Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ADB នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា លើ​កិច្ច​អភិវឌ្ឍ ​ស្របតាម​យុទ្ធសាស្ត្រ​

spot_img

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ទេសាភិបាល​កម្ពុជា​ប្រចាំ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទទួល​ជួប​សវន​ការ​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា នាយក​ប្រតិបត្តិ​របស់ ADB ដឹកនាំ​ដោយ​លោក ស៊ី​វ៉ា​ជី ក្សត្រា​ប៉ា​ទី (Mr. Shivaji Kshatrapati) នាយក​ប្រតិបត្តិ​របស់ ADB ទទួលបន្ទុក​ប្រទេស​អាហ្គានីស្ថាន​, បង់​ក្លា​ដេ​ស​, ប៊ូ​តាន់​, ឥណ្ឌា​, ឡាវ​, តាជី​គី​ស្ថាន​, និង​តួ​កមេ​នី​ស្ថាន​, នា​ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលា​ម៉ោង ៤:០០ រសៀល​, នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច បាន​ថ្លែងថា នាយក​ប្រតិបត្តិ​របស់ ADB មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​គោលបំណង​ស្វែងយល់​ពី​ស្ថានភាព​នៃ ការគ្រប់គ្រង​សេដ្ឋកិច្ច​, ថវិកា និង​បំណុល និង​ការអភិវឌ្ឍន៍​ប្រទេស​របស់​កម្ពុជា​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការ​អ​ញ្ជី​ញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​គណៈប្រតិភូ ADB ហើយ​បាន​សម្តែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ របស់ ADB ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា​។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​ជម្រាបជូន​ប្រតិភូ​អំពី​ស្ថានភាព​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា ដែល​កំពុង​សម្រេចបាន នូវ​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ទោះបី​ត្រូវ​ជួបប្រទះ នូវ​បញ្ហា​ប្រឈម​និង​ហានិភ័យ ពី​ខាងក្រៅ​មួយចំនួន​ក៏ដោយ ដែល​ប្រការនេះ គឺជា​ការ​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​កំពុងតែ​ដើរ​នៅលើ​ផ្លូវត្រូវ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន កំណើន​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​ឆ្នាំ​២០១៨ និង តាម​ការព្យាករណ៍​កំណើន​សេដ្ឋកិច្ច​នេះ នឹង​អាច​នៅតែ​សម្រេចបាន​ប្រមាណ​៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ នេះ​ផងដែរ​។ ចាប់ពីពេលនេះ​តទៅ ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​មួយឆ្នាំ នឹង​ជួយ​កម្ពុជា ឱ្យ​ឈានទៅ​សម្រេចបាន ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ADB ដែល​បានផ្តល់​ដល់​កម្ពុជា ទាំង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ចំណេះដឹង និង​ចំណេះធ្វើ ដល់​វិស័យ​អាទិភាព ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ផ្លូវថ្នល់ ធារាសាស្ត្រ អគ្គិសនី ទឹកស្អាត អប់រំ និង​សុខាភិបាល ។​ល​។ ហើយ​ដែល​បានរួម​ចំណែក​ក្នុងការ​ជំរុញ​កំណើន សេដ្ឋកិច្ចកម្ពុជា ប្រកបដោយ​ចីរភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​លោក ក្សត្រា​ប៉ា​ទី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល និង​អបអរសាទរ​ចំពោះ ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច ដោយ​រក្សាបាន​នូវ​ចីរភាព​នៃ​កំណើន​ក្នុង​រង្វង់​៧​ភាគរយ ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ ការគ្រប់គ្រង​អតិផរណា​ឲ្យ​នៅ​ទាប ការគ្រប់គ្រង​ថវិកា​បាន​រឹងមាំ​ល្អ និង​ការគ្រប់គ្រង បំណុល​ប្រកបដោយ​ចីរភាព ព្រមទាំង​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​មុន​កាលកំណត់​។​

​ទន្ទឹមនេះ លោក​បាន​ជម្រាប​ថា ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ ២០១៩-២០២៣, ADB នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា លើ​កិច្ច​អភិវឌ្ឍ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ និង​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ជាពិសេស គឺ​ផ្តោតលើ​ការវិនិយោគ​លើ​ការបង្កើន​ទិន្នផល​កសិកម្ម​, ការតភ្ជាប់​ទីជនបទ ទៅកាន់​ទីប្រជុំជន​, ការផ្គត់ផ្គង់​អគ្គិសនី​ដោយ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​, ការរៀបចំ​ផែនការអភិវឌ្ឍន៍​ទីក្រុង​, ការអភិវឌ្ឍន៍​វិស័យ​អប់រំ​កម្រិត​ទុតិយភូមិ​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការធ្វើ​វិមជ្ឈការ​សេវាសាធារណៈ​។ ជាមួយគ្នា ADB គាំទ្រ​ដល់​ដំណើការ​អភិវឌ្ឍន៍​វិស័យ​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​, ការអភិវឌ្ឍន៍​វិស័យ​ថាមពល​ដើម្បី កំណើនសេដ្ឋកិច្ច​ខ្ពស់​, បង្កើន​ចំណេះដឹង​ផ្នែក​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​, ការរៀបចំ​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ការរៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ ដោយមាន​ភាគី​កម្ពុជា​ជា​ម្ចាស់ ក្នុងការ​ដឹកនាំ​រៀបចំ​ឱ្យ​យុទ្ធសាស្ត្រ ឆ្លើយតប ទៅនឹង​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​របស់​កម្ពុជា ដូចជា​(១) វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, (២) គោលដៅ​អភិវឌ្ឍន៍​ប្រកប​និរន្ត​ភាព​របស់​កម្ពុជា​, (៣) ការអភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​, (៤) កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​, (៥) ការពង្រឹង​អភិបាលកិច្ច​, និង (៦) សេដ្ឋកិច្ច​ឌីជីថល ជាដើម​។​

​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្វាគមន៍​ចំពោះ​សុភ​វិនិច្ឆ័យ​របស់ ADB ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្តែងឡើង​តាមរយៈ​ការបង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការបន្ត​គាំទ្រ និង​ពង្រីក កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា​ហើយ ADB នៅតែ​បន្ត​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុង​ភាពជា​ដៃគូ​ល្អ និង​ស្មើភាព​គ្នា ។​

​ឆ្លៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​, គណៈប្រតិភូ ADB ក៏បាន​ជួបពិភាក្សា​កា​រង​ា​រ​ជាមួយ​តំណាង​ស្ថាប័ន​ផ្សេងៗ របស់​រាជរដ្ឋាភិបាល និង​តំណាង​វិស័យ​ឯកជន ព្រមទាំង​ចុះ​ពិនិត្យ​ផ្ទាល់​គម្រោង​មួយចំនួន ដែល​ហិរញ្ញប្បទាន​ដោយ ADB ដូចជា គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​តំបន់​ខ្ពង់រាប និង​ការគ្រប់គ្រង​វិស័យ​ធនធានទឹក​, គម្រោង​ពង្រឹង វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×