដែលមាន​ស្រាប់​ទាំងនោះ ត្រូវបាន​រក្សាទុក ហើយ​ពុំមាន​ជម្លោះ​ទាក់ទង​ទៅនឹង​ដី ក្នុង​តំបន់​ប្រភេទ​នោះទេ ​។​

​ដំណើរការ​ទាំងមូល ត្រូវបាន​ចងក្រង​ជា​ឯកសារ និង​ចែកចាយ​ជាមួយ​ភាគី​ទាំងអស់ ដែលមាន​ការពាក់ព័ន្ធ​។​

​នៅក្នុង​ឆ្នាំ ២០១៥ មាន​សំណូមពរ​ថ្មី ត្រូវបាន​បង្ហាញ​ដល់​ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី ( SOCFIN-KCD) បន្ទាប់ពី​ពុំមាន​ការប្ដឹងតវ៉ា​ណាមួយ ចំពោះ​បញ្ហាដីធ្លី​ក្នុង​តំបន់​នោះ​ជាង ២ ឆ្នាំកន្លងមក​។ ជាការ​ឆ្លើយតប​ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) បាន​បើក​ដំណើរការ​ឡើងវិញ នូវ​វេទិកា​នៃ​ការសន្ទនា​ត្រីភាគី ដែល​គណៈកម្មាធិការ​នៅក្នុង​វេទិកា​នោះ​រួមមាន អាជ្ញាធរ​មូលដ្ឋាន​, អ្នក​ជាប់ឆ្នោត ដើម្បី​ធ្វើជា​តំណាង​ឲ្យ​ជនជាតិដើម​ភាគតិច និង​អ្នកតំណាង​ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) ។ ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) ធ្វើការ​នេះ​ប្រកបដោយ​តម្លាភាព​ទាំងស្រុង ជាមួយ​អង្គការសហប្រជាជាតិ (UN) O.H.C.H.R នៅ​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​ជូនដំណឹង​អំពី​កិច្ចប្រជុំ​នីមួយៗ និង​ទទួលបាន​កំណត់ហេតុ​នូវរ​
​ា​ល់​កិច្ចប្រជុំ​ទាំងអស់​។ គណៈកម្មាធិការ​នេះ នៅតែមាន​សកម្មភាពរ​ហូត​ដល់​សព្វថ្ងៃនេះ ហើយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) ជាមួយ​សហគមន៍ និង​ដើម្បី​ពិភាក្សា​អំពី​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​ ។​

​ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) ជឿជាក់ថា ភាគី​ទី​បី​ដែលមាន​ភាព​ឯករាជ្យ និង​អព្យាក្រឹត​គឺ​ចាំបាច់​ដើម្បី​ធានាបាន​នូវ​ដំណោះស្រាយ ដោយ​ភាពយុត្តិធម៌​ចំពោះ​ការទាមទារ​ទាំងនេះ សម្រាប់​ភាគី​ទាំងអស់​។ នាពេល​បច្ចុប្បន្ននេះ ក្រុមហ៊ុន​និង​សហគមន៍ ត្រូវបាន​ចូលរួម​នៅក្នុង​ដំណើរការ​ស្រ​មុះ​ស្រ​មួល​ដោយ​ក្រុមហ៊ុន​សម្របសម្រួល​ឯករាជ្យ​ឈ្មោះ IMG (Independent Mediation Group)​។ ដំណើរការ​នេះ​គឺជា​គម្រោង​សាកល្បង​មួយ សម្រាប់​ប្រទេស​កម្ពុជា ហើយ​ជាការ​ស្ម័គ្រចិត្ត និង​ផ្អែកលើ​ជំនឿ​ទុកចិត្ត​។ ការពិភាក្សា​ទាំងឡាយ​ត្រូវ​រក្សា​ការសម្ងាត់​នៅពេលនេះ ហើយ​ពុំមាន​ព័ត៌មាន​ណាមួយ អាចធ្វើ​ការចែករំលែក​បាន​នោះទេ រហូត​ឈានដល់​កិច្ចព្រមព្រៀង​ចុងក្រោយ តប​តាម​ការស្នើសុំ​របស់​សហ​គម​ន៍​, អ្នកសង្កេតការណ៍ និង​ទីប្រឹក្សា​ ។​

​គម្រោង​របស់​ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) នៅក្នុង​ឃុំ​ប៊ូ​ស្រា​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ត្រូវ​បានកំណត់​, ណែនាំ និង​ដឹកនាំ​ដោយ​អាជ្ញាធរ និង​ក្រោម​ការគ្រប់គ្រង​របស់​អា​ជ្ញា​ធរ​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​។ លើសពីនេះទៅទៀត ដីចំការ​ដែល​ត្រូវបាន​អភិវឌ្ឍ​គឺជា​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) គឺជា​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​កម្ពុជា ហើយ​បុគ្គល​ដែល​ពាក់ព័ន្ធ​គឺជា​ជនជាតិខ្មែរ​។ ដូច្នេះ​យុត្តាធិការ​ផ្នែក​ច្បាប់ ដែល​សមស្រប​ក្នុងការ​ដោះស្រាយ​រឿងក្តី​នេះ គួរតែ​ត្រូវធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា ​។​

​ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី Socfin-KCD ក៏​ចង់​ធ្វើការ​កែតម្រូវ​និង​ផ្ដល់​ការឆ្លើយតប ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី​ការចោទប្រកាន់​របស់​ស​ហគ​មន៍​មកលើ​ក្រុមហ៊ុន កាលពី​សបា្តហ៍​មុន ដូចខាងក្រោម​នេះ ​៖

​មានតែ​សមាជិក​សហគមន៍​ចំនួន ៧៧​នាក់ ប៉ុណ្ណោះ​ដែល​បានដាក់​ពាក្យ​បណ្តឹងរដ្ឋប្បវេណី មិនមែន​ចំនួន ១១៤​នាក់ ដូច​ការចុះផ្សាយ​នោះទេ ​។​

​ឃុំ​ប៊ូ​ស្រា មាន​ប្រជាពលរដ្ឋ​ជាង ៦៥០០ នាក់​។ ក្រុមហ៊ុន​សុក​ហ្វី​ន – ខេ​ស៊ី​ឌី (Socfin-KCD) សុំ​សួរថា មានតែ ៧៧ នាក់​ប៉ុណ្ណោះ ដែល​បានដាក់​ពាក្យ​បណ្តឹងរដ្ឋប្បវេណី តែ​អ្នកតំណាង​បែរជា​បាន​និយាយថា​តំណាងឱ្យ​ប្រជាពលរដ្ឋ និង​ស្ថានភាព​នៅក្នុង​ឃុំ​ទាំងមូល ​។​

​សមាជិក​សហគមន៍​ចំនួន ៧៧​នាក់ ត្រូវបាន​ដោះស្រាយ​តាម​សំណូមពរ​ជាមួយ​ក្រុមហ៊ុន ដើម្បី​ដក​ពាក្យបណ្ដឹង​រដ្ឋប្បវេណី ប៉ុន្តែ​ត្រូវបាន​គេ​រាយការណ៍​មក​ថា មិន​បានទទួល​ការឆ្លើយតប​ពី​មេធាវី​របស់​ពួកគេ​ ។​

​បុគ្គល​ដែល​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត ត្រូវបាន​ណែនាំ​ខ្លួន​ថា គឺជា​អ្នកតំណាង​ឲ្យ​សហគមន៍​ទាំងមូល តែ​ទោះបីជា​យ៉ាងណាក៏ដោយ ពួកគេ​គ្រាន់តែ​ជា​បុគ្គល ដែល​ទាមទារ​សំណង​នៅ​ប្រទេស​បារាំង ក្រោម​ឈ្មោះ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​ពួកគេ​ទាំងអស់នោះ​មិនមែនជា​អ្នកតំណាង ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស ដោយ​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​នោះទេ​ ។​

​មនុស្ស​២​នាក់ ក្នុងចំណោម ១១​នាក់ ដែល​បាន​រៀបរាប់​នៅក្នុង​សន្និសីទ​សារព័ត៌មាន គឺ​ពុំមាន​ការជាប់​ពាក់ព័ន្ធ​នោះទេ​។ គឺមាន​តែ ៩​នាក់​ប៉ុណ្ណោះ ដែលជា​អ្នក​ទាមទារ​សំណង ​។​

​ក្រុមហ៊ុន សុក​ហ្វី​ន – ខេ​ស៊ី​ឌី Socfin-KCD ជឿជាក់ថា ការគ្រប់គ្រង​ប្រកបដោយ​ទំនួល​ខុសត្រូវ និង​ភាពជា​ដៃគូ​ដ៏​រឹងមាំ របស់​ភាគី​ពាក់ព័ន្ធ បង្កើត​នូវ​គុណ​តម្លៃ និង​ការរួមចំណែក ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ខណៈពេលដែល​យើង​ធ្វើការ ដើម្បី​បង្កើត​នូវ​គុណ​តម្លៃ នៃ​រាល់​ការអភិវឌ្ឍ​របស់​យើង ការយកចិត្តទុកដាក់​លើ​ការអនុវត្ត​ចំពោះ​បរិស្ថាន និង​សង្គម​នៅក្នុង​ខ្សែសង្វាក់ គឺជា​តម្លៃ​ស្នូល​ដ៏​សំខាន់​របស់​ក្រុមហ៊ុន ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×